រាជរដ្ឋាភិបាល ដាក់ឱ្យអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ក្នុងគោលដៅលើកកម្ពស់គុណភាពសេវាសុខាភិបាល និងពង្រឹងសមត្ថភាពផ្តល់សេវា សុខភាព បឋមនៅមូលដ្ឋាន ដោយផ្តោតជាចម្បងលើ ៣ចំណុច

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានថ្លែងថា រាជរដ្ឋាភិបាល បានដាក់ឱ្យអនុវត្តវិធានការគន្លឹះក្នុងវិស័យសុខាភិបាល ក្នុងគោលដៅលើកកម្ពស់គុណភាពសេវាសុខាភិបាលនិងពង្រឹងសមត្ថភាពផ្តល់សេវា សុខភាព បឋមនៅមូលដ្ឋាន ដោយផ្តោតជាចម្បងលើ ៣ចំណុច។

សម្តេចធិបតី ថ្លែងបែបនេះ នៅរសៀលថ្ងៃអង្គារ ទី១៩ ខែមីនា ឆ្នាំ ២០២៤នេះ ពេលអញ្ជើញជាអធិបតីបិទសន្និបាតបូកសរុបការងារឆ្នាំ២០២៣ និងលើកទិសដៅការងារឆ្នាំ២០២៤ របស់ក្រសួងសុខាភិបាល។
សម្តេចធិបតី បានបញ្ជាក់យ៉ាងដូច្នេះថា «៣ចំណុចនោះ រួមមាន៖
* ទី១៖ ការពង្រឹងសមត្ថភាពផ្តល់សេវានៅមណ្ឌល សុខភាព និង មន្ទីរពេទ្យបង្អែក
* ទី២៖ ការអភិវឌ្ឍសមត្ថភាពស្ថាប័នសុខាភិបាលគ្រប់លំដាប់ថ្នាក់ ក្នុងការគ្រប់គ្រងធនធានមនុស្ស ហិរញ្ញវត្ថុ ការងារនិយ័តកម្ម និង ការឆ្លើយតបទៅនឹងការគម្រាម កំហែងសុខភាពសាធារណៈ និង គ្រោះអាសន្នសុខភាព ព្រមទាំងលើកកម្ពស់ប្រសិទ្ធភាពនៃកិច្ច- ដំណើរការមុខងារសា្ថប័ន
* ទី៣៖ ការកសាងភាពជាដៃគូរឹងមាំរវាងវិស័យសុខាភិបាលសាធា- រណៈ និង ឯកជន ដើម្បីធានាឱ្យប្រជាជនទទួលបានសេវាថែទាំសុខភាពមានគុណភាព សុវត្ថិភាព និង ប្រសិទ្ធភាពខ្ពស់ »។
នាឱកាសនោះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញលើកទឹកចិត្តដល់មន្ត្រីសុខាភិបាល វេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាក និង បុគ្គលិកថែទាំងវេជ្ជសាស្ត្រទាំងអស់ សូមធ្វើអាទិភាវូនីយកម្មលើការសង្គ្រោះជីវិតលើសអ្វីៗទាំងអស់ ដោយហេតុថាមុខងារអាជីពជាចម្បងរបស់មន្ត្រីសុខាភិបាល វេជ្ជបណ្ឌិត គ្រូពេទ្យ គិលានុបដ្ឋាក និង បុគ្គលិកថែទាំងវេជ្ជសាស្ត្រទាំងអស់ គឺការសង្គ្រោះជីវិតប្រជាជន តាមរយៈការផ្តល់ការព្យាបាលសុខភាពប្រកបដោយក្រមសីលធម៌វិជ្ជាជីវៈខ្ពស់ ជាមួយនឹងការគោរព ស្រឡាញ់អ្នកជំងឺ និង អ្នកទទួលសេវាសុខាភិបាល ប្រកបដោយទឹកចិត្តបរិសុទ្ធបំផុត។
សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងថា ការពង្រឹងវិស័យសុខាភិបាល ឈរលើអភិក្រមចំនួនពីរ គឺពីក្រោមឡើងលើ និងពីលើចុះក្រោម។ ពង្រឹងពីក្រោមទៅលើ គឺការពង្រឹងសេវាមូលដ្ឋាន សេវាបឋម សេវាបញ្ជូន បំពេញគ្រូពេទ្យ ពង្រឹងគុណភាពថ្នាំ និងបរិក្ខារពេទ្យជាដើម។ ពង្រឹងពីលើចុះទៅក្រោម គឺការធ្វើទំនើបកម្មឧបករណ៍ពេទ្យ និងធ្វើពិពិធកម្មសមត្ថភាពគ្រូពេទ្យ នៅថ្នាក់ជាតិ តំបន់ និងខេត្ត។
ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ការបណ្តុះបណ្តាលធនធានមនុស្សផ្នែកសុខាភិបាល គឺជាកិច្ចការដ៏ចាំបាច់៕

អត្ថបទដែលជាប់ទាក់ទង