មន្ត្រីរាជការគ្រប់លំដាប់ថ្នាក់នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅព្រឹកថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៣នេះ បានរៀបចំប្រារព្ធពិធីគោះគង អបអរសាទរការចុះបញ្ជី«រមណីយដ្ឋានប្រាសាទកោះកេរ» ចូលជាសម្បត្តិបេតិកភណ្ឌពិភពលោក។
ក្នុងពិធីដែលមានមន្ត្រីរាជការ និងថ្នាក់ដឹកនាំរាប់រយនាក់ ឯកឧត្តមហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់ថា កម្មវិធីព្រឹកនេះ គឺជាមោទកភាពជាតិថ្មីបន្ថែមទៀតដែលមិនត្រឹមតែជាការអបអរសាទររបស់ក្រសួងការងារនិងបណ្ដុះបណ្ដាលវិជ្ជាជីវៈប៉ុណ្ណោះទេ ប៉ុន្តែសម្រាប់ប្រជាជាតិកម្ពុជាទាំងមូលក្រោមម្លប់សន្តិសភាព។
ឯកឧត្តមគូសបញ្ជាក់ថា៖ “តាមរយៈការចុះបញ្ជីនេះ សូមឱ្យមានស្មារតីជាតិតែមួយរួមគ្នាកសាងព្រះរាជាណាចក្រកម្ពុជា ក្រោមម្លប់សន្តិភាព ដើម្បីឲ្យកម្ពុជារុងរឿងឡើងវិញ ដូចសម័យបុរាណកាល ជាពិសេសសម័យអង្គរដ៏រុងរឿង”។
ឯកឧត្តមរដ្ឋមន្ត្រី បានបន្ថែមថា ក្រៅពីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ក៏មានការអបអរសាទរនៅតាមបណ្ដារោងចក្រ នៅតាមសាលារៀនបណ្ដុះបណ្ដាលបច្ចេកទេស និងប្រជាពលរដ្ឋនៅទូទាំងប្រទេសដែលចូលរួមអបអរសាទរចំពោះការចុះបញ្ជីនេះដែលជាមោទកភាពមួយបន្ថែមទៀតរបស់ជាតិក្រោមការដឹកនាំនៃរាជរដ្ឋាភិបាលកម្ពុជាអាណត្តិទី៦ និងអាណត្តិទី៧ ដែលបានខ្នះខ្នែងចុះបញ្ជី«រមណីដ្ឋានប្រសាទកោះកេរ»រហូតបានទទួលជោគជ័យនាពេលនេះ។
«រមណីយដ្ឋានប្រាសាទកោះកេរ» ត្រូវបានគណៈកម្មាធិការបេតិកភណ្ឌពិភពលោក សម្រេចចុះក្នុងបញ្ជីបេតិកភណ្ឌពិភពលោក នៅថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៣ ក្នុងសម័យប្រជុំលើកទី៤៥ នៅទីក្រុងរីយ៉ាដ (Riyadh) នៃប្រទេសអារ៉ាប៊ីសាអ៊ូឌីត។
គួរំលឹកថា តំបន់ប្រាសាទកោះកេរ ជាតំបន់រមណីយដ្ឋានទី៤ហើយរបស់កម្ពុជា ដែលត្រូវបានចុះក្នុងបញ្ជីបេតិកភណ្ឌវប្បធម៌ពិភពលោក បន្ទាប់ពីរមណីយដ្ឋានអង្គរ ចុះថ្ងៃទី ១៤ ខែធ្នូ ឆ្នាំ ១៩៩២ នៅទីក្រុងសាន់តាហ្វេ សហរដ្ឋអាមេរិក, តំបន់ប្រាសាទព្រះវិហារ ចុះថ្ងៃទី ៧ ខែកក្កដា ឆ្នាំ ២០០៨ នៅទីក្រុងកេបិច ប្រទេសកាណាដា និងតំបន់ប្រាសាទសំបូរព្រៃគុកចុះថ្ងៃទី ៨ កក្កដា ឆ្នាំ ២០១៧ នៅទីក្រុងក្រាកូវ ប្រទេសប៉ូឡូញ៕