(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី៣០ ខែឧសភា ឆ្នាំ២០២៤នេះ បានជួបពិភាក្សាការងារជាមួយលោកស្រី Jyotsana Varma នាយិកាធនាគារអភិវឌ្ឍន៍អាស៊ី(ADB)ប្រចាំនៅកម្ពុជា។
ក្នុងកិច្ចប្រជុំដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមរដ្ឋមន្ត្រី បានបង្ហាញពីទស្សនៈវិស័យនៃការបណ្តុះបណ្តាលជំនាញបច្ចេកទេសវិជ្ជាជីវៈដល់ប្រជាពលរដ្ឋកម្ពុជា និងយុវជនក្រុមគោលដៅមកពីគ្រួសារក្រីក្រ និងងាយរងហានិភ័យ១,៥លាននាក់ដែលរាជរដ្ឋាភិបាលអាណត្តិទី៧បានដាក់ចេញជាគោលនយោបាយតាំងពីដើមអាណត្តិ។
បន្ថែមពីនេះឯកឧត្តមរដ្ឋមន្ត្រី ក៏បានបញ្ជាក់ពីវឌ្ឍនភាពស្តីពីការបណ្តុះបណ្តាលជំនាញដែលក្រសួងបានបណ្តុះបណ្តាលដើម្បីធ្វើឱ្យកម្ពុជាមានកម្លាំងពលកម្មដែលពឹងផ្អែកលើជំនាញក្នុងគោលបំណងធានាបាននូវការប្រកួតប្រជែង និងទាក់ទាញវិនិយោគិន រួមទាំងការបង្កើនផលិតភាពការងារខ្ពស់ជាងមុនបន្ថែមទៀត។
ទន្ទឹមនឹងនេះ លោកស្រី នាយិកាADBប្រចាំកម្ពុជា បានអបអរសាទរចំពោះវឌ្ឍនភាពដែលក្រសួងការងារបានប្រឹងប្រែងដើម្បីផ្តល់ជំនាញវិជ្ជាជីវៈដល់ប្រជាពលរដ្ឋ និងយុវជនដែលជាកម្លាំងពលកម្មដ៏សកម្ម។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ីដែលជាដៃគូដ៏សំខាន់មិនអាចខ្វះបានលើការអភិវឌ្ឍជំនាញបច្ចេកទេស និងវិជ្ជាជីវៈនៅកម្ពុជាខណៈដែលកម្ពុជាទទួលបានជំនួយពីADB តាំងពីឆ្នាំ១៩៩៤ រហូតដល់បច្ចុប្បន្ន៕