មន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានលើកទឹកចិត្តឱ្យប្រជាកសិករដាំដំណាំកុំប្រើសារធាតុគីមីពុល ហើយត្រូវងាកមកប្រើប្រាស់ជីធម្មជាតិវិញ ដើម្បីការពារកុំអោយប៉ះពាល់ដល់សុខភាពអ្នកបរិភោគ ។
លោក បណ្ឌិត សោម លន់ អនុប្រធាននាយកដ្ឋានសាកវប្បកម្ម និងដំណាំរួមផ្សំ នៃអគ្គនាយកដ្ឋានកសិកម្ម ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឲ្យដឹងថា ការប្រើសារធាតុគីមីពុលក្នុងការដាំដំណាំគ្រប់ប្រភេទ វាបានធ្វើឱ្យខួចគុណភាពដី និងប៉ះពាល់ដល់សុខភាពអ្នកបរិភោគ។ ដូច្នេះ កសិករគួរគប្បីរក្សាជីជាតិដីជាចាំបាច់តាមរយៈការប្រើជីធម្មជាតិដែលផ្សំឡើងពីលាមកសត្វគោ ឬស្លឹករុក្ខជាតិ ។
លោកបានកត់សម្គាល់ឃើញថា អ្នកប្រកបមុខរបរកសិកម្មភាគច្រើនកំពុងនិយមប្រើប្រាស់ជីគីមីដោយរំពឹងថានឹងបង្កើនទិន្នផលស្រូវ បន្លែ ផ្លែឈើ អាចប្រមូលផលបានច្រើន ទាន់តាមតម្រូវការបរិភោគ និងសម្រាប់លក់នៅលើទីផ្សារ។
លោកបានបញ្ជាក់ថា ក្រុមអ្នកជំនាញខាងជី និងគុណភាពដី បានព្រមានថា ការប្រើប្រាស់ជីគីមីច្រើនលើសកម្រិតធ្វើឱ្យប៉ះពាល់ដល់សុខភាពមនុស្ស គុណភាពដី ជីវៈចម្រុះ បរិស្ថាន និងជីវិតមច្ឆជាតិយ៉ាងខ្លាំង។
សំឡេង៖ « បច្ចុប្បន្ននេះយើងបានបង្កើតនូវស្តង់ដារ បច្ចេកទេសឬវិធានបច្ចេកទេសផ្សេងៗមួយចំនួនដូចជា៖វិធានការចម្រុះគ្រប់គ្រងដំណាំ មួយទៀតការអនុវត្តកសិកម្មល្អ កសិកម្មសរីរាង្គ វិធានទាំងបី គឺបានអនុវត្តវិធានការចម្រុះគ្រប់គ្រងដំណាំតាំងពីដើមមករហូតបានអនុវត្តន៍ជាយូរឆ្នាំមកហើយ ប្រហែលជាង២០ឆ្នាំមកហើយ ជាពិសេសនៅលើដំណាំស្រូវ ចំពោះ កសិកម្មល្អនេះ ទើបតែអនុវត្តបាន តែ១0 ឆ្នាំទេ ប៉ុន្តែការអនុវត្តរហូតមកដល់ពេលនេះការអនុវត្តកសិកម្មល្អនេះយើងអនុវត្តតាមសហគមន៍ ដើម្បីទទួលបាននូវ លទ្ធផលទាំងគុណភាពនិងសុវត្ថិភាពសម្រាប់ហូបចុករបស់ប្រជាជន លក់ដូរទៅដល់អតិថិជនផ្សេង មិនប៉ះពាល់ដល់សុខភាព»។
ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទបានណែនាំ ឱ្យកសិករចាប់ ផ្តើមកាត់ បន្ថយការប្រើប្រាស់ជីគីមី ហើយត្រូវមកប្រើ ជីកំប៉ុស្តិ៍ ដែលផ្សំឡើងដោយ លាមកសត្វ ស្លឹកឈើ ចំបើង សំរាម កាកសំណល់ ផ្សេងៗពីផ្ទះបាយ កំបោរ ឬ ផេះ ជាដើម ព្រោះវាអាច កែលម្អដី ធ្វើអោយដីធូរ ជាប់សំណើមបានយូរ,បង្កើនទិន្នផលច្រើនឡើងហើយសន្សំសំចៃថវិកា ព្រោះវត្ថុធាតុដើមមានស្រាប់ងាយស្រួលផលិត៕