ភ្នំពេញះ នារសៀលថ្ងៃសុក្រ ១២កើត ខែបុស្ស ឆ្នាំឆ្លូវ ត្រីស័ក ព.ស.២៥៦៥ ត្រូវនឹងថ្ងៃទី១៤ ខែមករា ឆ្នាំ២០២២ លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: រួមជាមួយឯកឧត្ដម Mikami Masahiro ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំនៅកម្ពុជាបានអញ្ជើញជាអធិបតីក្នុងពិធីបើកមហោស្រពភាពយន្តជប៉ុន នៅព្រះរាជណាចក្រកម្ពុជា ដែលរៀបចំឡើងដោយមូលនិធិជប៉ុន ការិយាល័យ អាស៊ីភ្នំពេញ នៅរោងភាពយន្ត Major Cineplex សាខាអេអន ២។

ថ្លែងក្នុងឱកាសនោះ លោកជំទាវបណ្ឌិតសភាចារ្យបានសំដែង នូវការកោតសរសើរ និងវាយតម្លៃខ្ពស់ដល់ការខិតខំប្រឹងប្រែងរបស់ ស្ថានទូតជប៉ុនប្រចាំនៅ កម្ពុជា និងមូលនិធិជប៉ុន ការិយាល័យអាស៊ីភ្នំពេញ ដែលបានផ្តួចផ្តើមគំនិតរៀបចំ មហោស្រព ភាពយន្តជប៉ុន នៅក្នុង រាជធានីភ្នំពេញ។ ក្នុងកាលៈទេសៈដ៏លំបាកនៃជំងឺកូវីដ-១៩ ដែលកំពុងបន្តរាតត្បាតនៅលើសកលលោកទាំង មូល រួមទាំងកម្ពុជាផង មហោស្រពភាពយន្តជប៉ុននាឆ្នាំនេះប្រព្រឹត្តទៅតាមគន្លងប្រក្រតីភាពថ្មី ដោយត្រូវ អនុវត្តយ៉ាងម៉ត់ចត់នូវវិធានការគោលការណ៍ស្តង់ដាប្រតិបត្តិ (SOP) ដែលរៀបចំឡើងដោយក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងក្រសួងសុខាភិបាល ព្រមទាំងវិធានការនានាដែលមានជាធរមាន។

ក្រសួងវប្បធម៌និងវិចិត្រសិល្បៈចាត់ទុកថា ការរៀបចំមហោស្រពភាពយន្តជប៉ុននេះ គឺជាការជួយ ជុំរុញនិងលើកកម្ពស់ទំនាក់ទំនងទ្វេភាគីកម្ពុជា ជប៉ុន ឲ្យកាន់តែស្អិតរមួតថែមទៀត ពិសេសលើវិស័យសិល្បៈ វប្បធម៌។

សូមបញ្ជាក់ជូនថា មហោស្រពភាពយន្តរៀបចំធ្វើចាប់ពីថ្ងៃទី១៤ ដល់ថ្ងៃ២៣ ខែមករា ឆ្នាំ២០២២ ដោយចាក់ភាពយន្តជប៉ុនចំនួន១២ រឿង ជូនទស្សនិកជនទស្សនាដោយឥតគិតថ្លៃ៕

អត្ថបទដែលជាប់ទាក់ទង