ពិធីបិទវគ្គបណ្តុះបណ្តាល អប់រំផ្សព្វផ្សាយ ការយល់ដឹង អំពីសំណល់ជាតិផ្ទុះពីសង្គ្រាម

កណ្ដាល៖ ដើម្បីឆ្លើយតប និងមានប្រសិទ្ធភាពក្នុងការអនុវត្តផែនការយុទ្ធសាស្រ្តកាត់បន្ថយអត្រាគ្រោះ ថ្នាក់ដោយសារមីន ឬសំណល់ជាតិផ្ទុះពីសង្គ្រាម របស់កងកម្លាំងនគរបាលជាតិ ក្រសួងមហាផ្ទៃ មន្ត្រី ដែលកំពុងបំពេញតួនាទីតាមបណ្ដាអធិការដ្ឋាននគរបាលក្រុង ស្រុក និង ឃុំ សង្កាត់ ត្រូវតែមាន ជំនាញវិជ្ជាជីវៈពិតប្រាកដ ដើម្បីឆ្លើយតបតាមសំណើរសុំជួយអន្តរាគមន៍ពីប្រជាពលរដ្ឋ នៅពេលគាត់ រាយការណ៍អំពី មីន ឬសំណល់ជាតិផ្ទុះពីសង្គ្រាម ហើយមន្ត្រីរបស់យើងក៍ត្រូវគិតគូរអំពីសុវត្ថិភាព ផ្ទាល់ខ្លួនផងដែរ។ នៅស្នងការនគរបាលខេត្តកណ្ដាល នារសៀលថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ បានរៀបចំពិធីបិទវគ្គបណ្តុះបណ្តាល អប់រំផ្សព្វផ្សាយ ការយល់ដឹង អំពីសំណល់ជាតិផ្ទុះពីសង្គ្រាម ក្រោមអធិបតីភាពឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងឯកឧត្តម ឧត្តមសេនីយ៍ទោ ជា សណ្តាប់ ជាប្រធាននាយកដ្ឋានគ្រប់គ្រងជាតិផ្ទុះ។
មានប្រសាសន៍ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើងថា វគ្គបណ្តុះបណ្តាលនេះ ស្របតាមយុទ្ធសាស្ត្រចតុកោណដំណាក់កាលទី៤ នីតិ កាលទី៦ របស់រាជរដ្ឋាភិបាល ដែលមានសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាប្រមុខដឹកនាំដ៏ត្រឹមត្រូវ មានចក្ខុវិស័យ ច្បាស់លាស់។
ឯកឧត្តម បន្តថា រាជរដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយ សម្តេចអគ្គមហាសនាបតីតេជោ ហ៊ុន សែន នាយក រដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ធ្វើឱ្យប្រទេសជាតិទាំងមូល មានសន្តិភាព ឯកភាពជាតិ ដែល ប្រទេសកម្ពុជាមិនធ្លាប់មានជាង ៥០០ឆ្នាំកន្លងមកហើយ ព្រមទាំងមានការវិវត្តន៍រីកចម្រើន និងសម្រេចបានការងារធំៗជាច្រើនលើគ្រប់វិស័យ ជាពិសេសការងារប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដោយបានដាក់ចេញនូវបទបញ្ជានានា និងគោលនយោបាយគាំទ្រដល់ប្រជាពលរដ្ឋដែលរងទទួលផលប៉ះពាល់ពីជំងឺកូវីដ-១៩ ព្រមទាំងបានដាក់ចេញនូវវិធានការ“ពាការពារ និង ៣កុំ” ជាយ័ន្តដ៏ ស័ក្ដិសិទ្ធិ ក្នុងការទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩។
