អង្គការសំអាតទន្លេ សមុទ្រ បានសហការរៀបចំកម្មវិធី“ទិវាអំពើល្អ Good Deeds Day” នៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ

កណ្តាល៖ អង្គការសំអាតទន្លេ សមុទ្រ បានសហការជាមួយមន្ទីរបិស្ថានខេត្តកណ្តាលរៀបចំកម្មវិធី“ទិវាអំពើល្អ Good Deeds Day” នៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ ក្រោមអធិបតីភាពឯកឧត្តម គ្រុយ ម៉ាឡែន អភិបាលរងខេត្តកណ្តាល នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។

មានប្រសាសន៍នៅក្នុងពិធីនេះ ឯកឧត្តម គ្រុយ ម៉ាឡែន បានចូលរួមអបអរសាទរ ទិវាអំពើល្អ ឆ្នាំ២០២៤ (Good Deeds Day 2024) នាពេលនេះ និងកោតសរសើរដល់មន្ទីរបរិស្ថានខេត្តកណ្តាល អង្គការសំអាតទន្លេ សមុទ្រ និងភាគីពាក់ព័ន្ធនានា ដែលតែងតែចូលរួមយ៉ាងសស្រាក់សស្រាំជាមួយរដ្ឋបាលខេត្ត ក្នុងការថែរក្សាបរិស្ថាន និងជាពិសេសសូមកោតសរសើរចំពោះការប្រើប្រាស់ទូកប្រមូលសំរាមនៅតាមទន្លេក្នុងខេត្តកណ្តាល និងតាមបណ្តាខេត្តអាទិភាពទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជា រួមនឹងការដឹកនាំសម្របសម្រួលពីលោកប្រធានមន្ទីរបរិស្ថានខេត្តកណ្តាល ដែលជានិច្ចជាកាលតែងតែដឹកនាំ កម្លាំងយុវជន សិស្សានុសិស្ស យុវជនស្ម័គ្រចិត្តក្នុងការធ្វើអនាម័យ បរិស្ថាន និងចូលរួមយុទ្ធនាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិកតាមសាលារៀន ទីតាំងនានា នៃភូមិសាស្រ្តរដ្ឋបាលខេត្តកណ្តាល និងសូមឱ្យសកម្មភាព និងអំពើល្អទាំងនេះមានជានិរន្តរ៍ និងបន្តរីកសាយក្នុងបេះដូងខ្មែរគ្រប់រូប។

ឯកឧត្តមបន្តថា៖អំពើល្អអាចធ្វើបានគ្រប់ពេលវេលា គ្រប់ទីកន្លែង នៅផ្ទះឬក្រៅផ្ទះ ឬនៅកន្លែងការងារ។ អំពើល្អនាំមកនូវសេចក្តីសប្បាយរីករាយ ជាអំពើបុណ្យ សុខភាពល្អ សុភមង្គល ភាពថ្លៃថ្នូរ សោភ័ណភាព ទឹកស្អាត ទាំងទន្លេ និងសមុទ្រ បឹងបួមានអនាម័យ ត្រជាក់ត្រជុំ សម្បូរសប្បាយ ចរាចរណ៍ ទេសចរណ៍កើនឡើង និរន្តរភាពស្បៀងអាហារ សេដ្ឋកិច្ចរីកចម្រើន ប្រទេស និងពិភពលោកទាំងមូលមានសន្តិភាព។ អំពើល្អផ្តើមពីចិត្តគំនិត ដោយមិនគិតអំពីភាពមាន ឬក្រ ពណ៌សម្បុរ ភេទ ក្មេង ឬចាស់ នោះឡើយដូច្នេះមនុស្សគ្រប់រូបអាចធ្វើអំពើល្អ និងបន្តពង្រីកអំពើល្អរបស់យើងឱ្យកាន់តែទូលំទូលាយទៅតាមលទ្ធភាព និងសមត្ថភាព។

ឯកឧត្តមអភិបាលរងខេត្តបន្ថែមថា៖ ក្នុងពិធី បុណ្យចូលឆ្នាំប្រពៃណីជាតិខែ្មរ កន្លងទៅថ្នីៗនេះ នៅក្រុងតាខ្មៅ ក៏មានការចូលរួមសម្អាតអនាម័យបរិស្ថាន ពីបណ្តាសិស្សានុសិស្ស យុវជនសសយក រដ្ឋបាលសង្កាត់តាខ្មៅ ក្រុមហ៊ុនស៊ិនទ្រី និងអ្នកស្ម័គ្រចិត្តជាច្រើននាក់បានចូលរួមជាមួយមន្រ្តីមន្ទីរបរិស្ថានខេត្តកណ្តាល ធ្វើឱ្យក្រុងតាខ្មៅគ្មានសំរាម គរស្អុយរលួយ ដែលសកម្មភាពទាំងនេះ គឺជាអំពើល្អដែលបានផុសចេញពីបេះដូងកូនខ្មែរ។

សូមបញ្ជាថា៖តាមរបាយការណ៍របស់អង្គការសំអាតទន្លេ សមុទ្រ ចាប់ពីឆ្នាំ២០២០ មកដល់ពេលនេះ សំរាមជាង ១៧៥០ តោនត្រូវបានប្រមូលចេញពីទន្លេ មេគង្គ ទន្លេបាសាក់ និងទន្លេសាប ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ខេត្តកណ្តាល ខេត្តសៀមរាប សកម្មភាពនេះជាអំពើល្អដែលមិនអាចកាត់ថ្លៃបានចំពោះមនុស្ស សត្វ និងធម្មជាតិ។ ថ្មីៗនេះអង្គការសំអាតទន្លេ សមុទ្រ បានចូលរួមជួយប្រមូលសំរាមក្នុងព្រះរាជពិធីបុណ្យអុំទូក អកអំបុក និងសំពះព្រះខែផងដែរ ដើម្បីរក្សានូវអនាម័យ សោភ័ណភាពដែលជាមុខមាត់របស់ខេត្តកណ្តាល និងប្រទេសជាតិយើង៕

អត្ថបទដែលជាប់ទាក់ទង