សម្ពោធដាក់អោយប្រើប្រាស់ជាផ្លូវការសួនច្បារ និងផ្លូវបេតុអាមេ ព្រមទាំងបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៨ និង៧០បេ ក្នុងស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល
កណ្តាល ៖ ព្រឹកទី១២ ខែកុម្ភៈ ឆ្នាំ២០២២ ឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្តកណ្តាល និងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានអញ្ជើញចូលរួមក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការសួនច្បារ និងផ្លូវបេតុងអាមេប្រវែង២,៤០០ម៉ែត្រ ព្រមទាំងពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវជាតិលេខ៨,កំណាត់ផ្លូវជាតិលេខ ៧០បេ,ផ្លូវខេត្តលេខ៣៨១អា ភ្ជាប់ពីផ្លូវជាតិលេខ៧០បេ ទៅផ្លូវជាតិលេខ៨,ដាក់លូដោះទឹក,ដាក់រ៉ឺហ្គា,រៀបខឿនចិញ្ចើមផ្លូវ និងតម្លើងបង្គោលភ្លើងបំភ្លឺផ្លូវ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានខេត្តកណ្ដាល នៅភូមិព្រែកតាមាក់ ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល។
ក្នុងពិធីសម្ពោធដាក់ឱ្យដំណើការជាផ្លូវការនូវសួនច្បារទំហំ ២២០ម៉ែត្រ គុណនឹង៤៥ម៉ែត្រ ផ្លូវបេតុងអាមេប្រវែង ២,៤០០ម៉ែត្រ ទទឹង ៨ម៉ែត្រ និងពិធីបើកការដ្ឋានសាងសង់កំណាត់ផ្លូវលេខ ៨ ប្រវែង ៣ ៨៦០ម៉ែត្រ ដោយមានអ៊ុតកៅស៊ូ AC កំណាត់ផ្លូវជាតិលេខ ៧០បេ ប្រវែង២,០០០ម៉ែត្រ ផ្លូវខេត្តលេខ៣៨១អា ភ្ជាប់ពីផ្លូវជាតិលេខ៧០បេ ទៅផ្លូវជាតិលេខ៨ ប្រវែង១,០៩៦ម៉ែត្រ ដាក់លូដោះទឹក ៣,៨២២ម៉ែត្រ ដាក់រ៉ឺហ្គា១៦២កន្លែង រៀបខឿនបេតុងចិញ្ចើមផ្លូវប្រវែង ៤,០០០ម៉ែត្រ និងតម្លើងបង្គោលភ្លើងបំភ្លឺផ្លូវតាមផ្លូវប្រវែង ២,៤៨០ម៉ែត្រ នៅភូមិព្រែកតាមាក់ ភូមិស្វាយអាត់លើ ភូមិស្វាយអាត់កណ្ដាល ភូមិស្វាយអាត់ក្រោម ភូមិបឹងក្រចាប់ និងភូមិក្នុង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្ដាល ខេត្តកណ្ដាល នាពេលនេះ គឺជាសមិទ្ធផលដ៏ធំធេងបន្ថែមទៀតរបស់ខេត្តកណ្ដាល ក្នុងវិស័យបរិស្ថាន និងវិស័យសេដ្ឋកិច្ច-សង្គម ប្រកបដោយ សមធម៌ និងបរិយាប័ន្ន ស្របតាមគោលនយោបាយយុទ្ធសាស្រ្តចតុកោណ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំដ៏ឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ដែលបានកំណត់យកធនធានមនុស្ស ទឹក ផ្លូវ ភ្លើង ជាអាទិភាព ក្នុងការលើកកម្ពស់ផាសុខភាព និងជីវភាពរស់នៅជូនប្រជាពលរដ្ឋ។
ក្នុងឱកាសនេះ ឯកឧត្តម អភិបាលខេត្ត មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ព្រះសង្ឃ និងប្រជាពលរដ្ឋទូទាំងខេត្តកណ្ដាល សូមគោរពថ្លែងអំណរគុណដ៏ខ្ពង់ខ្ពស់ និងដ៏ជ្រាលជ្រៅបំផុតចំពោះ ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្ដាល និងឯកឧត្តម លោកជំទាវ ក្រុមការងារ ដែលបានយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ និងបានគាំទ្រដោយសន្ដានចិត្តមនុស្សធម៌ បរិច្ចាគថវិកាផ្ទាល់ខ្លួន សាងសង់នូវសមិទ្ធិផលនានាក្នុងមូលដ្ឋានខេត្តកណ្ដាល បម្រើដល់ប្រយោជន៍សាធារណៈ រហូតសម្រេចបាននូវសមិទ្ធិផលជាផ្លែផ្កាដូចបានឃើញក្នុងពេលបច្ចុប្បន្ននេះ ប្រកបដោយភាពជោគជ័យ និងបានកំពុងសាងសង់បន្តយ៉ាងសកម្ម៕