ឯកឧត្ដម គួចចំរើន ណែនាំឲ្យអាជ្ញាធរ កម្លាំងសមត្ថកិច្ច អង្គភាពជំនាញពាក់ព័ន្ធ ត្រូវធ្វើយ៉ាងណា យកចិត្តទុកដាក់ខ្ពស់ ផ្តោតសំខាន់លើបញ្ហាហានិភយ័ ទឹកជំនន់ នារដូវវស្សានេះ

កណ្ដាល ៖ ក្នុងឱកាសនាំយកអំណោយ ផ្តល់ជូនប្រជាពលរដ្ឋដែលរងគ្រោះដោយទឹកជំនន់ចំនួន៤០៤ គ្រួសារ ដែលមកពីស្រុកកណ្ដាលស្ទឹង និងក្រុងតាខ្មៅ ខេត្តកណ្តាល នារសៀលថ្ងៃទី២៩កក្កដានេះ ឯកឧត្ដម គួច ចំរើន អភិបាលខេត្តកណ្ដាល បានណែនាំឲ្យអាជ្ញាធរមូលដ្ឋាន កម្លាំងសមត្ថកិច្ច គ្រប់លំដាប់ថ្នាក់ និងអង្គភាពជំនាញពាក់ពន្ធ័ ត្រូវយកចិត្តទុកចិត្តខ្ពស់ ផ្តោតសំខាន់លើបញ្ហាហានិភយ័ទឹកជំនន់ នារដូវវស្សានេះ។
ជាមួយគ្នានេះ ឯកឧត្តម អភិបាលខេត្តបានពាំនាំនូវការផ្ដាំផ្ញើ សាកសួរសុខទុក្ខ ពីសំណាក់ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ដែលសម្ដេចតែងតែគិតគូរខ្ពស់ ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ នៅគ្រប់កាលៈទេសៈ។

នាឱកាសនោះ ឯកឧត្ដម អភិបាលខេត្ត ក៏បានណែនាំផងដែរដល់ប្រជាពលរដ្ឋរងគ្រោះ ទាំងអស់ ត្រូវរក្សាសុវត្ថិភាពខ្លួនឯង និងសមាជិកគ្រួសារ នៅក្នុងបន្ទុក កុំឱ្យមានគ្រោះថ្នាក់ ណាមួយកើតឡើងជាយថាហេតុ ជាពិសេសបង្កឡើងដោយការធ្វេសប្រហែល ចំពោះកុមារតូចៗ លេងទឹក ដែលអាចបណ្ដាលឱ្យបាត់បង់ សមាជិកក្នុងគ្រួសារដោយសារលង់ទឹក ឬសត្វអាសិរពិសខាំជាដើម។
បន្ថែមលើនេះ សូមបងប្អូនប្រជាពលរដ្ឋទាំងអស់ ត្រូវប្រកាន់ភ្ជាប់នូវការរស់នៅប្រកបដោយអនាម័យ ការហូបទឹកស្អាត ឬផឹកទឹកដាំពុះ ដើម្បីបញ្ជៀស ពីជំងឺដង្កាត់ផ្សេងៗ។

សូមបញ្ជាក់ផងដែរថាក្នុងរយៈពេលប៉ុន្មានថ្ងៃមកនេះ មានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បណ្ដាលធ្វើឱ្យស្ទឹងព្រែកត្នោត និងតំបន់មួយចំនួន មានការជន់លិច ដោយជំនន់ទឹកភ្លៀង ក្នុងនោះសង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ ប្រជាពលរដ្ឋចំនួន ១១០គ្រួសារ បានរងការជន់លិច ដោយជំនន់ទឹកភ្លៀង និងបានជំលៀស មកស្នាក់នៅបណ្តោះអាសន្ន នៅទីទួលសុវត្ថិភាព រួចហើយ និង៨៨ គ្រួសារទៀតទទួលរងនូវផលប៉ះពាល់។
ដោយឡែកនៅឃុំកណ្ដោក ស្រុកកណ្ដាលស្ទឹង ប្រជាពលរដ្ឋរងផលប៉ះពាល់ ដោយសារជំនន់ទឹកភ្លៀងមានចំនួន ២៩៤ គ្រួសារ ហើយគ្រួសារចំនួន៣៧គ្រួសារ ក៍បានជំលៀសមកស្នាក់នៅ បណ្តោះអាសន្ន នៅទីទួលសុវត្ថិភាព ផងដែរ។
អំណោយដែលផ្តល់ជូន គ្រួសាររងគ្រោះ ដោយជំនន់ទឹកភ្លៀង នាពេលនេះសរុបចំនួន៤០៤គ្រួសារ ដោយក្នុង១គ្រួសារទទួលបាន អង្ករ ២៥ គីឡូក្រាម មី ១ កេស ត្រីខ ១ យួរ ទឹកស៊ីអ៊ីវ ១យួរ ទឹកត្រី ១យួរ ទឹកសុទ្ធ ១កេស តង់ចំនួន០១ និងថវិកា មួយចំនួនទៀត៕

អត្ថបទដែលជាប់ទាក់ទង