ឯកឧត្តមរដ្ឋមន្ត្រី អ៉ិត សំហេង សាទរចំពោះការរីកចម្រើនរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលជួយដល់កម្មករនិយោជិតកាន់តែប្រសើរ
(ភ្នំពេញ)៖ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានបង្ហាញការសាទរចំពោះការអភិវឌ្ឍរីកចម្រើនរបស់តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដែលរួមចំណែកបង្កើតឱកាសការងារ ជួយលើកស្ទួយជីវភាពកម្មករនិយោជិតកាន់តែប្រសើរ ព្រមទាំងរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ច និងពាណិជ្ជកម្មរបស់កម្ពុជាយ៉ាងសំខាន់ណាស់ដែរ។
ឯកឧត្តមរដ្ឋមន្ត្រី កោតសរសើរបែបនេះ គឺក្នុងឱកាសទទួលជួបសម្ដែងការគួរសម និងពិភាក្សាការងារជាមួយប្រតិភូក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៣ ដែលដឹកនាំដោយលោក ចិន ជានកាង (Chen Jiangang) ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ បានពាំនាំដំណឹងល្អៗជូនឯកឧត្តមបណ្ឌិត អ៉ិត សំហេង ថា នៅថ្ងៃទី២២ ខែឧសភា ខាងមុខនេះ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុបានគោរពអញ្ជើញសម្ដេចតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី អញ្ជើញចូលរួមក្នុងកម្មវិធីសំណេះសំណាលជាមួយកម្មករ និយោជិត ទស្សនាពិព័រណ៍សមិទ្ធផល និងពិធីសម្ពោធដាក់ឱ្យដំណើរការរោងចក្រសំបកកង់រថយន្ត ដែលមានឈ្មោះថា ជេនេរ៉ល ថាយអឺរ ថេកណូឡូជី (ខេមបូឌា) ឯ.ក។ តំណាងក្រុមហ៊ុនតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុរូបនេះក៏បានអញ្ជើញឯកឧត្តមរដ្ឋមន្ត្រី ចូលរួមក្នុងកម្មវិធីនេះផងដែរ។
លោក ចិន ជានកាង បានបន្តថា កន្លងមកនេះ ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុបានទាក់ទាញវិនិយោគិនជាច្រើនមកសិក្សានៅប្រទេសកម្ពុជា ដើម្បីស្វែងរកឱកាសវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុនេះ ជាពិសេសតាមរយៈការទទួលគណៈប្រតិភូសំខាន់ៗទាំង២ គឺគណៈប្រតិភូក្រសួងការបរទេសចិន និងគណៈប្រតិភូសហគមន៍ជំរុញពាណិជ្ជកម្មទូទាំងប្រទេសចិន។ ការអញ្ជើញមកទស្សនាទាំងអស់នេះ គឺបានបង្ហាញជាសញ្ញាថា រដ្ឋាភិបាលចិនបានបើកចំហការចេញចូលប្រទេសកាន់តែធំទូលាយ ហើយក៏កាន់តែមានទំនុកចិត្តថា វិនិយោគិនចិននឹងមកវិនិយោគនៅប្រទេសកម្ពុជាកាន់តែច្រើន។
ដំណឹងល្អមួយទៀត គឺរោងចក្រផលិតសំបកកង់រថយន្ត ជេនេរ៉ល ថាយអឺរ ថេកណូឡូជី ដែលឯកឧត្តមបណ្ឌិត អ៉ិត សំហេង ធ្លាប់បានទៅទស្សនកិច្ចនៅទីក្រុងវូស៊ីកន្លងទៅនោះ បច្ចុប្បន្ននេះ បានវិនិយោគក្នុងតំបន់សេដ្ឋកិច្ចពិសេសព្រះសីហនុ តាមសំណើ និងការទាក់ទាញរបស់ឯកឧត្តមរដ្ឋមន្រ្តី អ៉ិត សំហេង។ ការវិនិយោគនេះគឺជាគម្រោងធំបំផុតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស។ ក្រុមហ៊ុននេះបានបណ្តាក់ទុនវិនិយោគចំនួន ៣០០ លានដុល្លារ។ ចំពោះដំណឹងដ៏ល្អនេះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានសម្ដែងនូវការសប្បាយរីករាយ និងស្វាគមន៍ចំពោះវត្តមានរោងចក្រនេះនៅកម្ពុជា។
ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុនរូបនេះបានប្ដេជ្ញាថា នឹងខិតខំប្រឹងប្រែងទាក់ទាញវិនិយោគិនមកកាន់ក្រុមហ៊ុនតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ ដើម្បីផ្ដល់ឱកាសការងារកាន់តែច្រើនជូនប្រជាពលរដ្ឋកម្ពុជា ជាពិសេសនឹងខិតខំប្រឹងប្រែងទាក់ទាញវិស័យដែលប្រើប្រាស់បច្ចេកវិទ្យាកាន់តែទំនើប មកវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចក្រុងព្រះសីហនុ។
ឯកឧត្តមរដ្ឋមន្ត្រី អ៉ិត សំហេង ក៏បានស្នើតាមរយៈក្រុមហ៊ុនតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ ដើម្បីឱ្យវិទ្យាស្ថានមិត្តភាពកម្ពុជា-ចិនបង្កើនការវិនិយោគបន្ថែមទៅលើការបណ្ដុះបណ្ដាល ពិសេសសម្ភារៈ គ្រូបច្ចេកទេសវិជ្ជាជីវៈ ដើម្បីបង្កើនការបណ្ដុះបណ្ដាលធនធានមនុស្សបន្ថែមទៀត ឆ្លើយតបនឹងតម្រូវការក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុផងដែរ៕