ឯកឧត្តម ប៉ា សុជាតិវង្ស សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌមានជ័យ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ជូនដល់ក្រុមការងារគណបក្សខណ្ឌមានជ័យ
ភ្នំពេញទះ នៅរសៀលថ្ងៃព្រហស្បតិ៍ ១៥រោច ខែអាសាឍ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនិងថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០២២នេះ ឯកឧត្តម ប៉ា សុជាតិវង្ស សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារចុះមូលដ្ឋានខណ្ឌមានជ័យ បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សប្រជាជនកម្ពុជា ជូនដល់ក្រុមការងារគណបក្សខណ្ឌមានជ័យ សរុបចំនួន ២៤០ នាក់ នៅទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជា ខណ្ឌមានជ័យ ។
បន្ទាប់ពី ឯកឧត្តម នួន ផារ័ត្ន អនុប្រធានទី១ ក្រុមការងារចុះមូលដ្ឋានខណ្ឌមានជ័យ បានអានសេចក្តីជូនដំណឹងស្តីពីលទ្ធផលនៃសន្និបាតគណៈកម្មាធិការកណ្តាលវិសាមញ្ញរបស់គណបក្សរួចមក ឯកឧត្តម ប៉ា សុជាតិវង្ស ប្រធានក្រុមការងារ ក៏បានពាំនាំនូវការសួរសុខទុក្ខ និងថ្លែងអំណរគុណជូនដល់ក្រុមការងារគណបក្សខណ្ឌមានជ័យ គ្រប់ថ្នាក់ ដែលបានខិតខំប្រឹងប្រែងក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រេីសរេីសក្រុមប្រឹក្សាសង្កាត់ទទួលបានជ័យជំនះជូនគណបក្ស និងចុះថ្លែងអំណរគុណដល់អ្នកបោះឆ្នោតទាំងអស់នៅតាមមូលដ្ឋានរបស់ខ្លួនប្រកបដោយមោទនភាព ។
ឯកឧត្តម ប៉ា សុជាតិវង្ស បានលេីកឡេីងពីសភាពការណ៍ទូទៅ នៃដំណើរការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ដែលគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនះយ៉ាងត្រចះត្រចង់បំផុត ដែលបានសបញ្ជាក់ពីការបន្តគោរព ស្រលាញ់ គាំទ្រ និងជឿជាក់ពីសំណាក់ប្រជាពលរដ្ឋទូទាំងប្រទេស មកលើការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដឹកនាំកម្ពុជាឲ្យមានការរីកចម្រើនលើគ្រប់វិស័យ ដែលអាចវាយតម្លៃបានថា ប្រជាពលរដ្ឋបានប្រើប្រាស់សិទ្ធិរបស់ខ្លួន មិនចាញ់បោកការឃោសនាភូតកុហករបស់ជនអគិតមួយចំនួន ទោះបីជាក្រុមទាំងនោះប្រើប្រាស់នូវមធ្យោបាយទុច្ចរិត និងឃោសនាពិសពុលយ៉ាងណាក៏ដោយ។
យ៉ាងណាមិញ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងអាណត្តិទី៥នេះដែរ ឯកឧត្តមប្រធាន ក៏បានលើកឡើងអំពីកិច្ចខិតខំប្រឹងប្រែងរបស់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមយ៉ាងសកម្មក្នុងដំណើរការរៀបចំការបោះឆ្នោតនេះ ពិសេសរៀបចំរក្សាសន្តិសុខ សណ្តាប់ធ្នាប់ ចាប់ពីពេលចាប់ផ្តើម រហូតដល់ការបោះឆ្នោតចប់សព្វគ្រប់ ប្រព្រឹត្តទៅដោយត្រឹមត្រូវ សេរី យុត្តិធម៌ គ្មានការប្រើអំពើហឹង្សា និងគំរាមកំហែងណាមួយកើតឡើងនោះទេ។ ឯកឧត្តមប្រធាន បន្ថែមថា កត្តាដែលធ្វើឲ្យគណបក្សប្រជាជនកម្ពុជាទទួលបានជ័យជំនះនេះ ពិតជាមិនអាចកាត់ផ្តាច់ពីការចូលរួមចំណែកដ៏ធំធេង ពីសំណាក់ក្រុមការងារគ្រប់ជាន់ថ្នាក់របស់គណបក្ស ដែលបានលះបង់ទាំងកម្លាំងកាយចិត្ត មិនខ្លាចនឿយហត់ ទើបទទួលបានលទ្ធផលដ៏គាប់ប្រសើរបែបនេះ។
ទន្ទឹមនឹងនេះ ឯកឧត្តមប្រធាន ក៏បានបញ្ជាក់លម្អិតបន្ថែមអំពីខ្លឹមសារនៃលទ្ធផលសន្និបាត និងបានលេីកឡេីងនូវចំណុចសំខាន់ៗ មួយចំនួនទៀតដែលជាទិសដៅអាទិភាពពាក់ព័ន្ធទៅនឹងក្របខណ្ឌរបស់គណបក្សឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ នាពេលខាងមុខ។ គួរបញ្ជាក់ជូនដែរថា សន្និបាតគណៈកម្មាធិការវិសាមញ្ញនៃគណបក្សប្រជាជនកម្ពុជា បានប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែកក្កដា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានគណបក្ស ដោយសន្និបាតបានប្រព្រឹត្តទៅតាមរបៀបវារៈដែលបានកំណត់ ក្នុងស្មារតីឯកភាព ប្រជាធិបតេយ្យ និងការទទួលខុសត្រូវចំពោះឧត្តមប្រយោជន៍ជាតិ និងប្រជាជន៕