ឯកឧត្តម ស សុខា ៖ ធ្វើជាមន្ត្រីគ្មានការងារអ្វីធំជាងបម្រើរាស្ត្រ ដោះស្រាយទុក្ខលំបាកជូនរាស្ត្រនោះឡើយ
បាត់ដំបង ៖ ឯកឧត្តម ស សុខា រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និងកីឡា បានលើកឡើងថា សម្រាប់តំណែងជាមន្ត្រីរាជការ គ្មានការងារណាធំជាង ការងារបម្រើរាស្ត្រ និងដោះស្រាយទុក្ខលំបាកជូនរាស្ត្រនោះឡើយ។ ការថ្លែងបែបនេះរបស់ឯកឧត្តម ស សុខា ក្នុងឱកាសដែលឯកឧត្តម អញ្ជើញជាតំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ជាអធិបតីពិធីសំណេះសំណាល និងពិសាអាហារសាមគ្គីរបស់មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង និងវត្តមានដ៏ខ្ពង់ខ្ពស់លោកជំទាវ ញ៉ែម សាខន ស ខេង នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៣។
ឯកឧត្តម ស សុខា បានគូសបញ្ជាក់ថា ពេលវេលាដែលប្រជាពលរដ្ឋសម្រាក និងរីករាយសប្បាយ គឺជាពេលវេលាដែលមន្ត្រីរាជការ ដើម្បីមានឱកាសបញ្ចេញសមត្ថភាពពិត ធ្វើការងារពិត សម្រាប់ពលរដ្ឋរបស់ខ្លួន។ ប្រាកដណាស់បើសិនជាធ្វើឲ្យពលរដ្ឋសប្បាយចិត្ត លោកនឹងស្រឡាញ់មន្ត្រី គឺមានន័យថាស្រឡាញ់រាជរដ្ឋាភិបាល ព្រោះមន្ត្រីគឺជាតំណាងឱ្យរាជរដ្ឋាភិបាល។ ដូច្នេះទេយើងត្រូវបន្តយកចិត្តទុកដាក់បន្ថែមទ្វេដងទៀតលើការងារសេវាកម្មសាធារណៈនេះ ដើម្បីធានាបាននូវភាពសុខស្រួល សុខសុវត្ថិភាពសម្រាប់ប្រជាពលរដ្ឋទូទៅ។
ក្នុងឱកាសនោះដែរ ឯកឧត្តម ស សុខា ក៏បានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការនៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តបាត់ដំបង ទាំងអស់ នូវចំណុចមួយចំនួនដូចខាងក្រោម៖
១. សូមបង្កើនសកម្មភាពចុះពិនត្យមើលសភាពផ្លូវ និងស្លាកសញ្ញាចរាចរណ៍នានា ឱ្យបានជាប្រចាំ ដើម្បីអាចសម្រួល ឬជួសជុលបានទាន់ពេលវេលា ក្នុងករណីរកឃើញថា មានករណីផ្លូវស្រុតឬក៏ខូចនៅចំណុចណាមួយ កុំឲ្យបង្កការរំខានដល់ការធ្វើដំណើររបស់ពលរដ្ឋ។ សូមចាំថា ចំណុចតូចតាចបំផុតនេះឯង ជាបុព្វហេតុដែលនាំឱ្យមានការខូចខាតទៅថ្ងៃមុខ “កុំទម្លាប់មើលងាយការងារតូច ភ្លើងឆេះព្រៃ កើតពីភ្លើងកន្ទុយបារីទេ”។
២. សូមទម្លាប់ធ្វើការងារឱ្យលឿន រហ័ស មុន និងភ្ញាក់រលឹកជានិច្ច។ ក្នុងនាមជាមន្ត្រីជំនាញ សូមធ្វើការងារឲ្យបានមុនប្រជាពលរដ្ឋ ហើយកុំរង់ចាំពលរដ្ឋរាយការណ៍ ឬក៏ថ្នាក់លើដាក់ផែនការទើបធ្វើ ពោលគឺត្រូវដឹងថាត្រូវកែលម្អកន្លែងណា ត្រូវធ្វើកន្លែងណាដោយខ្លួនឯង។
៣. សូមបើកចិត្តទូលាយទទួលយករាល់មតិរិះគន់របស់ប្រជាពលរដ្ឋ ព្រោះពាក្យរិះគន់ គឺជាគ្រូ ឬជាត្រីវិស័យ សម្រាប់តម្រង់ទិសនៃការអនុវត្ត មិនត្រូវមានចិត្តមើលបំណាំ ឬខឹងសម្បារនឹងការរិះគន់ពីមតិសាធារណៈនោះទេ ផ្ទុយទៅវិញគឺមានតែត្រូវអរគុណ។
៤. សូមបង្កើនការដាំដើមឈើអមតាមដងផ្លូវ ដើម្បីបង្កើនសោភ័ណភាព និងជួយបន្ធូរបន្ថយភាពហួតហែងបានខ្លះ ពិសេសអាចផ្តល់ជាម្លប់សម្រាប់បងប្អូនអ្នកធ្វើដំណើរ។
៥. បង្កើនការរៀបចំភ្លើងអគ្គិសនីបំភ្លឺតាមដងផ្លូវ ព្រោះបច្ចុប្បន្នកម្ពុជាបានសុខសន្តិភាពពេញលេញ គ្មានការគម្រាមកំហែងដោយ “សង្គ្រាម ឬអសន្តិសុខសង្គម” ប្រជាពលរដ្ឋ លោកអាចធ្វើដំណើរទាំងពេលថ្ងៃ និងពេលយប់ ដោយគ្មានភាពភ័យខ្លាចឡើយ ។ ដូចនេះការរៀបចំឲ្យមានបង្គោលភ្លើងអគ្គិសនីតាមផ្លូវ នឹងជួយសម្រួលដល់បងប្អូនអ្នកធ្វើដំណើរពេលយប់ ពិសេសនៅក្នុងរដូវបុណ្យទានផ្សេងៗ ដូចជាឆ្នាំប្រពៃណីជាតិខ្មែរជាដើម។
៦. សូមចូលរួមក្នុងព្រឹត្តិការណ៍សំខាន់ៗ នៅបន្ទាប់ពីបុណ្យ ចូលឆ្នាំថ្មីប្រពៃណីជាតិយើងខាងមុខនេះ ដូចជា៖ ព្រឹត្តិការណ៍កីឡាស៊ីហ្គេមលើកទី៣២ (32nd SEA Games)និងអាស៊ានប៉ារ៉ាហ្គេម លើកទី១២ (12th ASEAN Para Games) និងចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនៅថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ឆ្នាំ២០២៣ ឱ្យបានគ្រប់ៗគ្នា៕