អបអរសាទរខួបលើកទី ១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ ស្រ្តី និង ក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល”

ភ្នំពេញ៖  នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែមាឃ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនិងថ្ងៃទី០៧ ខែមីនា ឆ្នាំ២០២៤ លោក ថេង សុថុល អភិបាល នៃគណៈអភិបាលខណ្ឌ៧មករា បានអញ្ជើញជាអធិបតីក្នុងពិធីជួបជុំសំណេះសំណាលជាមួយក្រុមការងារ យេនឌ័រ ព្រមទាំងមន្រ្តីរាជការជាស្ត្រី នៅសាលាខណ្ឌ៧មករា ដើម្បីអបអរសាទរខួបលើកទី ១១៣ ទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៤ ក្រោមប្រធានបទ “ស្រ្តី និង ក្មេងស្រីក្នុងបរិវត្តកម្មឌីជីថល”។

គោលបំណងនៃទិវាអន្តរជាតិនារីលើកទី១១៣ គឺដើម្បីរំលេចសក្តានុពល និងភាពចាំបាច់ នៃការលើកកម្ពស់ការចូលរួម និងភាពជាតំណាងរបស់ស្រ្តី និងក្មេងស្រីក្នុងយុគសម័យឌីជីថល ប្រកបដោយប្រសិទ្ធភាព សុវត្ថិភាព និងធានាបាននូវសិទ្ធិ ព្រមទាំងឱកាសពេញលេញក្នុងការទទួលបានជម្រើស និងភាពជាតំណាងប្រកបដោយសក្តានុពល ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គមជាតិប្រកបដោយចីរភាព និងបរិយាបន្ន។ លោកអភិបាល បានកោតសរសើរជូនចំពោះមន្រ្តីរាជការជាស្រ្តីគ្រប់រូប ដែលកន្លងមកបានបំពេញបេសកកម្មប្រកបដោយភាពអំណត់ព្យាយាម ពុះពារគ្រប់ឧបសគ្គ ដើមី្បចូលរួមចំណែកក្នុងការផ្តល់ សេវាសាធារណៈជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

ម្យ៉ាងវិញទៀត លោកអភិបាល ក៏បានផ្តាំផ្ញើរដល់មន្រ្តីរាជការជាស្ត្រី ទោះក្នុងតំលៃណាក៏ដោយត្រូវថែរក្សាឱ្យបាននូវសន្តិភាព ត្រូវតែពង្រឹងសមត្ថភាពខ្លួនឯង ទាំងចំណេះដឹង និងជំនាញ ក្នុងការ បំពេញ ភារកិច្ចដោយ ស្មារតី ទទួលខុសត្រូវខ្ពស់ ហើយត្រូវបន្តរក្សាប្រពៃណីថ្លៃថ្នូររបស់ស្រ្តីខ្មែរ ដើមី្បលើកកម្ពស់សីលធម៌សង្គម តម្លៃស្ត្រី និងគ្រួសារខ្មែរឱ្យបានគង់វង្ស។

លោកអភិបាល បានបញ្ជាក់ថា រដ្ឋបាលខណ្ឌ៧មករា រួមទាំងរដ្ឋបាលសង្កាត់ទាំង៨ មានភាពចាំបាច់ក្នុងការចូលរួមគាំទ្រ និងអនុវត្តការងារលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី ដើម្បីបង្កើតបរិស្ថានអំណោយផល និងផ្តល់ឱកាសឱ្យស្ត្រីបានបន្តចូលរួមយ៉ាងពេញលេញក្នុងការអនុវត្តសិទ្ធិ និងករណីយកិច្ច ព្រមទាំងទទួលបានផលប្រយោជន៍ពីកិច្ចអភិវឌ្ឍក្នុងមូលដ្ឋានខណ្ឌ៧មករា ប្រកបដោយសមធម៌ និងសមភាព តាមរយៈការបន្តគិតគូរដល់ស្ត្រី ។

 

ក្នុងពិធីសំណេះសំណាលនេះដែរ លោកអភិបាល ក៏បានផ្តល់ជូននូវបាច់ផ្កាអនុស្សាវរីយ៍ ដល់ភរិយា ព្រមទាំងតំណាងនារីខណ្ឌ និងបានឧបត្ថម្ភលើកទឹកចិត្ត ហូលផាមួង ម្នាក់ ១ ផងដែរ ។

អត្ថបទដែលជាប់ទាក់ទង