ពិធីបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ឆ្នាំ២០២២”

កណ្តាល៖ ថ្លែងនៅក្នុងពិធីបើកការប្រកួតកីឡាបាល់ទាត់ពានរង្វាន់ “ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ឆ្នាំ២០២២” នារសៀលថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០២២ នៅទីលានកីឡដ្ឋានខេត្ត ស្ថិតក្នុងក្រុងតាខ្មៅ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានបញ្ជាក់ថា គោលបំណងនៃការរៀបចំពាន រង្វាន់នេះឡើង គឺដើម្បីរឹតចំណងសាមគ្គីភាព មិត្តភាព ពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការ ជាពិសេស បំផុសស្មារតីស្រឡាញ់ ចូលចិត្ត និងលេងកីឡាដើម្បីសុខភាព ជូនទៅដល់យុវជននៅតាមបណ្តាក្រុងស្រុក យុវជនដែលជាមន្ត្រីរាជការជុំវិញខេត្ត ក៏ដូចជាយុវជនក្នុងសហគ្រិន ស្ថិតក្នុងវិស័យឯកជននៅក្នុងខេត្តទាំងមូល។

ឯកឧត្តមបានបន្តថា រាល់ការប្រកួតកីឡាតែងតែមានភាគីម្ខាងឈ្នះ និងភាគី ម្ខាងទៀតចាញ់ ទោះបីភាគីណាមួយទទួលបានលទ្ធផលឈ្នះ ឬចាញ់ក៏ដោយ ក៏វាបានបង្ហាញពីភាពជោគជ័យរួមរបស់យើងទាំងអស់គ្នា ក្រោមការចូលរួម និងគាំទ្រពីសំណាក់ស្រទាប់យុវជននៅតាមបណ្ត ក្រុង-ស្រុក មន្រ្តីរាជការ ជុំវិញខេត្ត ក៏ដូចជាវិស័យឯកជននៅក្នុងខេត្ត ដើម្បីញ៉ាំងឱ្យពិធីនេះប្រព្រឹត្តទៅបាន ដោយភាពអធិកអធម សប្បាយរីករាយ ។

ឯកឧត្តមក៏បានទ្រ និងអំពាវនាវដល់គ្រប់រដ្ឋបាលក្រុង-ស្រុក អង្គភាពជំនាញជុំវិញខេត្ត ក៏ដូចជាវិស័យ ឯកជន និងអ្នកពាក់ព័ន្ធទាំងអស់បំផុសចលនាចូលរួមលេងកីឡាឱ្យបានច្រើន ជាពិសេស ប្រជាជនម្នាក់ ចូលរួមលេងកីឡាមួយប្រភេទ ដើម្បីសុខភាពខ្លួនឯង ក្នុងគ្រួសារ ក៏ដូចជាក្នុងសង្គមជាតិ។

បន្ថែមលើនេះឯកឧត្តមអភិបាលខេត្ត បានលើកទឹកចិត្តក្រុមកីឡាករ កីឡាការិនីទាំងអស់ ត្រូវបង្កើនសមត្ថភាព ហ្វឹកហាត់ អោយបានខ្លាំងក្លាថែមទៀត ត្រូវខិតខំអភិវឌ្ឍសមត្ថភាពរបស់ក្រុម និងខ្លួនឯងផ្ទាល់ អោយកាន់តែមានភាពរីកចំរើន និងពូកែដើម្បីទទួលបានជ័យជំនះក្នុងការប្រកួត។

សូមជម្រាបថា យោងតាមការកំណត់របស់គណៈកម្មការរៀបចំការប្រកួត ក្រុមដែលទទួលបានជ័យលាភីក្នុង ការប្រកួត នឹងទទួលបានរង្វាន់ ដូចខាងក្រោម៖
ក្រុមចំណាត់ថ្នាក់លេខ១ ទទួលបានពានចំនួន០១ទង់ចំណាត់ថ្នាក់លេខ១ ចំនួន មេដាយមាស ចំនួន៣០គ្រឿង ទឹកប្រាក់ចំនួន ១២ លានរៀល។ ក្រុមចំណាត់ថ្នាក់លេខ២ ទទួលបានទង់ចំណាត់ថ្នាក់លេខ២ ចំនួន០១ មេដាយប្រាក់ ចំនួន៣០គ្រឿង ទឹកប្រាក់ចំនួន ៨ លានរៀល។ ក្រុមចំណាត់ថ្នាក់លេខ៣ ទទួលបានទង់ចំណាត់ថ្នាក់លេខ៣ ចំនួន០១ មេដាយសំរិទ្ធ ចំនួន៣០គ្រឿង ទឹកប្រាក់ចំនួន ៦ លានរៀល។ ក្រុមចំណាត់ថ្នាក់លេខ៤ ទទួលបានប្រាក់លើកទឹកចិត្តចំនួន ៣ លានរៀល។ ដោយឡែកក្រុមមានវិន័យល្អ(ក្រុមFair Play) ទទួលបានពានចំនួន០១ ទង់Fair Play ចំនួន០១ និងទឹកប្រាក់ចំនួន ៣ លានរៀល។ កីឡាករទាត់ចូលទីបានច្រើនជាងគេ ទទួលបានទឹកប្រាក់ចំនួន ៥០ ម៉ឺនរៀល។ អ្នកចាំទីល្អជាងគេ ទទួលបានទឹកប្រាក់ចំនួន ៥០ ម៉ឺនរៀល។ ក្រុមអាជ្ញាកណ្តាលល្អ ទទួលបានមេដាយមាសចំនួន០៤ ទឹកប្រាក់ចំនួន ៥០ ម៉ឺនរៀល។

សូមជម្រាបបន្ថែមដែរថា ការប្រកួតនេះគឺចាប់ផ្តើមពី ថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២២ ដល់ថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២ ដោយមាន១៨ក្រុម និងបានបែងចែកចេញ ជា៤ពូលគឺ ពូលA ពូលB ពូលC ពូលD ក្នុង១ពូលមាន៤ក្រុម និង៥ក្រុម (យោងទៅតាមការចាប់ឆ្នោត)។ រីឯការប្រកួតគឺអនុវត្តទៅតាមការប្រកួតសន្សំពិន្ទុ ដោយគ្រប់ក្រុមក្នុងពូលនីមួយៗអាចជួបប្រកួតគ្នាគ្រប់ក្រុម នៅក្នុងពូល និងមានការសម្រាក១ថ្ងៃយ៉ាងតិចទើបមានការប្រកួតបន្ត ដើម្បីសម្រួលដល់ក្រុមកីឡាករ មានពេលឈប់សម្រាក និងរៀបចំយុទ្ធសាស្ត្រក្នុងការប្រកួតប ដោយអស់ចិត្តសម្រាប់កីឡាករ និងក្រុមដែលបានចូលរួមប្រកួត៕

អត្ថបទដែលជាប់ទាក់ទង