រដ្ឋមន្ត្រីការពារជាតិអាមេរិក ធ្វើដំណើរមកដល់កម្ពុជាហើយ ដើម្បីបំពេញទស្សនកិច្ចមួយថ្ងៃ

(ភ្នំពេញ)៖ លោក ឡយ អូស្ទីន (Lloyd Austin) រដ្ឋមន្ត្រីការពារជាតិអាមេរិក បានអញ្ជើញមកដល់ប្រទេសកម្ពុជាហើយនៅវេលាម៉ោងប្រមាណ៩ព្រឹកថ្ងៃអង្គារ ទី៤ ខែមិថុនា ឆ្នាំ២០២៤នេះ។

ដំណើរអញ្ជើញដល់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ របស់លោក ឡយ អូស្ទីន ទទួល​បានការស្វាគមន៍ពីមន្ត្រីជាន់ខ្ពស់ក្រសួងការពារជាតិ តំណាងអគ្គមេបញ្ជា​ការកង​យោធព​ល​​ខេមរភូមិន្ទ និងតំណាងមេបញ្ជាការកងទ័ពទាំង៣ប្រភេទរបស់កម្ពុជាផងដែរ។

បន្ទាប់ពីអញ្ជើញដល់ប្រទេសកម្ពុជារដ្ឋមន្ត្រីការពារជាតិអាមេរិក នឹងអញ្ជើញសម្តែងការ​គួរសម និងពិភាក្សាការងារដាច់ដោយឡែកពីគ្នាជាបន្តបន្ទាប់ ជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា និងឧបនា​យក​​រដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីការពារជាតិរបស់កម្ពុជា។ នៅទីស្តីការក្រសួងការ​ពារ​ជាតិ មុននឹងជំនួបពិភាក្សានោះ ក៏នឹងមានការរៀបចំពិធីទទួលបដិសណ្ឋារកិច្ចជាផ្លូវការ​ផង​ដែរ។

ដំណើរទស្សនកិច្ចរយៈពេលមួយថ្ងៃរបស់លោក ឡយ អូស្ទីន នៅកម្ពុជានាពេលនេះ ត្រូវបានគេមើលឃើញថា ជាការរួមចំណែកលើកកម្ពស់ទំនាក់ទំនង និងកិច្ចសហ​ប្រតិ​បត្តិ​ការលើវិស័យការពារជាតិរវាងកម្ពុជា និងអាមេរិក ឱ្យកាន់តែល្អប្រសើរ។

សូមបញ្ជាក់ថា ដំណើរទស្សនកិច្ចរបស់លោក ឡយ អូស្ទីន នៅកម្ពុជានាពេលនេះ គឺជាលើកទី២ហើយ។ កាលឆ្នាំ២០២២ លោក ឡយ អូស្ទីន ធ្លាប់បានអញ្ជើញមក​កម្ពុជា​ម្តងផងដែរ ដើម្បីចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី៩៕

អត្ថបទដែលជាប់ទាក់ទង