ឯកឧត្តមអភិបាលខេត្តកណ្តាល អញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២២

កណ្តាល៖ ការ​ប្រកួតកីឡាមហាជនជ្រើសរើសជើងឯកថ្នាក់ខេត្ត ប្រចាំឆ្នាំ២០២២ រយៈពេល៧ថ្ងៃ គិតចាប់ពីថ្ងៃទី១០ ខែមិថុនា ដល់ថ្ងៃទី១៧ ខែមិថុនា ត្រូវបានបញ្ចប់ដោយជោគជ័យ កាលពីរសៀលថ្ងៃទី១៧ ​ខែមិថុនា ឆ្នាំ២០២២នេះ នៅទីលានកីឡដ្ឋានក្រុងតាខ្មៅខេត្តកណ្តាល ដែលមាន៣ វិញ្ញាសាគឺ កីឡាបាល់បោះបុរស-នារី កីឡាបាល់ទះបុរស-នារី និងកីឡាបាល់ទាត់បុរស-នារី។ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្ដកណ្តាល បានអញ្ជើញជាអធិបតី ក្នុងពិធីបិទការប្រកួតនេះ ដោយមានការចូលរួមផងដែរពីមន្ទីរអប់រំយុវជន និងកីឡាខេត្ត អជ្ញាធរក្រុងតាខ្មៅ មន្ត្រីរាជការជុំវិញខេត្ត សិស្សានុសិស្ស និងប្រជាពលរដ្ឋជាច្រើននាក់ ។ ​

ថ្លែងនៅក្នុងពិធីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានលើកឡើងថា ក្រោមម្លប់សន្តិភាព និងការអភិវឌ្ឍន៍ប្រកបដោយភាពរីកចម្រើន ក្រោមការដឹកនាំរបស់ សម្តេចអគ្គមហាសនា បតីតេជោ នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រទេសកម្ពុជាទទួលបានកិត្តិយសស្មើមុខស្មើមាត់ជាមួយបណ្តា ប្រទេសនានាក្នុងសកលលោក ហើយក៏បានក្លាយជាទីកន្លែងដ៏ចាប់អារម្មណ៍សម្រាប់ការរៀបចំព្រឹត្តិការណ៍នានា ដូចជា ធុរកិច្ច សាសនា វប្បធម៌ ទេសចណ៍ និងជាពិសេសវិស័យកីឡា។ ជាក់ស្ដែងដូចជាក្នុងពេលថ្មីៗនេះ យើងទាំងអស់គ្នាពិតជាមានមោទនភាពយ៉ាងក្រៃលែង ចំពោះសម្តេចអគ្គមហារសនា បតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តំណាងឱ្យប្រជាជនខ្មែរដំបូងគេបង្អស់ ដែលបាន កាន់ និងថើបពានរង្វាន់បាល់ទាត់ពិភពលោក (FIFA World Cup Trophy) ដោយផ្ទាល់ ដែលពានរង្វាន់នេះធ្វើអំពី មាសសុទ្ធទម្ងន់៦,១គីឡូក្រាម។

នាឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្ត ក៏បានបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ គណៈកម្មការររៀបចំការប្រកួត និងមន្ទីរពាក់ព័ន្ធដែលបានរៀបចំការប្រកួតនេះឡើង រហូតដល់បានបិទបញ្ចប់ជ្រើសរើសបានជើងឯក ឈ្នះក្នុងការប្រកួតប្រកបសមត្ថភាពពិតៗ ដោយទទួលបានការវាយតម្លៃ និងដាក់ពិន្ទុយ៉ាងសុក្រិត និង យុត្តិធម៌បំផុតពីគណៈកម្មការ។

ឯកឧត្តមអភិបាលខេត្ត បានបញ្ចាក់ថា តាមរយៈការប្រកួតនេះហើយដែលធ្វើអោយវិស័យកីឡាក្នុងខេត្តកណ្ដាលមានការរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំ ហើយការរៀបចំឱ្យមានការប្រកួតកីឡានេះគឺមានសារៈសំខាន់ណាស់ ក្នុងការជំរុញ និងលើកទឹកចិត្តគាំទ្រ ដល់ប្រជាពលរដ្ឋទូទៅ ពិសេសក្រុមយុវជន ងាកមកចូលរួមក្នុងការលេងកីឡាគ្រប់ប្រភេទ ឱ្យទទួលបាននូវសុខភាពល្អ មានមិត្តភាពសាមគ្គីភាព ជៀសឆ្ងាយពីគ្រឿងញៀន និងអំពើអបាយមុខនានា ស្របនឹងទិសស្លោក “ប្រជាជនមួយនាក់ កីឡាមួយប្រភេទ” ដើម្បីរួមគ្នាអភិវឌ្ឍន៍ វិស័យកីឡា ក្រោមម្លប់សន្តិភាព សំដៅពង្រឹងសមត្ថភាព ជ្រើសរើសកីឡាករ កីឡាការិនីឆ្នើមសម្រាប់ខេត្ត និងសម្រាប់ត្រៀមឆ្ពោះទៅស៊ីហ្គេម នាឆ្នាំ២០២៣ ខាងមុខនេះផងដែរ។

