វេទិកាការងារ និងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពី៖ “ការត្រៀមខ្លួនចូលទីផ្សារការងារ” ដែលសហការរៀបចំឡើងដោយទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ស.ស.យ.ក វិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និង សាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច (RULE) បានចាប់ផ្តើមហើយនាព្រឹកថ្ងៃទី៦ ខែមីនា ឆ្នាំ២០២៤ នេះ ដោយនាំយកក្រុមហ៊ុន/សហគ្រាសធំៗចំនួន ២២ ផ្តល់ឱកាសការងារចំនួន ២៥២៥ កន្លែងសម្រាប់និស្សិត និងអ្នកស្វែងរកការងារធ្វើ នៅបរិវេណសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច ចាប់ពីម៉ោង ៨ព្រឹក ដល់ ៥ល្ងាច។ ក្រៅពីទទួលបានឱកាសការងាររាប់ពាន់កន្លែង យុវជន និងនិស្សិតទាំងអស់ ក៏អាចចូលរួមក្នុងសិក្ខាសាលា ដែលមានការចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ល្អៗពីសំណាក់វាគ្មិនជំនាញៗ ពីសារៈសំខាន់នៃការត្រៀមខ្លួនចូលទីផ្សារការងារផងដែរ។
ឯកឧត្តមបណ្ឌិត នៀ សុផន សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច បានលើកឡើងនៅក្នុងពិធីបើកវេទិកា និងសិក្ខាសាលា នាព្រឹកមិញនេះថា ការត្រៀមខ្លួនចូលទីផ្សារការងារ គឺជាយុទ្ធសាស្រ្តដ៏មានឧត្តមភាពសម្រាប់ និស្សិតដែលកំពុងសិក្សា ឬត្រៀមបញ្ចប់ការសិក្សា ក្នុងការត្រៀមខ្លួនស្វែងរកការងារធ្វើ។ ឯកឧត្តមបណ្ឌិត បានផ្តាំផ្ញើដល់និស្សិតទាំង សូមយកចិត្តទុកដាក់ស្តាប់ និងកត់ត្រាទុកនូវចំណុចគន្លឹះសំខាន់ៗក្នុងការស្វែងរកការងារធ្វើ ដែលវាគ្មិនជំនាញៗនឹងចែករំលែកចំណេះដឹង និងបទពិសោធន៍នៅក្នុងសិក្ខាសាលា។
លោកស្រី អ៊ូច ជាចន្ទ័មល្លិកា ប្រធានទីភ្នាក់ងារជាតិមុខរបរ និងការងារស្តីទី នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានលើកឡើងថា វេទិកាការងារ និងសិក្ខាសាលាចែករំលែកចំណេះដឹង និងបទពិសោធន៍ស្តីពីការត្រៀមខ្លួនចូលទីផ្សារការងារ នេះ គឺជាផ្នែកមួយនៃយន្តការផ្ដល់សេវាការងារសាធារណៈរបស់រាជរដ្ឋាភិបាលក្នុងការផ្តល់ព័ត៌មានអំពីទីផ្សារការងារ ក៏ដូចជាការនាំយកឱកាសការងារឲ្យកាន់តែខិតជិតដល់យុវជន និងអ្នកស្វែងរកការងារ ដើម្បីបង្កើនលទ្ធភាពនៃការទទួលបានការងារកាន់តែឆាប់រហ័ស។
លោកស្រីបន្ថែមថា ទីភ្នាក់ងារជាតិមុខរបរ និងការងារ តែងតែរៀបចំវេទិកាការងារ ពិព័រណ៍ការងារ និងកិច្ចសម្ភាសការងារជាប្រចាំដើម្បីបង្កើតជាកន្លែងជួបជុំគ្នាដោយងាយស្រួលរវាងអ្នកស្វែងរកការងារធ្វើ និងនិយោជកដែលកំពុងត្រូវការជ្រើសរើសបុគ្គលិក អាចពិភាក្សា និងស្វែងយល់អំពីតម្រូវការជំនាញនៅក្នុងទីផ្សារការងារ។ លោស្រីក៏បានថ្លែងអំណរគុណដល់សាកលវិទ្យាល័យ ក៏ដូចជាគ្រឹះស្ថានអប់រំទាំងអស់ដែលតែងតែសហការយ៉ាងស្អិតរមួតជាមួយ NEA និងពិសេសអរគុណចំពោះបណ្តាក្រុមហ៊ុន សហគ្រាសទាំងអស់ដែលគាំទ្រ និងជឿជាក់លើសេវារបស់ NEA ហើយតែងតែចូលរួមក្នុងព្រឹត្តិការណ៍ការងាររបស់ NEA នាពេលកន្លងមក។
សម្រាប់ យុវជន សិស្ស-និស្សិត និងសាធារណៈជនទូទៅដែលមានបំណងចង់ស្វែងរកការងារ ឬផ្លាស់ប្តូរការងារកុំភ្លេចចូលរួម ដាក់ពាក្យសម្ភាសជាមួយតំណាងក្រុមហ៊ុនដោយផ្ទាល់ ហើយកុំភ្លេចរៀបចំខ្លួនឲ្យបានសមរម្យ មុននឹងចូលសម្ភាស ដោយភ្ជាប់ជាមួយនឹងប្រវត្តិរូបរបស់ខ្លួន (CV) ផងដែរ៕