ខេត្តកណ្តាល៖ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល នារសៀលថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤ នេះបានដឹកនាំដឹកនាំកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ជាមួយអាជ្ញាធរ ក្រុង-ស្រុកទាំង១៣ មន្ទីរអង្គភាពពាក់ព័ន្ធ កងកម្លាំងគ្រប់ប្រភេទ ទូទាំងខេត្តកណ្តាល ដើម្បីត្រួតពិនិត្យទីតាំងល្បែងផ្សងសំណាង នៅតាមមូលដ្ឋានរបស់ខ្លួន ដើម្បីចាត់វិធានការបិទជាបន្ទាន់ ក្នុងករណីបន្តបើកអាជីវកម្មតទៅទៀត។
មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម គង់ សោភ័ណ្ឌអភិបាលខេត្តកណ្តាល បានជម្រុញដល់អាជ្ញាធរក្រុង-ស្រុកទាំង១៣ ត្រូវបង្ក្រាបទីតាំងណាដែលគ្មានការអនុញ្ញាត្តឲ្យអស់ពីទឹកដីខេត្តកណ្ដាល និងបិទជាបន្ទាន់ និងមិនត្រូវអនុញ្ញាតឲ្យបើកទីតាំងល្បែងថ្មីៗ បន្តទៀតនោះទេបើទោះបីជាមានអាជ្ញាបណ្ណក៏ដោយ។
ឯកឧត្តមបន្តថា៖ ពាក់ព័ន្ធទៅនឹងការគ្រប់គ្រងល្បែងស៊ីសងនៅក្នុងខេត្ត បន្ទាប់ពីទទួលបានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាល ឯកឧត្តមបានបើកកិច្ចប្រជុំជាមួយមន្រ្តីពាក់ព័ន្ធដើម្បីវាយតម្លៃ ត្រួតពិនិត្យ និងបានដាក់ចេញ បទបញ្ជាបន្តបន្ទាប់ដើម្បីទប់ស្កាត់ការលេងល្បែងតាមអនឡាញ ព្រោះការលេងល្បែងនេះវាប៉ះពាល់ដល់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ ខ្លាំងណាស់ បង្កការប្រើអំពើហិង្សា និងធ្លាក់ខ្លួននៅក្នុងស្ថានភាពបំណុលផងដែរ បញ្ហាចោរកម្ម ប្លន់ លួចជាដើម ដែលនេះជាបញ្ហាប្រឈមរបស់អាជ្ញាធរមូលដ្ឋាន ដែលទាមទារឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់ព្យាយាមអប់រំ និងពន្យល់បងប្អូនប្រជាពលរដ្ឋកុំឲ្យលេងល្បែងតទៅទៀត បើទោះបីជាល្បែងទាំងអស់ នោះមានច្បាប់ក៏ដោយ។
ក្នុងឱកាសនោះឯកឧត្តមបានស្នើដល់អាជ្ញាធរ និងកងកម្លាំងគ្រប់ប្រភេទ ត្រូវអនុវត្គគោលនយោបាយភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព បង្ក្រាបឲ្យបាននូវបទល្មើសនានា ដោយមិនឱ្យមានបទល្មើសដូចជាចោរកម្ម គ្រឿងញៀន ក្មេងទំនើង គោរពច្បាប់ចរាចរណ៍ ចូលរួមថែរក្សាហេដ្ឋារចនាស័ម្ពន្ធ និងសមិទ្ធផលនានានៅក្នុងមូលដ្ឋាន ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ៕