ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរាជទូតថៃ ផ្លាស់ប្ដូរយោបល់គ្នាលើកិច្ចសហប្រតិបត្តិការវិស័យសន្តិសុខ!

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងឯកឧត្ដម Tull Traisorat ឯកអគ្គរាជទូត នៃព្រះរាជាណាចក្រថៃ ប្រចាំព្រះរាជាណាចក្រកម្ពុជា បានពិភាក្សា និងផ្លាស់ប្ដូរយោបល់គ្នាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យសន្តិសុខ។ នេះបើតាមជំនួបរវាងភាគីទាំងពីរ នៅទីស្ដីការក្រសួងមហាផ្ទៃ នារសៀលថ្ងៃចន្ទ ទី២១ ខែមករា ឆ្នាំ២០២៥។

ក្នុងជំនួបនោះ ឯកឧត្ដម Tull Traisorat ឯកអគ្គរាជទូតថៃ បានថ្លែងអំណរគុណ កោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងទ្វេភាគីរវាងប្រទេសកម្ពុជា និងប្រទេសថៃ ពិសេសកិច្ចសហប្រតិបត្តិការជាប់ព្រំដែន។ ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក៏បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហការជាមួយភាគីថៃ ក្នុងការទប់ស្កាត់ និងបង្ក្រាបបទល្មើស ការផ្លាស់ប្ដូរ និងចែករំលែកព័ត៌មាន កិច្ចសហការប្រយុទ្ធប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ព្រមទាំងការជួយគ្នាទៅវិញទៅមក ក្នុងការដោះស្រាយបាតុភាពអសកម្មផ្សេងៗ ដែលកើតមានឡើងនៅតាមតំបន់ព្រំដែន។

ឯកឧត្ដមអភិសន្តិបណ្ឌិត និងឯកឧត្តមឯកអគ្គរាជទូត សង្ឃឹមថាទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា និងប្រទេសថៃ នឹងបន្តរីកចម្រើនខ្លាំងក្លាថែមទៀត ជាពិសេសការពង្រឹងការអនុវត្តច្បាប់ ផ្លាស់ប្ដូរការងារពិភាក្សា ដើម្បីបុព្វហេតុ នៃសន្តិសុខព្រំដែន និងការអភិវឌ្ឍរីកចម្រើនសម្រាប់ប្រទេសទាំងពីរ ។

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា ក៏បានយកឱកាសនោះថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ឯកឧត្ដមឯកអគ្គរាជទូត សម្រាប់ការយកចិត្ដទុកដាក់ជំរុញកិច្ចសហការដ៏ល្អ និងដើរតួនាទីយ៉ាងសកម្ម រួមចំណែកពង្រឹងទំនាក់ទំនង និងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ កម្ពុជា-ថៃ ពិសេសលើការបង្ការឧក្រិដ្ឋកម្មតាមព្រំដែន ក៏ដូចជាវិស័យសំខាន់ៗ ជាអាទិ៍ សេដ្ឋកិច្ច នយោបាយ ពាណិជ្ជកម្ម ទេសចរណ៍ ការពារជាតិ និងសន្តិសុខ៕

អត្ថបទដែលជាប់ទាក់ទង