ជាមួយគ្នានេះដែរ ឯកឧត្តមអភិបាលខេត្ត បានផ្តាំផ្ញើរដល់ក្រុមកីឡាករ កីឡាការិនីទាំងអស់ ត្រូវបង្កើនសមត្ថភាព ហ្វឹកហាត់ អោយបានខ្លាំងក្លាថែមទៀត
ព្រោះថាការប្រកួតកីឡាគឺមានឈ្នះមានចាញ់វារឿងធម្មតា អ្វីដែលសំខាន់នោះត្រូវពង្រឹងវិន័យ រក្សាសាមគ្គីភាពក្នុងក្រុមអោយបានរឹងមាំ ខិតខំអភិវឌ្ឍសមត្ថភាពរបស់ក្រុម និងខ្លួនឯងផ្ទាល់ អោយកាន់តែមានភាពរីកចំរើន និងពូកែថែមទៀតដើម្បីទទួលបានជ័យជំនះក្នុងការប្រកួតនាពេលក្រោយទៀត។

សូមជម្រាបថា ក្នុងការប្រកួតកីឡាមហាជននេះ គឺមានកីឡាករ កីឡាការិនីចូលរួមសរុបចំនួន ៧៤០នាក់ ស្រី ២៦៨ នាក់ ស្មើនឹង ៤៥ក្រុម ក្នុងនោះនារីមាន ១៧ ក្រុម ។ ចំពោះក្រុមកីឡាករ កីឡាការិនី ដែលទទួលបានចំណាត់ថ្នាក់គឺ សម្រាប់កីឡាបាល់បោះ ផ្នែកនារី ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាក អារ៉ាប៊ី cafe ក្រុងតាខ្មៅ លេខ២ បានទៅលើក្រុមកីឡា យុវនារីសំរោងធំ ស្រុកកៀនស្វាយ និងថ្នាក់លេខ ៣ បានទៅលើក្រុមកីឡា យុវនារីព្រែកស្លែងស្រុកកណ្ដាលស្លឹង។
កីឡាបាលបោះផ្នែកបុរស ចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡាអារ៉ាប៊ី cafe ក្រុងតាខ្មៅ លេខ២ បានទៅលើក្រុមកីឡា មិត្តភាពក្រុងតាខ្មៅ និងលេខ ៣ បានទៅលើក្រុមកីឡា វិទ្យាល័យ ហ៊ុន សែន ស្អាង ។

កីឡាបាល់ទះ ផ្នែកនារីចំណាត់ថ្នាក់លេខ១ បានទៅក្រុមកីឡា រួមចិត្តតែមួយក្រុងតាខ្មៅ លេខ២ បានទៅក្រុមកីឡាឃុំគោកត្រប់ ស្រុកកណ្ដាលស្ទឹង និងលេខ ៣ បានទៅលើក្រុមកីឡានារីក្លាហាន ក្រុងតាខ្មៅ។ ផ្នែកបុរស ចំណាត់ថ្នាក់លេខ១ បានទៅក្រុមកីឡាយុវជនព្រែកតាពៅ លេខ២ បានទៅលើក្រុមកីឡាហនុមានសន្តិភាព និងលេខ ៣ បានទៅលើក្រុមកីឡា យុវជនព្រែកតាមាក់។

កីឡាបាល់ទាត់ ផ្នែកនារីចំណាត់ថ្នាក់លេខ១ បានទៅលើក្រុមកីឡា សមាគមបាល់ទាត់នារីខេត្ត លេខ២ បានទៅក្រុមកីឡាយុវនារី ស្រុកកណ្ដាលស្ទឹង និងលេខ៣ បានទៅក្រុមកីឡាស្រុកស្អាត យើងស្អាត ។ កីឡាករបាល់ទាត់ផ្នែកបុរសចំណាត់ថ្នាក់១ បានទៅក្រុមកីឡា យុវជនស្រុកល្វាឯម កាត់សេចក្តីដោយការសុតបាល់ប៉េណាំងទី ទទួលបានលទ្ធផល៥ ទល់នឹង៤ ចំណាត់ថ្នាក់លេខ២ បានទៅលើក្រុមកីឡាសមគមន៏ខេត្ត និងចំណាត់ថ្នាក់លេខ៣ បានទៅលើក្រុមកីឡាវិទ្យាល័យ ជ័យវរ្ម័នទី៧៕

 

អត្ថបទដែលជាប់ទាក់ទង