បន្ទាយមានជ័យ៖ កាលពី ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២៤ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានចុះប្រតិបត្តិការបង្ក្រាបករណីជួញដូរ រក្សាទុក និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ឃាត់ខ្លួនជនសង្ស័យជនជាតិថៃចំនួន០២នាក់ ១-ឈ្មោះ សាន់ទិ យិនមែន ហៅនួត ភេទប្រុស ជនជាតិថៃ អាយុ៣៣ឆ្នាំ ទីលំនៅបច្ចុប្បន្នស្រុកតាផៃយ៉ា ខេត្តស្រះកែវ ប្រទេសថៃ (រក្សាទុក), ២-ឈ្មោះ ឆៃវ៉ាត់ ឈុមសាល ហៅ ណាត់ ភេទប្រុស ជនជាតិថៃ អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកកាស៊ីណូ បច្ចុប្បន្នស្នាក់នៅភូមិមិត្តភាព សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ជួញដូរ និងប្រើប្រាស់) នៅចំណុចផ្សាររាត្រីទឹកពុះ ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់អូរជ្រៅ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ព្រមទាំងចាប់យកសម្ភារៈវត្ថុតាងរួមមាន -គ្រឿងញៀនប្រភេទម្ស៉ៅក្រាមសថ្លា (ICE) ចំនួន ០៥កូនថង់កិប ទម្ងន់ ២,៣៩ក្រាម, -គ្រឿងញៀនប្រភេទថ្នាំគ្រាប់រាងមូល ពណ៌ក្រហមក្បឿង (WY) ចំនួន១១កូនថង់កិប ស្មើនឹង៧៨គ្រាប់ ទម្ងន់ ១០,៦៥ក្រាម,-ម៉ូតូចំនួន០១គ្រឿង ម៉ាកហុងដា Zoomer-X ពណ៌ស-ស្វាយ ផលិតឆ្នាំ២០១៨ ពាក់ផ្លាកលេខ1GY-3126, -ទូរស័ព្ទ ចំនួន ០២គ្រឿង (ម៉ាកOPPO A57 ពណ៌ខ្មៅ បែកអេក្រង់, ម៉ាកIPhone7 ពណ៌ផ្កាឈូក), -នាឡិកាដៃ ចំនួន ០១គ្រឿង,-ចិញ្ចៀនលោហធាតុពណ៌លឿង ចំនួន ០១វង់, -កាបូបស្ពាយ ចំនួន ០១,និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន។
មុនពេលបង្រា្កបករណីនេះ នៅវេលាកើតហេតុកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត បានទទួលព័ត៌មានពីសន្តិសុខយាមនៅម្តុំផ្សាររាត្រីទឹកពុះថាមានករណីជួញដូរ និងប្រើប្រាស់នូវសារធាតុញៀន ភ្លាមៗនោះកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងបានចុះទៅដល់ចំណុចកើតហេតុហើយធ្វើការឃាត់ខ្លួនជនសង្ស័យទាំង២នាក់រួចធ្វើការឆែកឆេកឆេររកឃើញវត្ថុតាងគ្រឿងញៀន ហើយនាំមកកាន់មូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតដើម្បីចាត់ការតាមនីតិវិធី។ បន្ទាប់ពីការឃាត់ខ្លួនកម្លាំងបានធ្វើតេស្តរកសារធាតុញៀនក្នុងទឹកនោមលើជនសង្ស័យទាំងពីរនាក់ ដោយឈ្មោះ សាន់ទិ យិនមែន ហៅ នួត អវិជ្ជមាន(-) និងឈ្មោះ ឆៃវ៉ាត់ ឈុមសាល ហៅ ណាត់ វិជ្ជមាន(+) ។
ក្រោយពីសមត្ថកិច្ចឃាត់ខ្លួន ផ្អែកលើចម្លើយសារភាព និងមានវត្ថុតាងជាក់ស្តែង កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានកសាងសំណុំរឿងបញ្ជូនមកបញ្ជាការដ្ឋានកងរាជអាវុធហត្ថខេត្ត ។
បង្ក្រាបករណីនេះ ក៏ទទួលបានការអនុញ្ញាតនិងមានការសម្របសម្រួលនីតិវិធីពី ឯកឧត្តម កើត វណ្ណារ៉េត ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តផងដែរ ។
ជនសង្ស័យត្រូវបានកម្លាំងការិយាល័យប្រឆាំងគ្រឿងញៀន កងរាជអាវុធហត្ថខេត្ត បញ្ជូនទៅសាលាដំបូងខេត្តហើយនៅរសៀលថ្ងៃចន្ទ ទី០៤ ខែមីនា ឆ្នាំ២០២៤នេះ ដើម្បីអនុវត្តតាមនីតិវិធី៕