ឯកឧត្តម គង់ សោភ័ណ្ឌ អញ្ជើញសំណេះសំណាលជាមួយយុវជនអង្គការមនុស្សធម៌សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងអង្គការខេមរាថ្កើងថ្កាន
កណ្តាល៖ រសៀលថ្ងៃអង្គារ ១០កើត ខែមិគសិរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណ:អភិបាលខេត្តកណ្តាល រួមជាមួយឯកឧត្តមតាំង ម៉េងលានអភិបាលរងខេត្តព្រមទាំង
សម្ដេចព្រះមង្គលទេព្វាចារ្យ វង្ស អានេតា ព្រះសង្ឃនាយករង នៃគណៈធម្មយុត្តិកនិកាយ នៃព្រះរាជាណាចក្រកម្ពុជា
ព្រះមេគណគណៈធម្មយុត្តិកនិកាយ និងជាព្រះចៅអធិការវត្តព្រះឥន្ទសាមគ្គីធម៌ បាននិមន្ត និងចូលរួមជាអធិបតីក្នុងពិធីសំណេះសំណាលជាមួយយុវជនអង្គការមនុស្សធម៌សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងអង្គការខេមរាថ្កើងថ្កាន នៅក្នុងបរិវេណវត្តព្រះឥន្ទសាមគ្គីធម៌ ស្ថិតនៅភូមិត្រពាំងក្រពើ ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល។
យោងព្រះថេរដីការបស់ សម្តេចមង្គលទេព្វាចារ្យ ការបង្កើតយុវជនអង្គការមនុស្សធម៌ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងអង្គការខេមរាថ្កើងថ្កាន គឺមានគោលបំណង ៖
១.អប់រំបណ្តុះបណ្តាលភាពជាអ្នកដឹកនាំដល់យុវជន និងជំនាញវិជ្ជាជីវៈដល់ប្រជាហសគមន៍។
២.បណ្ដុះគំនិតស្មារតីដល់ប្រជាសហគមន៍ឱ្យមានមនសិកាឧត្តមគតិស្នេហាជាតិ និងមានការចូលរួមអភិវឌ្ឍន៍ជាតិជាមួយរាជរដ្ឋាភិបាល ចូលរួមអនុវត្តគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព។
៣.អប់រំប្រជាសហគមន៍ឱ្យមានការយល់ដឹងពីផលប៉ះពាល់ពីគ្រឿងញៀន ច្បាប់ចរាចរ និងជួញដូរមនុស្ស។
៤.អប់រំប្រជាសហគមន៍ឱ្យមានការចូលរួម ស្រលាញ់ និងថែរក្សាបរិស្ថាន អនាម័យ សុខមាលភាពសង្គម។ ៥.លើកកម្ពស់ក្រមសីលធម៌ប្រជាពលរដ្ឋ ឱ្យរស់នៅក្នុងសង្គមប្រកបដោយសេចក្តីថ្លៃថ្នូរ។
ជាមួយគ្នានេះ ដើម្បីអនុវត្តនូវគោលបំណងខាងលើឱ្យទទួលបានជោគជ័យ ផ្តល់ផលប្រយោជន៍ដល់យុវជន ប្រជាសហគមន៍ និងសង្គមជាតិ អង្គការខេមរាថ្កើងថ្កានមានគោលដៅសម្រាប់អនុវត្តដូចខាងក្រោម៖
១.បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ដល់យុវជន និងប្រជាពលរដ្ឋ។
២.ចុះផ្សព្វផ្សាយពីគោលនយោបាយ “ភូមិ-ឃុំ មានសុវត្ថិភាព” ច្បាប់ចរាចរណ៍ បញ្ហាគ្រឿងញៀន និងច្បាប់ស្តីពីការជួញដូរមនុស្ស ដល់យុវជន និងប្រជាពលរដ្ឋ។
៣.ស្វែងរក និងផ្តល់អាហារូបករណ៍ដល់សិស្ស និស្សិតក្រីក្រ និងជួយស្វែងរកការងារដល់យុវជន។
៤.បណ្តុះបណ្តាលភាពជាអ្នកដឹកនាំដល់យុវជនឱ្យក្លាយជាអ្នកបន្តវេនសម្រាប់ថ្ងៃអនាគត (យល់ដឹងពីនយោបាយ និងមុខជំនួញ) ដើម្បីចូលរួមថែរក្សាសន្តិភាពប្រទេសជាតិ។
៥.ជួយឧបត្ថម្ភសម្ភារៈផ្សេងៗ និងហិរញ្ញវត្ថុទៅតាមលទ្ធភាពដល់ប្រជាពលរដ្ឋក្រីក្រ។
៦.បណ្តុះបណ្តាលជំនាញកសិកម្ម និងផ្តល់ពូជដំណាំផ្សេងៗ ដលប្រជាកសិករ។
៧.ចូលរួមជួយការពារសង្គមផ្សេងៗទៀត ទៅតាមលទ្ធភាព និងធនធាន។
ផ្អែកតាមគោលបំណង និងគោលដៅខាងលើ ការបង្កើតក្រុមការងារយុវជនអង្គការមនុស្សធម៌ សម្តេចព្រះមហាសង្ឃរាជ បួរ គ្រី និងអង្គការខេមរាថ្កើងថ្កាននេះឡើង មានសារៈសំខាន់ណាស់ បានផ្តល់ផលប្រយោជន៍ដល់យុវជន និងប្រជាពលរដ្ឋផ្ដល់មានចំណេះដឹងវិជ្ជាជីវៈ មានការងារធ្វើ មានមុខរបរ និងបានចូលរួមយ៉ាងសកម្មជួយដល់រាជរដ្ឋាភិបាលតាមរយៈការអនុវត្តនូវគោលនយោបាយភូមិ ឃុំ មានសុវត្ថិភាព៕