មណ្ឌលគិរី៖ បន្ទាប់ពីចប់បុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរបាន២ថ្ងៃ មន្ត្រីរាជការនៃមន្ទីរខែត្រ បានប្ដឹងមេរបស់ខ្លួនគឺលោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថាន ខែត្រមណ្ឌលគិរី ទៅកាន់ ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ដោយសារការមិនពេញចិត្តដឹកនាំការងារថ្មីគឺដកមន្ត្រីក្រោមឱវាទតាមទំនើងចិត្ត។ នៅក្នុងលិខិតដែលមានចំនួន២ទំព័រនោះបានផ្ដិតមេដៃអ្នកប្ដឹងចំនួន១៩នាក់ កាលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២៥។
នៅក្នុងលិខិតរបស់ មន្ត្រីរាជការ នៃមន្ទីរបរិស្ថាន ខែត្រមណ្ឌលគិរី បានជម្រាបជូន រដ្ឋមន្ត្រី ក្រសួងបរិស្ថាន មានប្រាំចំណុចសំខាន់ៗ។ លោក ហាស់ វិបុល អតីត អនុប្រធានមន្ទីរបរិស្ថាន ខែត្រក្រចេះ ធ្លាប់បាន អភិបាល ខែត្រក្រចេះ ធ្វើលិខិតស្នើសុំដកមកបញ្ឈរជើងកាលនៅបម្រើការងារជា នាយកដែនជម្រកសត្វព្រៃ ព្រៃឡង់ ឱ្យមកនៅ មន្ទីរបរិស្ថានខែត្រ ព្រោះតែរឿងអាស្រូវបណ្ដោយឱ្យមានការដឹកជញ្ជូនឈើចេញពី ព្រៃឡង់ ដោយឥតឈប់ឈរ។
នៅក្នុង៥ចំណុច នៃពាក្យបណ្ដឹង របស់មន្ត្រីរាជការខែត្រ នោះមានដូចជាៈ
ទីមួយៈ មានការបែងចែកតួនាទីភារកិច្ចជូនថ្នាក់ដឹកនាំមន្ទីរ នាំឱ្យមានការថ្នាំងថ្នាក់ពីថ្នាក់ដឹកនាំ ដោយសារតែលោក ឌិន ប៊ុនធឿន អនុប្រធានមន្ទីរ១រូប ត្រូវទទួលបន្ទុកដឹកនាំ ដែនជម្រកសត្វព្រៃចំនួនប្រាំដែន ហើយថែមទាំងដឹកនាំ ការិយាល័យចំណេះដឹង បន្ថែមទៀត។ ក្រោយពីបានទទួលសិទ្ធិជា អនុប្រធានមន្ទីរ ទទួលបន្ទុកដែនជម្រក រួចមកលោក អនុប្រធានមន្ទីរ បានធ្វើការដោះដូរដាក់មន្ត្រីតាមទំនើងចិត្ត ដោយមិនមានកិច្ចប្រជុំឆ្លងយោបល់ពី ប្រធានការិយាល័យដែន នោះទេ។ ការដឹកនាំបែបនេះ ជាការរំលោភបំពានសិទ្ធិអំណាចរបស់ ការិយាល័យរដ្ឋបាលធនធានមនុស្ស និងហិរញ្ញវត្ថុ។
ទីពីរៈ លោកប្រធានមន្ទីរ ធ្វើសំណើទៅរដ្ឋបាលខែត្រ ស្នើសុំផ្លាស់ប្ដូរមន្ត្រីពី ការិយាល័យមួយទៅ ការិយាល័យមួយ ទាំងដែលមិនបានប្រជុំវាយតម្លៃពីថ្នាក់ដឹកនាំមន្ទីរ ទាំងដែលគាត់មិនទាន់បានស្គាល់ឈ្មោះ និងស្គាល់មន្ត្រីអស់ផង ដោយមិនស្របតាមនីតិវិធីដែលផ្ទុយពីគោលការវិភាគមុខងាររបស់ ក្រសួងបរិស្ថាន និងក្រសួងមុខងារសាធារណៈ ជាក់ស្ដែងដូចជា ករណីដកលោក ញឹម វណ្ណៈ ពីអនុប្រធានការិយាល័យដែនជម្រកសត្វព្រៃភ្នំពេ្រច លំផាត់ ឱ្យមកបម្រើការងារជា អនុប្រធានការិយាល័យគាំពារបរិស្ថាន វិញ។
ទីបីៈ ការដឹកនាំបែបចាប់កំហុសមន្ត្រីដូចជា ការចុះទៅតាមដែននីមួយៗលបទៅដោយមិនបានប្រាប់មន្ត្រី ឬប្រធានការិយាល័យដែន ដើម្បីឱ្យមានការចូលរួមជាក់ស្ដែងពេលគាត់ចុះ ដែនស្រែពក បានជួប ក្រុមហ៊ុនឃុនយ័ន្ត កំពុងសិក្សារុករករ៉ែមាស ដែលជាក្រុមហ៊ុនមានច្បាប់ ប្រធានមន្ទីរ ប្រើពាក្យថា ចុះពិនិត្យទីតាំង រ៉ែមាស អនាធិបតេយ្យ ដោយមិនបានសួរនាំព័ត៌មានពីមន្ត្រី ការិយាល័យស្រែពកណាមលៀរ ថា ក្រុមហ៊ុននោះមានច្បាប់ ឬអត់ច្បាប់ ការដឹកនាំរបៀបនេះ ហាក់បីដូចជាមន្ត្រីតាម ការិយាល័យដែន នីមួយៗមិនចង់សហការជាមួយគាត់។
