ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល និងមន្ត្រីរាជការបានចូលរួមក្នុងពិធីសូត្រមន្តកាន់បិណ្ឌទី១១ នៅវត្តព្រែកឬស្សី

កណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល និងមាតា បីតា ព្រមទាំងលោកជំទាវ និងមន្ត្រីរាជការ នៅរសៀលថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមក្នុងពិធីសូត្រមន្តកាន់បិណ្ឌទី១១ និងបានធ្វើបទនមស្ការព្រះរតនត្រៃ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត ប្រគេនទេយ្យវត្ថុដល់ព្រះសង្ឃ នៅព្រែកឬស្សី ក្រុងតាខ្មៅ។

បន្ទាប់ពីធ្វើកិច្ចគោរពបូជា ផ្កាទៀនធូក ចំពោះព្រះពុទ្ធរូបព្រះសម្មាសាម្ពុទ្ធ និងនមសកា ព្រះរតនត្រ័យ ទៅតាមគន្លងព្រះធម៌​ព្រះសម្មាសាម្ពុទ្ធរួច ឯកឧត្តមអភិបាលខេត្ត ព្រមទាំងមន្ត្រីរាជការ បានវេរប្រគេននូវទ័យ្យទានវត្ថុដល់ព្រះសង្ឃ សម្រាប់ប្រើប្រាស់ទៅតាមពុទ្ធានុញ្ញាត្តិ ព្រមទាំងបានឧទ្ទិសកុសលផលបុណ្យ ជូនឯកឧត្តម លោកជំទាវ លោកយាយ លោកតា ពុទ្ធបរិស័ទ មន្ត្រីរាជការ និងប្រជាពលរដ្ឋក្នុងខេត្តកណ្ដាលទាំងមូល សូមទទួលបាននូវមគ្គផល កុសលផលបុណ្យ តាមសទ្ធាជ្រះថ្លារៀងៗខ្លួន និងសូមជួបប្រកបតែនូវពុទ្ធពរ ទាំង៥ប្រការ គឺអាយុ វណ្ណ: សុខ: ពល: និង បដិភាណ: កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា ពិធីបុណ្យភ្ជុំបិណ្ឌជាពិធីបុណ្យមួយដែលធំជាងគេនៅក្នុងចំណោមពិធីបុណ្យទាំងអស់ចំពោះអ្នកកាន់ព្រះពុទ្ធសាសនា ហើយពិធីបុណ្យនេះមានរយៈពេល១៥ថ្ងៃដោយចាប់ពីថ្ងៃ១រោច ដល់ថ្ងៃ១៥រោចខែភទ្របុត្រ ពិធីបុណ្យនេះត្រូវបានប្រជាពលរដ្ឋខ្មែរ ដែលកាន់ព្រះពុទ្ធសាសនាប្រារព្ធឡើងជារៀងរាល់ឆ្នាំ។

បើយោងតាមឯកសារកត់ត្រាពីប្រវត្តិបុណ្យរបស់ខ្មែរបានបង្ហាញថា ការប្រារព្ធពិធីបុណ្យនេះ គឺដើម្បីបួងសួង ឧទ្ទិសមគ្គផលកុសលផលបុណ្យ ទៅឱ្យមាតា បិតា ញាតិកា ទាំង៧សន្តាន ដែលបានចែកឋានដើម្បីឱ្យពួកគាត់មកទទួលយកកុសលផលបុណ្យទៅកើតក្នុងសុគតិភព ម្យ៉ាងទៀតប្រជាពលរដ្ឋខ្មែរមានជំនឿថាអ្នកមានគុណបុព្វការីជន ឬសាច់ញាតិរបស់ពួកគេទាំងអស់ ដែលបានសាងបាបកាលពីនៅមានជីវិតរស់នៅ ហើយពេលចែកឋានទៅមិនដឹងចាប់ជាតិជាអ្វី ឬមានបាបទៅកើតជាប្រេត នឹងឡើងមកទទួលកុសលផលបុណ្យនេះពីពួកគេផងដែរ នៅពេលពពួកប្រេតទាំងនោះត្រូវបានគេដោះលែងឱ្យមានសេរីភាពរយៈពេល ១៥ថ្ងៃក្នុងថ្ងៃកាន់បិណ្ឌ៕

អត្ថបទដែលជាប់ទាក់ទង