កិច្ចប្រជុំពិនិត្យ និងពិភាក្សាផ្ដល់ធាតុចូលលើប្រធានបទ១ ការងារការពង្រឹងសន្តិសុខជាតិ សណ្ដាប់ធ្លាប់សាធារណៈ និងសង្គមជាតិ និងប្រធានបទទី២ ការលើកម្ពស់ប្រសិទ្ធភាព ការងារអត្តសញ្ញាណកម្ម និងពន្ធនាគារ
កណ្ដាល៖ព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ ២០២៤នេះ ឯកឧត្តម ណុប ដារ៉ា អភិបាលរងខេត្តកណ្តាល បានដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាផ្ដល់ធាតុចូលលើប្រធានបទ១ ការងារការពង្រឹងសន្តិសុខជាតិ សណ្ដាប់ធ្លាប់សាធារណៈ និងសង្គមជាតិ និងប្រធានបទទី២ ការលើកម្ពស់ប្រសិទ្ធភាព ការងារអត្តសញ្ញាណកម្ម និងពន្ធនាគារ ដោយមានការអញ្ជើញចូលរួមពីកងកម្លាំងទាំង៣ អាជ្ញាធរក្រុង-ស្រុក និងមន្ត្រីពាក់ព័ន្ធផងដែរ។
ក្នុងកិច្ចប្រជុំនេះ ឯកឧត្តម ណុប ដារ៉ា បានណែនាំអាជ្ញាធរក្រុង-ស្រុក និងកងកម្លាំងមានសមត្ថកិច្ចត្រូវលើកឡើងពីបញ្ហាប្រឈម និងសំណូមពរនានា របស់ខ្លួនដើម្បីពិភាក្សារួមគ្នាដោះស្រាយឲ្យមានប្រសិទ្ធភាពខ្ពស់ ជាពិសេសពាក់ព័ន្ធនឹងបញ្ហាគ្រឿងញៀនល្បែងស៊ីសង ឯកឧត្តមអភិបាលរងខេត្ត បានជំរុញដល់អាជ្ញាធរមានសមត្ថកិច្ចត្រូវមានវិធានការបង្ក្រាបឲ្យបានម៉ឺងម៉ាត់ករណីលើសដែនសមត្ថកិច្ចរបស់ខ្លួនត្រូវរាយការណ៍មកកាន់រដ្ឋបាលខេត្តដើម្បីអន្តរាគមន៍ឲ្យទាន់ពេលវេលា។
បន្ថែមពីលើនេះ ឯកឧត្តម បានជំរុញដល់អាជ្ញាធរក្រុង-ស្រុកត្រូវបន្តកិច្ចសហការគ្នាជាមួយកងកម្លាំងមានសមត្ថកិច្ចឲ្យកាន់តែល្អប្រសើរថែមទៀត ដើម្បីរួមគ្នាបង្ក្រាបបទល្មើសផ្សេងៗ រក្សាបាននៅសន្តិសុខសណ្ដាប់ធ្នាប់ល្អក្នុងមូលដ្ឋានខ្លួន និងខិតខំបម្រើសេវាជូនប្រជាពលរដ្ឋឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់។