អភិបាលខេត្តកណ្តាល ជួបសំណេះសំណាល សាកសួរសុខទុក្ខ និងការចែករំលែកក្ដីស្រឡាញ់ ក្នុងឱកាសទិវានៃក្តីស្រឡាញ់ ១៤កុម្ភ: ជូនក្មួយៗកុមារអូទីស្សឹម ស្ថិតក្នុងវិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ
កណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាល ព្រមទាំងឯកឧត្តម-លោកជំទាវអភិបាលរងខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត នៅរសៀលថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤នេះ បានអញ្ជើញ ជួបសំណេះសំណាល សាកសួរសុខទុក្ខ និងការចែករំលែកក្ដីស្រឡាញ់ ក្នុងឱកាសទិវានៃក្តីស្រឡាញ់ ១៤កុម្ភ: ជូនក្មួយៗកុមារអូទីស្សឹម ស្ថិតក្នុងវិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ។
ថ្លែងទៅកាន់ លោក-គ្រូអ្នកគ្រូ និងមាតាបិតា កុមារខ្សោយសតិបញ្ញាក្នុងពិធីនេះ ឯកឧត្តម គង់ សោភ័ណ្ឌ បានចាត់ទុកការចែករំលែកស្តីស្រឡាញ់ គឺជារឿងចាំបាច់ដែលយើងទាំងអស់គ្នា ត្រូវតែធ្វើទោះបីតិចក្ដីច្រើនក្ដី ព្រោះបានបង្ហាញឲ្យឃើញពីសណ្ដានចិត្ត ការសណ្ដោសប្រោសប្រណី បង្កើតស្នាមញញឹមឲ្យកុមារដែលជាទំពាំងស្នងឫស្សី ដើម្បីការអភិវឌ្ឍសង្គមប្រកបដោយនិរន្តរន៍ភាព និងសុដុមរមនា។
ឯកឧត្តមអភិបាលខេត្ត បានថ្លែងអំណរគុណ និងការកោតសរសើរ និងសូមវាយតម្លៃខ្ពស់ចំពោះ ថ្នាក់ដឹកនាំ លោកគ្រូ អ្នកគ្រូ នៃវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅទាំងអស់ ដែលបានខិតខំប្រឹងប្រែង ទាំងកម្លាំង កាយ ចិត្ត ប្រាជ្ញា យកចិត្តទុកដាក់ ថែទាំ អប់រំ និងបណ្តុះបណ្ដាលដល់សិស្សពិការភាពសតិបញ្ញា និងអូទីស្សឹមបានយ៉ាងល្អប្រសើរ។
ឯកឧត្តមអភិបាលខេត្ត បានបញ្ជាក់ថា វិទ្យាល័យអប់រំពិសេស ក្រុងតាខ្មៅ គឺពិតជាមានសារៈសំខាន់ខ្លាំងណាស់ ក្នុងការជួយថែទាំ អប់រំ និងបណ្តុះបណ្ដាលដល់សិស្សពិការភាពសតិបញ្ញា និងអូទីស្យូម ជាងនេះទៅទៀតមិនត្រឹមតែបានផ្តល់នូវចំណេះដឹង និងការថែទាំប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានជួយសម្រួលដល់ការ លំបាក របស់មាតា បីតា និងអណាព្យាបាលក្មួយៗអូទីស្សឹមមានពេលវេលា សម្រាប់រកស៊ីលក់ដូរផងដែរ។
បន្ទាប់ពីកិច្ចសំណេះសំណាលរួច ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្ត និងមន្ត្រីរាជការ បានផ្តល់ក្តីស្រឡាញ់ដោយរៀបចំអាហារ ផ្តល់អំណោយគ្រឿងឧបភោគ បរិភោគ និង ថវិកាជូនដល់លោកគ្រូ-អ្នកគ្រូ អាណាព្យាបាលសិស្ស និងកុមារខ្សោយសតិបញ្ញា ដោយឯកឧត្តមបានផ្ដាំផ្ញើដល់នាយកវិទ្យាល័យអប់រំពិសេសត្រូវបន្តខិតខំអភិវឌ្ឍន៍វិទ្យាល័យឲ្យកាន់តែទំនើប ក្នុងការបង្ហាត់ បង្រៀនដល់ក្មួយៗឲ្យក្លាយជាសិស្សល្អ កូនល្អ។
លោក ចាន់ សារិន នាយកវិទ្យាល័យអប់រំពិសេសក្រុងតាខ្មៅ បាន មាន ប្រសាសន៍ថា សាលាផ្តោតលើការសិក្សាអប់រំពិសេស ដល់សិស្សពិការពេញ ១ថ្ងៃ ក្នុងទីតាំង ៤កន្លែង និងបានផ្ដល់អាហារ ៣ពេលក្នុង១ថ្ងៃ មានការថែទាំស្នាក់នៅពេលថ្ងៃ ដោយមានការយកចិត្តទុកដាក់បំផុតស្របតាមស្តង់ដារបច្ចេកទេសផ្នែកអប់រំពិសេស។ វិទ្យាល័យមានគ្រូបង្រៀនសរុប ៧២នាក់ ស្រី ៤០ នាក់ ក្នុងនោះ គ្រូក្របខ័ណ្ឌពិសេស ចំនួន៣៥ នាក់ ស្រី២០នាក់ គ្រូជាប់កិច្ចសន្យា ១៥ ស្រី ៧នាក់ គ្រូស្ម័គ្រចិត្ត ១៨ ស្រី១០ នាក់អ្នកស្ម័គ្រចិត្តបម្រើការចុងភៅ អ្នកអនាម័យ និងអ្នកយាមសរុប ៥នាក់ ស្រី០៣ ។ សិស្សពិការភាពសតិបញ្ញាមាន ២៦០នាក់ ស្រី ៦១នាក់ ៕