សម្តេចធិបតី ហ៊ុន ម៉ាណែត  ប្រជុំមិនបាច់វែងក៏បាន តែសំខាន់ការដាក់ចេញគោលដៅ ហើយអនុវត្តន៍ឱ្យបានចេញជាលទ្ធផល

(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា ការរៀបចំកិច្ចប្រជុំមិនបាច់វែងក៏បានដែរ ប៉ុន្តែសំខាន់នោះ គឺការដាក់ចេញគោលដៅ និងអនុវត្តន៍អ្វីដែលទទួលបានពីកិច្ចប្រជុំនោះ ឱ្យបានចេញជាលទ្ធផលទើបជាការប្រសើរ។

សម្តេចធបតីបញ្ជាក់ទៀតថា បើការប្រជុំរួចហើយ តែមិនយកយោបល់ ដែលបានពីកិច្ចប្រជុំនោះទៅអនុវត្តន៍ នោះកិច្ចប្រជុំស្មើនឹងគ្មានន័យ។
ការថ្លែងរបស់សម្តេចនាយករដ្ឋមន្ត្រី ធ្វើឡើងក្នុងឱកាសអញ្ជើញបិទសន្និបាតក្រសួងអប់រំ យុវជន និងកីឡា នារសៀលថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងយ៉ាងដូច្នេះថា «ខ្ញុំប្រជុំ ឯកឧត្តម លោកជំទាវ ប្រហែលជាចូលរួមប្រជុំច្រើនហើយ ប្រជុំដែលបានផលប្រយោជន៍ គឺប្រជុំមិនបាច់វែងក៏បាន តែចេញមកមានគោលដៅដែលត្រូវធ្វើបន្ត នេះដែលចាំបាច់។ បើគ្រាន់តែប្រជុំដើម្បីប្រជុំលើកយោបល់ ហើយបូកសរុបចប់ តែធ្វើដដែល អ្វីដែលបានពីកិច្ចប្រជុំ អត់ធ្វើ វាអត់ជោគជ័យ»។
ជាមួយគ្នានេះ សម្តេចបានថ្លែងនូវការកោតសរសើរ និងលើកទឹកចិត្តដល់ក្រសួងអប់រំ ដែលបានប្រមូលធាតុចូលសំខាន់ៗ ពីថ្នាក់ក្រោម ដើម្បីយកមកអភិវឌ្ឍន៍វិស័យអប់រំ។
សម្តេចក៏បានបញ្ជាក់ថា ចំពោះបញ្ហាប្រឈមនានាក្នុងវិស័យអប់រំ រាជរដ្ឋាភិបាលនឹងបន្តបំពេញចំណុចខ្វះខាតទាំងនោះ ទាំងការខ្វះខាតគ្រូ ខ្វះហេដ្ឋារចនាសម្ព័ន្ធ ដូចជាសាលារៀនជាដើម។
សម្តេចសង្កត់ធ្ងន់ថា នៅពេលដែលការខ្វះខាតទាំងនោះ មិនទាន់បានបំពេញ យើងមិនអាចអង្គុយរង់ចាំមិនធ្វើអ្វីនោះទេ។ សូមកុំចាំ អ្វីដែលមានក្នុងដៃ ត្រូវចេះច្នៃប្រឌិតធ្វើទៅ ដើម្បីបម្រើដល់ផលប្រយោជន៍ជាតិ និងប្រជាជន៕

អត្ថបទដែលជាប់ទាក់ទង