ទីបំផុត លោកជំទាវអ្នកឧកញ៉ា ម៉ៅ ចំណាន ទទួលបានការគាំទ្រជាប្រធានសមាគមសិល្បករខ្មែរ សម្រាប់អាណត្តិថ្មី

ក្នុងការបោះឆ្នោត នាព្រឹកថ្ងៃថ្ងៃព្រហស្បតិ៍ ទី០២ ខែឧសភា នេះ ដើម្បីជ្រើសរើសប្រធានសមាគមសិល្បករខ្មែរ ថ្មី សម្រាប់អាណត្តិទី៦ អតីតតារាសម្តែង លោកស្រី ម៉ៅ ចំណាន ដែលគេស្គាល់ជាទូទៅថា ស្រីតូចចំណាន ទទួលបានការគាំទ្រជាប្រធានសមាគម ដោយទទួលបានសំឡេង ៥២៧ សំឡេង ស្មើ៩៣ ភាគរយ ខណៈគូប្រជែងពីរនាក់ទៀត គឺលោក ផាត់ ដារ៉ារដ្ឋ និងលោក គួច ខេវិន មានអ្នកបោះគាំទ្រតែ២៩នាក់ (៥ភាគរយ) និង១១នាក់ (២ភាគរយ) ប៉ុណ្ណោះ ក្នុងចំណោមអ្នកចូលរួមបោះឆ្នោត៦០០នាក់ ដែលជាតំណាងសិល្បករគ្រប់ទម្រង់។

លោកស្រី ម៉ៅ ចំណាន ក្លាយជាបុគ្គលទី៥ ដែលកាន់តំណែងជាប្រធានសមាគមសិល្បករខ្មែរ បើគិតចាប់តាំងពីឆ្នាំ២០០៦មក។ លោក អៀង ស៊ីធុល បានកាន់តំណែងជាប្រធានសមាគមអាណត្តិទី១ លោក ម៉ិញ សុធីវណ្ណ បន្តអណត្តិទី២ លោក សុះ ម៉ាច គ្រប់គ្រងពីរអណត្តិជាប់គ្នា គឺទី៣ និងទី៤។ អាណត្តិទី៥ ដែលដឹកនាំដោយលោកស្រី ចន ច័ន្ទលក្ខិណា មានរយៈពេលវែងជាងគេ ដោយសារតែឆ្លងកាត់ដំណាក់កាលវិបត្តិកូវីដ-១៩ ពោលគឺតាំងពីឆ្នាំ២០១៧ រហូតដល់ពេលលោកស្រីប្រកាសលាលែង កាលពីអំឡុងខែកុម្ភៈ កន្លងមក។

លោកស្រី ម៉ៅ ចំណាន ដែលមានគោរមងារជាអ្នកឧកញ៉ា និងជាភរិយារបស់អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ត្រូវកាន់តំណែងជាប្រធានសមាគមសិល្បៈខ្មែរអាណត្តិទី៦ រហូតដល់ឆ្នាំ២០២៩៕

អត្ថបទដែលជាប់ទាក់ទង