ទន្ទឹមនឹងនោះផងដែរឯកឧត្តមអភិបាលខេត្តបានវាយតម្លៃខ្ពស់ និងកោតសរសើរដល់នគរបាលនៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានបំពេញការងារទៅតាម តួនាទី ភារកិច្ច នា ពេលកន្លងមក បានយ៉ាងល្អប្រសើរ ពិសេសក្នុងយុទ្ធនាការនៃការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ នាពេលកន្លងមក។
ឯកឧត្តម ឧត្តមសេនីយ៍ទោ ជា សណ្តាប់ ជាប្រធាននាយកដ្ឋានគ្រប់គ្រងជាតិផ្ទុះ បានឲ្យដឹងថាគោលបំណងនៃវគ្គបណ្ដុះបណ្ដាលនេះ គឺចង់ឱ្យសិក្ខាកាមទាំងអស់ស្វែងយល់អំពី ច្បាប់ស្ដីពីអាវុធជាតិផ្ទុះ និងគ្រាប់រំសេវ អត្តសញ្ញាណ និងការវិភាគ និងវិធានការការពារគ្រឿងផ្ទុះ អំពីការរាយការណ៍ និងការទាក់ទងប្រតិបត្តិករកំចាត់មីន ព្រមទាំងការវាយតម្លៃលើភាពគ្រោះថ្នាក់ និងមិនគ្រោះថ្នាក់ពីសំណល់គ្រឿងផ្ទុះ ជាពិសេសបង្ហាញពីការប្ដេជ្ញាចិត្តខ្ពស់របស់មន្ត្រីនគរបាលជាតិ របស់ស្នងការដ្ឋានរាជធានី-ខេត្ត ក្នុងការចូលរួមឱ្យកាន់តែស៊ីជម្រៅលើកិច្ចការពារសំណល់ជាតិផ្ទុះដែលសល់ពីសង្គ្រាម ស្របតាមគោលនយោបាយភូមិឃុំមានសុវត្ថិភាព របស់រាជរដ្ឋាភិបាលដែលមានសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ជាមគ្គទេសក៍ដឹកនាំដ៏ឈ្លាសវៃ ប៉ិនប្រសព្វ ។
ឯកឧត្តម ឧត្តមសេនីយ៍ទោ បន្តថា ដើម្បីដោះស្រាយ និងកិច្ចអន្តរាគមន៍ឱ្យបានទាន់ពេលវេលា ដើម្បីបញ្ចៀសនូវគ្រោះថ្នាក់ជាយថាហេតុ ដោយសារសំណល់ជាតិផ្ទុះគ្រប់ប្រភេទ កងកម្លាំងនគរបាល និងប្រជាពលរដ្ឋ ត្រូវធ្វើការទំនាក់ទំនងដល់ប្រតិបត្តិករសំអាតមីន កំចាត់មីនជាបន្ទាន់ សូមកុំប៉ះពាល់ឬព្យាយាមយកចំណេះដឹង របស់យើងទៅសាកល្បងគ្រឿងផ្ទុះទាំងនោះជាដាច់ខាត ខណៈពេលដែលយើងមិនទាន់មានអ្នកជំនាញ ។
ឯកឧត្តម ឧត្តមសេនីយ៍ បានលើកទឹកចិត្ត និងសំណូមពរដល់សិក្ខាកាមទាំងអស់ ដែលបានក្រេបយកចំណេះដឹង និងចំណេះធ្វើ នៅក្នុងវគ្គបណ្ដុះបណ្ដាលនេះ យកទៅអនុវត្តការងារឱ្តមានប្រសិទ្ធភាព ត្រូវស្ម័គ្រចិត្តធ្វើជាមន្ត្រីបង្គោលក្នុងការផ្សព្វផ្សាយ និងចែករំលែកបន្តនូវចំណេះដឹង ព្រមទាំងការអនុវត្ត ដែលទទួលបានពីវគ្គបណ្ដុះបណ្ដាលនេះ ជូនដល់មន្ត្រីជំនាញជំនាន់ក្រោយៗ ឬអ្នកដែលមិនទាន់បានឆ្លងកាត់វគ្គសិក្សា សូមជួយពន្យល់ និងផ្សព្វផ្សាយដល់បងប្អូនប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន សំដៅយល់ដឹងអំពីសំណល់ជាតិផ្ទុះសល់ពីសង្គ្រាម បន្តចូលរួមអនុវត្តការងារសំណល់ជាតិផ្ទុះអំពីសង្គ្រាម ឱ្យកាន់តែល្អប្រសើរ និងបន្តពង្រឹងសមត្ថភាពអំពីសំណល់ជាតិផ្ទុះនៅសល់ពីសង្គ្រាម និងស្វែងយល់សិក្សាបន្ថែមផងដែរ៕
អត្ថបទដែលជាប់ទាក់ទង