ឯកឧត្តម ហេង សួរ អញ្ជើញបំពេញទស្សនកិច្ចទៅកាន់ប្រទេសសិង្ហបុរីដើម្បីពង្រឹងការអភិវឌ្ឍធនធានមនុស្សឱ្យកាន់តែស៊ីជម្រៅ
(ភ្នំពេញ)៖ ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានបំពេញទស្សនកិច្ចរយៈពេលពីរថ្ងៃ (ពីថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៤) ទៅកាន់ប្រទេសសិង្ហបុរីដើម្បីពង្រឹងការអភិវឌ្ឍធនធានមនុស្សរវាងប្រទេសប្រទេសទាំងពីរឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។ ជាដំណើរទស្សនកិច្ចដែលធ្វើឡើងតបតាមការអញ្ជើញរបស់ប្រមុខការទូតសិង្ហបុរី។
ក្នុងអំឡុងបំពេញទស្សនកិច្ចនោះដែរ ឯកឧត្តមរដ្ឋមន្រ្តី បានជួបពិភាក្សាការងារជាមួយរដ្ឋមន្ត្រីសិង្ហបុរីសំខាន់ៗចំនួនបីក្រសួង រួមមាន៖ ឯកឧត្តមបណ្ឌិត Vivian Balankrishnan រដ្ឋមន្រ្តីក្រសួងការបរទេស ឯកឧត្តម Chan Chun Sing រដ្ឋមន្រ្តីក្រសួងអប់រំ និងឯកឧត្តមបណ្ឌិត Tan See Leng រដ្ឋមន្ត្រីក្រសួងការងារ។
ក្នុងឱកាសនៃជំនួបនោះ ភាគីទាំងពីរបានផ្តោតសំខាន់លើកិច្ចសហប្រតិបត្តិការផ្នែកការងារ ផ្នែកអប់រំ បណ្ដុះបណ្ដាលវិជ្ជាជីវៈ ការអភិវឌ្ឍជំនាញ ទំនាក់ទំនងវិជ្ជាជីវៈ សុវត្ថិភាព និងសុខភាពការងាររបស់កម្មករនិយោជិត។
ក្រៅពីនេះ ឯកឧត្តម ហេង សួរ ក៏បានអញ្ជើញទស្សនាមជ្ឈមណ្ឌល Temasek Polytechnic-HRG Robotic Innovation Centre(RIC) របស់សិង្ហបុរីផងដែរ៕