ទីបួនៈ ការអនុវត្តច្បាប់មិនស្របតាម ក្រមបរិស្ថាន ជាក់ស្ដែងមានការដោះលែងជនសង្ស័យចំនួន២នាក់ និងរថយន្តសាំយ៉ុងចំនួន១គ្រឿងពាក់ព័ន្ធនឹងការដឹកជញ្ជូនសត្វព្រៃ ( សត្វពង្រូល )។
ទីប្រាំៈ ការប្រើប្រាស់មន្ត្រីមិនស្របទៅតាម ច្បាប់សហលក្ខន្ដិក មន្ត្រីរាជការស៊ីវិល ដោយមានបុគ្គលម្នាក់ពាក់ឯកសណ្ឋានមន្ត្រីឧទ្យានុរក្ស ដើរធ្វើការជាមួយមន្ត្រី ឧទ្យានុរក្ស នៅក្នុង ខែត្រមណ្ឌលគិរី ដែលមិនមែនជា មន្ត្រីឧទ្យានុរក្សក្របខណ្ឌ របស់ មន្ទីរបរិស្ថាន ខែត្រមណ្ឌលគិរី។
ម្ចាស់ករណីនៃរឿងនេះលោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថាន ខែត្រមណ្ឌលគិរី បានប្រាប់អង្គភាពយើងថា ក្រសួងបរិស្ថាន មានក្រុមការងារវិនិច្ឆយគឺ ឯកឧត្តម រដ្ឋមន្ត្រី ជាប្រធាន បើខ្ញុំខុសគឺស្ថិតក្រោមច្បាប់សហលក្ខន្ដិកមន្ត្រីរាជការ។ ក៏ប៉ុន្តែលោកក៏បានចោទជាសំណួរតបវិញថា ក្នុងនាមជាមន្ត្រីរដ្ឋបាលខែត្រមួយមានសិទ្ធិចាត់ចែង មន្ត្រីពីកន្លែងមួយទៅកន្លែងមួយ បានដែរឬទេ ?
នៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ មន្ត្រីឧទ្យានុរក្ស ម្នាក់ដែលបានចូលរួមផ្ដិតមេដៃប្ដឹងប្រធានរបស់ខ្លួនសុំមិនបញ្ចេញឈ្មោះលើកឡើងថា លោកមិនខ្លាចគេធ្វើបាបអ្វីនោះទេ គឺលោកចង់បានតែភាពត្រឹមត្រូវតែប៉ុណ្ណោះ។ លោកក៏ពុំធ្វើការបកស្រាយអ្វីនោះដែរ។ សំខាន់រឿងនោះទុកជូន ឯកឧត្តម រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ជាអ្នកសម្រេច។
ទាក់ទងនឹងរឿងខាងលើនៅរសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ អ្នកនាំពាក្យ ក្រសួងបរិស្ថាន គឺអង្គភាពយើងពុំអាចធ្វើការទំនាក់ទំនងសុំការបំភ្លឺបានទេ។
គួរបញ្ជាក់ថា លោក ហាស់ វិបុល ប្រធានមន្ទីរបរិស្ថាន ខែត្រមណ្ឌលគិរី ទើបឡើងកាន់តំណែងថ្មី កាលពីថ្ងៃទី២០ ខែមករា ឆ្នាំ២០២៥ តាមរយៈអនុក្រឹត្យ លេខ៦២ / អនក្រ. តត។ ក៏ប៉ុន្តែការឡើងធ្វើប្រធានមន្ទីរថ្មីនេះ មានប្រតិកម្មប្ដឹងតវ៉ាទៅដល់ រដ្ឋមន្ត្រី ក្រសួងបរិស្ថាន ជាសាម៉ីអង្គភាពនោះ ទំនងជាធ្វើឱ្យខូចផលប្រយោជន៍បុគ្គល។ កាលពីថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២០ លោក ហាស់ វិបុល កាលនៅជា អនុប្រធានមន្ទីរ ខែត្រក្រចេះ ត្រូវបានលោក វ៉ា ថន អភិបាល ខែត្រក្រចេះ ធ្វើលិខិតស្នើសុំដកចេញពី នាយកដែនជម្រកសត្វព្រៃ ព្រៃឡង់ ឱ្យមកបម្រើការងារនៅ មន្ទីរបរិស្ថាន ខែត្រក្រចេះ វិញក៏ព្រោះតែរឿងដឹកជញ្ជូនឈើចេញពីព្រៃឡង់ឥតឈប់ឈរ៕ 012926014