សមាជិកក្រុមប្រឹក្សាខេត្តអភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត និងមន្ត្រីរាជការប្រមាណជាង ២ ពាន់នាក់
កណ្តាល៖ នាព្រឹកថ្ងៃទី១៥ខែមីនាឆ្នាំ២០២៤ សម្ដេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានអញ្ជើញជាអធិបតី ក្នុងពិធីអបអរសាទរខួបលើកទី១១៣ ទិវាអន្តរជាតិ សិទ្ធិនារី ៨មីនា ក្រោមប្រធានបទ”ស្ត្រី និងក្មេងស្រី ក្នុងបរិវត្តកម្មឌីជីថល” នៅសួនច្បារមាត់ទន្លេរក្រុងតាខ្មៅ ដោយមានការចូលរួមពី ឯកឧត្តម នូ សាខន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្ដាលនិង
លោកឧកញ៉ាតាំងសុខឃី ឯកឧត្តម លោកជំទាវ សមាជិកក្រុមប្រឹក្សាខេត្តអភិបាលរងខេត្ត មន្ទីរជុំវិញខេត្ត និងមន្ត្រីរាជការប្រមាណជាង ២ ពាន់នាក់។
ថ្លែងក្នុងពិធីនេះ សម្តេចប្រធានរដ្ឋសភា បានបញ្ជាក់ថា នៅកម្ពុជា សមភាពយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្ត្រី នៅតែបន្តទទួលបានការយកចិត្តទុកដាក់យ៉ាងខ្លាំងពីរាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី ។ រាជរដ្ឋាភិបាលបានប្តេជ្ញាបន្តថែរក្សាមរតក ដែលបានកសាងដោយរាជរដ្ឋាភិបាលអាណត្តិមុនៗ តាមរយៈការជំរុញរបៀបវារៈយេនឌ័រ និងការផ្តល់ភាពអង់អាចដល់ស្ត្រី ក្នុងវិស័យអប់រំ សុខភាព សេដ្ឋកិច្ច និងតួនាទីដឹកនាំ ដើម្បីទាញយកអត្ថប្រយោជន៍ពីភាគលាភយេនឌ័រ ការប្រើប្រាស់សិទ្ធិក្នុងការសម្រេចលើសុខភាពនិងផែនការគ្រួសារ និងការកាត់បន្ថយភាពងាយរងគ្រោះដោយអំពើហិង្សាលើ ស្ត្រី និងក្មេងស្រី។
សម្តេចរដ្ឋសភាធិបតី បានលើកឡើងថា នៅក្នុងពេលដែលបងប្អូនស្ត្រី និងកុមារី នៅកម្ពុជា បានកំពុងប្រារព្ធអបអរសាទរទិវាអន្តរជាតិនារី យ៉ាងសប្បាយរីករាយ មានស្ត្រីនិងកុមារីជាច្រើន នៅលើសកលបានកំពុងប្រឈមការរំលោភរំពានហិង្សាគ្រប់រូបភាព ដោយសារតែវិបត្តិនៃជម្លោះ និងសង្គ្រាមស៊ីវិល។ ស្ត្រី និងកុមារីទាំងនោះ មិនមានសូម្បីតែសិទ្ធិជាមូលដ្ឋាន រួមមានសិទ្ធិរស់រានមានជីវិតក៏គ្មានដែរ កុំថាឡើយទាមទារសិទ្ធិទទួលបានការអប់រំ សិទ្ធិទទួលបានសេវាថែទាំសុខភាព និងសិទ្ធិចូលរួមក្នុងសកម្មភាពនានាក្នុងសង្គម សេដ្ឋកិច្ច និងនយោបាយនោះ។ ដោយសារសុខសន្តិភាព ដែលមានតម្លៃមិនអាចកាត់ថ្លៃបាន ទើបកម្ពុជាយើងពិតជាមានសំណាង និងមោទនភាពដែលមានថ្នាក់ដឹកនាំ ប្រកបដោយភាពឈ្លាសវៃ ច្បាស់លាស់ ក្នុងកិច្ចខិតខំប្រឹងប្រែងកសាង និងថែរក្សាសន្តិភាពជូនប្រជាពលរដ្ឋ និងផ្តល់អាទិភាពខ្ពស់បំផុត ដល់ការជំរុញនិងលើកកម្ពស់សមភាពយេនឌ័រ។
ថ្លែងក្នុងពិធីនេះដែរ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល បានមានប្រសាសន៍ថា ការកំណត់មូលបទសម្រាប់យុទ្ធនាការឆ្នាំនេះរបស់កម្ពុជា បានរៀបចំឡើងឆ្លើយតបនឹងបរិបទ នៃការវិវត្តរបស់សង្គមក្នុងយុគសម័យឌីជីថល និងស្របតាមចក្ខុវិស័យ ដែលបានចង្អុលបង្ហាញនៅក្នុងយុទ្ធសាស្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា និងក្របខណ្ឌគោលនយោបាយ ក្នុងការលើកកម្ពស់សមភាពយេនឌ័រ និងបង្កើនភាពអង់អាចដល់ស្ត្រី និងក្មេងស្រី ។