ពិធីប្រកាសចូលកាន់តំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកអង្គស្នួល

ខេត្តកណ្ដាល៖ ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ កងកម្លាំង ក្នុងរដ្ឋបាលស្រុកអង្គស្នួល ទាំងមូល សូមបន្តយកចិត្តទុកដាក់រឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ និងយកចិត្តទុកដាក់ផ្តល់សេវាសាធារណៈ ជូនប្រជាពលរដ្ឋ ដោយត្រូវប្រកាន់យកនូវគោលការណ៍ បីជាសំខាន់គឺ ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព ហើយគោរពទៅតាមតម្លៃសេវាដែលកំណត់ក្នុងច្បាប់។

នេះជាការលើកឡើងរបស់ ឯកឧត្ដម ឌឹម បូរ៉ា អភិបាលរងខេត្តកណ្ដាល ក្នុងពិធីប្រកាសចូលកាន់តំណែងជាអភិបាលរង នៃគណៈអភិបាលស្រុកអង្គស្នួល នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤ នៅសាលស្រុកអង្គស្នួល។

ឯកឧត្ដម ឌឹម បូរ៉ា បន្តថា៖ ក្រុមប្រឹក្សាស្រុក គណៈអភិបាលស្រុក មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សូមផ្តល់ការគាំទ្រ និងរួមសហការជាមួយលោក លោកស្រីជា អភិបាលរង ដែលទទួលការតែងតាំងថ្មី រឹតបន្តឹងបញ្ហាសន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់សាធារណៈ លុបបំបាត់ឱ្យបានជាអតិបរមានូវ បទល្មើសគ្រប់ប្រភេទ ជាពិសេសបញ្ហាល្បែងស៊ីសង ការជួញដូរមនុស្ស បទល្មើសនេសាទ និងបញ្ហាគ្រឿងញៀន ក្មេងទំនើង និងបន្តការអនុវត្តឱ្យបានម៉ឺងម៉ាត់ នូវគោលនយោបាយភូមិឃុំ សង្កាត់ មានសុវត្ថិភាព ដែលមានលក្ខណៈ ៧យ៉ាង របស់រាជរដ្ឋាភិបាល ឱ្យបានល្អប្រសើរ ដើម្បីរួមគ្នា ថែរក្សា ការពារ សន្តិភាព ស្ថិរភាព សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងខិតខំរួមសាមគ្គីគ្នាធ្វើការអភិវឌ្ឍស្រុកស្អាងឱ្យមានការរីក ចម្រើនលើគ្រប់វិស័យជាបន្តទៀត។ ជាមួយគ្នានេះដែរ ត្រូវបន្តខិតខំយកចិត្តទុកដាក់លើការងារផ្តល់សេវាសាធារណៈ ដោយត្រូវប្រកាន់យកនូវគោលការណ៍ បីជាសំខាន់គឺ ធ្វើឱ្យបាន ធ្វើឱ្យលឿន ធ្វើឱ្យមានតម្លាភាព ហើយគោរពទៅតាមតម្លៃសេវាដែលកំណត់ក្នុងច្បាប់។ ត្រូវបន្តពង្រឹង និងកែលម្អការផ្តល់សេវារដ្ឋបាលតាមការិយាល័យច្រកចេញចូលតែមួយ នៅរដ្ឋបាលស្រុក ដែលទើបត្រូវបានកែសម្រួលបែបបទ និងនីតិវិធីនៃការផ្តល់សេវាស្របតាមរចនាសម្ព័ន្ធ និងមុខងារថ្មី ដោយត្រូវយក ចិត្តទុកដាក់ក្នុងការពង្រឹងសមត្ថភាព និងសីលធម៌វិជ្ជាជីវៈរបស់មន្ត្រីក្នុងការបំពេញការងាររបស់ខ្លួន ដើម្បីធានាឱ្យប្រជាពលរដ្ឋទទួលបានសេវារដ្ឋបាលនានាកាន់តែងាយស្រួល ឆាប់រហ័ស មានតម្លាភាព និងគណនេយ្យភាព។ លើសពីនេះទៀត រដ្ឋបាលស្រុកត្រូវជំរុញ និងគាំទ្រការងាររៀបចំដាក់ឱ្យដំណើរការ ការផ្តល់សេវារដ្ឋបាល តាមយន្តការច្រកចេញចូលតែមួយនៅរដ្ឋបាលឃុំ ។

បន្ថែមពីនេះទៀត ឯកឧត្ដមអភិបាលរងខេត្ត ជំរុញអោយរដ្ឋបាលស្រុកអង្គស្នួល ត្រូវអនុវត្តកម្មវិធីកំណែទម្រង់នានារាជរដ្ឋាភិបាលកម្ពុជា ក្នុងនោះរួមទាំងកំណែទម្រង់រដ្ឋបាលសាធារណៈ កំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ កំណែទម្រង់ហិរញ្ញវត្ថុសាធារណៈ និងកំណែទម្រង់ប្រព័ន្ធយុត្តិធម៌ ដើម្បីបង្កើតឡើងនូវកាលានុវត្តភាពថ្មីៗ បន្ថែមទៀត សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច និងការកាត់បន្ថយភាពក្រីក្រ ប្រកបដោយសមធម៌ និងចីរភាព។ លើសពីនេះ រដ្ឋបាលស្រុកក៏ត្រូវបន្តខិតខំអនុវត្តផែនការអភិវឌ្ឍន៍៥ឆ្នាំ និងកម្មវិធីវិនិយោគ៣ឆ្នាំរំកិលរបស់ស្រុក ដោយត្រូវចេះធ្វើការកំណត់អាទិភាពនូវគម្រោងណាដែលចាំបាច់។ ជាពិសេស ត្រូវខិតខំ កៀរគរប្រមូលធនធានពីសប្បុរសជន និងដៃគូអភិវឌ្ឍន៍នានា ដើម្បីយកមកប្រើប្រាស់ក្នុងការអនុវត្តគម្រោងនានានៅក្នុងស្រុក។

សូមបញ្ជាក់ផងដែរថា៖ លោក សេង ណារ័ត្ន ត្រូវបានតែងតាំងជាអភិបាលរងស្រុកអង្គស្នួល និងលោកស្រី ឈន ស៊ីថា តែងតាំងឱ្យកាន់មុខតំណែងជាអភិបាលរងសម្រាប់អាណត្តិទី២បន្ត និងផ្ទេរភារកិច្ចលោក ស ម៉េង ពីអភិបាលរងនៃគណៈអភិបាលស្រុកអង្គស្នួល ឱ្យទៅបម្រើការងារនៅរដ្ឋបាលខេត្តកណ្តាល។

អត្ថបទដែលជាប់ទាក់ទង