ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់មានរៀបចំកិច្ចប្រជុំ ពិភាក្សាជម្រុញាការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តព្រះវិហារ

ខេត្តព្រះវិហារ៖នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៤ នៅសាលប្រជុំសាលាខេត្តជាន់ទី៣ មានរៀបចំកិច្ចប្រជុំ ពិភាក្សាជម្រុញាការងារចុះបញ្ជីដីធ្លីក្នុងភូមិសាស្ត្រខេត្តព្រះវិហារ ក្រោមអធិបតីភាព ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និង សុរិយោដី ឯកឧត្តម គីម រិទ្ធី អភិបាលនៃគណៈអភិបាលខេត្តព្រះវិហារ និងមានការអញ្ជើញចូលរួមពី សំណាក់ ឯកឧត្តម លោកជំទាវ ជាគណៈប្រតិភូអមដំណើរ ក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត មេបញ្ជាការ កងកម្លាំងទាំង៣ ប្រធានមន្ទីរ-អង្គភាពជុំវិញខេត្ត អភិបាល អភិបាលរង ក្រុង/ស្រុក ទាំង៨ និងមន្ត្រី ពាក់ព័ន្ធ ព្រមទាំងថ្នាក់ដឹកនាំនិងមន្រ្តីនៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ខេត្តជាច្រើនរូប។

 

ថ្លែងក្នុងកិច្ចប្រជុំ ឯកឧត្តម គីម រិទ្ធី បានឲ្យដឹងថាខេត្តព្រះវិហារមានផ្ទៃដីសរុបចំនួន ១៣.៤១៩៦៣ គីឡូម៉ែត្រការ៉េមានប្រជាពលរដ្ឋសរុបចំនួន ២៧៧.៤៦៥នាក់ ស្មើនឹង៦៦.៦៨៣ គ្រួសារ មានដង់ស៊ីតេប្រជាជន ២០នាក់ក្នុងមួយគីឡូម៉ែតការេ ចែកចេញជា១ក្រុង និង៧ស្រុក ស្មើនឹង៥១ឃុំ/សង្កាត់ និង២៣២ភូមិ។ អំពីវឌ្ឍនភាពនៃការចុះបញ្ជី ដីធ្លីក្នុងភូមិសាស្ត្រខេត្ត ឯកឧត្តមបានឲ្យដឹងថា បានចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ បានចំនួន៩៩ភូមិ លើ២៣២ភូមិ ស្មើនឹង ៤២%នៃចំនួនភូមិទូទាំងខេត្ត និងបានចេញប័ណ្ណកម្មសិទ្ធិបានចំនួន ៧០.៦៦១ប័ណ្ណ ស្មើនឹង៣៧% លើការប៉ាន់ស្មានចំនួនក្បាលដីទូទាំងខេត្ត សរុប១៨៦.៩៩០ ក្បាលដី។

 

ក្នុងនោះចែកចេញជា៣ ដំណាក់កាល ទី១តាមរយៈការអនុវត្តបទបញ្ជាលេខ០១ ពីឆ្នាំ២០១២ដល់ ឆ្នាំ២០១៣ ទី២តាម រយៈការចុះបញ្ជីដីមានលក្ខណៈជាប្រព័ន្ធ ឆ្នាំ២០១៤ ដល់ ២០២៣ និងទី៣តាមរយៈការ អនុវត្ត ផែនការរបស់ថ្នាក់ជាតិ(ចុះបញ្ជីដីធ្លី៥លានក្បាលដីទូទាំង ប្រទេស ឆ្នាំ២០២៤-២០២៥)។ នៅក្នុង ឱកាសនោះផងដែរ ឯកឧត្តមក៏បានជម្រុញដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកានៃអង្គប្រជុំទាំងអស់ សូមយកចិត្តទុកដាក់ត្រងត្រាប់ស្តាប់ នូវអនុសាសន៍ផ្តាំផ្ញើ និងគោល ការណ៍ដឹកនាំរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ដើម្បីជាមូលដ្ឋានយកទៅអនុវត្តការងារចុះបញ្ជីដីធ្លី ក្នុងភូមិសាស្ត្រខេត្តព្រះវិហារឲ្យ សម្រេចបានជោគជ័យ។

 

ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានថ្លែងថាគោលនយោបាយយុទ្ធសាស្ត្រ បញ្ចកោណរបស់រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ការងារ ចុះបញ្ជី ដីធី្លជាបញ្ហាសំខាន់ ដែលប្រមុខរាជរដ្ឋាភិបាលកម្ពុជាបានយកចិត្តទុកដាក់ខ្ពស់ ដូច្នេះសូម ជំរុញដល់ ក្រុមការងារចុះបញ្ជីដីធ្លីជូនប្រជាពលរដ្ឋ ត្រូវខិតខំបំពេញភារកិច្ចនេះឲ្យបានល្អ ត្រឹមត្រូវ និងឆាប់រហ័សស្របទៅតាមគោលការណ៍របស់រាជរដ្ឋាភិបាល។

 

ឯកឧត្តមបានបន្តថា ថ្នាក់ដឹកនាំនិងមន្រ្តីរាជការទាំងអស់បន្តបំពេញភារកិច្ចរៀងៗខ្លួន ជា ប្រក្រតីដោយជ្រោងទង់សាមគ្គីឯកភាពគ្នាផ្ទៃក្នុងឲ្យកាន់តែរឹងមាំ និងរក្សាពូនជ្រំមរតកដ៏មានតម្លៃ នានាដែលថ្នាក់ដឹកនាំជំនាន់មុនបន្សល់ទុកឲ្យ ដើម្បីចូលរួមគាំទ្រសម្រេចឲ្យបាននូវបេសកកម្មដ៏ឧត្តុង្គ ឧត្តមរបស់រាជរដ្ឋាភិបាល ស្របតាមកម្មវិធីនយោបាយ និងយុទ្ធសាស្ត្របញ្ចកោណ ដែលបានដាក់ ចេញ និងស្នើអាជ្ញាធរគ្រប់ជាន់ថ្នាក់ត្រូវធ្វើការផ្សព្វផ្សាយព្រមទាំងណែនាំ ដល់ប្រជាពលរដ្ឋត្រៀម លក្ខណៈចំពោះឯកសារពាក់ព័ន្ធក្នុងការចុះបញ្ជីដីធ្លី ជៀសវាងក្នុងកិច្ចដំណើរការទៅមានភាពយឺតយ៉ាវ ជាដើម។

 

ឯកឧត្តមបានបន្ថែមថា ដើម្បីជំរុញការចុះបញ្ជីដីតាមគោលនយោបាយ «ចុះបញ្ជីដីធ្លីបញ្ចប់ សេវាគាប់ចិត្តនិងបរិយាកាសគ្មានវិវាទ» រដ្ឋបាលខេត្តដោយមានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដី ជាសេនាធិការដោយខិតខំដោះស្រាយទំនាស់ក្រៅប្រព័ន្ធតុលាការ និងសាមគ្គី ឯកភាពផ្ទៃក្នុងទើបធ្វើឲ្យស្ថាប័នមានការរីកចម្រើន ព្រមទាំងផ្តល់ទំនុកចិត្តដល់ប្រជាពលរដ្ឋ៕

អត្ថបទដែលជាប់ទាក់ទង