អ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព និង លោកជំទាវ អ្នកឧកញ៉ា គៀន ស្រីនាង អញ្ជើញសម្ពោធសមិទ្ធផលនានាក្នុង វត្តទេពបុរី ដែលស្ថិតនៅឃុំក្រាំងធ្នង់ ស្រុកបាទី ខេត្តតាកែវ
ខេត្តតាកែវ៖ នាព្រឹកថ្ងៃព្រហស្បតិ៍ ៨កើត ខែពិសាខ បញ្ចស័ក ឆ្នាំថោះ ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៣ នេះ សមិទ្ធផលជាច្រើនក្នុងវត្តទេពបុរី មានដូចជា សាលាធម្មសភា សាលាអនុគណ និងប្រាសាទភទ្ទកប្ប ព្រមទាំងសមិទ្ធផលផ្សេងៗទៀត ដែលជាអំណោយដ៏ថ្លៃថ្លាររបស់ សម្ដេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវបានបញ្ចប់ជាស្ថាពរ និង សម្ពោធដាក់ឱ្យប្រើប្រាស់ក្រោមអធិបតីភាព អ្នកឧកញ៉ា បណ្ឌិត ទ្រី ភាព តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចតេជោ នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវ អ្នកឧកញ៉ា ដែលមានអ្នកចូលរួមប្រមាណជាង ២.០០០ នាក់។ សូមបញ្ជាក់ជូនផងដែរថា សមិទ្ធផលទាំងនេះចំណាយអស់ថវិកាប្រមាណ ៨៨៨.៥៣០ ដុល្លារអាមេរិក។
ថ្លែងក្នុងឱកាសនេះ អ្នកឧកញ៉ា បណ្ឌិត និង លោកជំទាវ អ្នកឧកញ៉ា បានពាំនាំនូវការផ្ញើសួរសុខទុក្ខដល់បងប្អូន និង ពុទ្ធបរិស័ទទាំងអស់ដែលបានអញ្ជើញមកចូលរួមក្នុងពិធីនេះ។ អ្នកឧកញ៉ា បណ្ឌិត បានមានប្រសាសន៍ បន្ថែមទៀតថា សព្វថ្ងៃនេះ វិស័យព្រះពុទ្ធសាសនាមានភាពរីកចំរើនជាលំដាប់ ហើយភាពរីកចំរើនទាំងនេះគឺកើតចេញពីទឹកចិត្ត គោរពប្រតិបត្តិរបស់ប្អូនជាពុទ្ធសាសនិកខ្មែរ ព្រមទាំងការយកចិត្តទុកដាក់ពីប្រមុខរាជរដ្ឋាភិបាល តាមរយៈការកសាសង វត្តអារាម ផ្លូវថ្នល់ និងលើកកម្ពស់សេដ្ឋកិច្ចរស់នៅ ដើម្បីសម្រួលដល់គោរពបូជាក្នុងព្រះពុទ្ធសាសនារបស់បងប្អូន ប្រជាពលរដ្ឋយើង។
បន្ថែមលើការសាកសួរសុខទុក្ខពី សម្ដេចតេជោ និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត អ្នកឧកញ៉ា បណ្ឌិត និង លោកជំទាវ អ្នកឧកញ៉ា ក៏បាននាំយកនូវបច្ច័យរបស់ សម្ដេចតេជោ ចំនួន ១០០.០០០ ដុល្លារអាមេរិក សម្រាប់ការកសាងវត្តទេពបុរី និង ទេយ្យទាន បច្ច័យ/ថវិកាមួយចំនួនផ្សេងទៀត ដើម្បីប្រគេនព្រះសង្ឃ ប្រគល់ជូនតាអាចារ្យ តាជី-យាយជី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស ….. និងបងប្អូនប្រជាពលរដ្ឋដែលអញ្ជើញមកចូលរួម ព្រមទាំងស្ថាប័នមួយចំនួនទៀតផងដែរ ក៏ដូចជាការចំណាយផ្សេងៗ អស់ថវិកាសរុបប្រមាណ ៣០០ លានរៀល៕