ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ចកម្ម តំណាងដ៏ខ្ពង់ខ្ពស់សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា អញ្ជើញជាអធិបតីក្នុងពិធីបិទការប្រកួតកីឡាប្រណាំងទូកប្រពៃណី “ទូកនាគ” ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកពានរង្វាន់ សម្តេចក្រឡាហោម ស ខេង លើកទី៧ ឆ្នាំ២០២០ នៅវេទិកាប្រារព្ធពិធី សួនច្បារមាត់ទន្លេ ក្រុងតាខ្មៅ ខេត្តកណ្តាល
កណ្តាលះ រសៀលថ្ងៃអាទិត្យ ៣រោច ខែមាឃ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០២១ ខ្ញុំបាទ បានចូលរួមក្នុងពិធីបិទការប្រកួតកីឡាប្រណាំងទូកប្រពៃណី “ទូកនាគ” ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកពានរង្វាន់ សម្តេចក្រឡាហោម ស ខេង លើកទី៧ ឆ្នាំ២០២០ ក្រោមអធិបតីភាព ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ចកម្ម និងជាអនុប្រធានទី១ សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងជាប្រធាន សហព័ន្ធកីឡាទូកកានូ និងរ៉ូអ៊ីងកម្ពុជានៅសួនច្បារមាត់ទន្លេក្រុងតាខ្មៅ ខេត្តកណ្តាល។
គោលបំណង នៃការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង គឺដើម្បីបំផុត និងលើកកម្ពស់ប្រភេទកីឡាទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” ទូកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ឱ្យមានសកម្មភាពនៅទូទាំងប្រទេស ជាពិសេសគឺយុវជនចូលរួមលេងកីឡា និងជៀសឆ្ងាយពីគ្រឿងញៀន ក៏ដូចជាការលើកកម្ពស់ សុខមាលភាព សមត្ថភាពកីឡាករ កីឡាការិនី សម្រាប់ចូលរួមការប្រកួតកីឡាទូកថ្នាក់ជាតិ និងថ្នាក់អន្តរជាតិ ដើម្បីឆ្ពោះទៅកីឡាស៊ីហ្គេម (SEA GAME) លើកទី៣២ ឆ្នាំ២០២៣ ដែលកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះ។
ទូកប្រពៃណីខ្នាតអន្តរជាតិ “ទូកនាគ” គឺជាទូកមានលក្ខណៈស្តង់ដារអន្តរជាតិតែមួយ ដែលទទួលស្គាល់ដោយសហព័ន្ធកីឡាទូកនាគអន្តរជាតិ សម្រាប់ចូលរួមប្រកួតជាលក្ខណៈអន្តរជាតិនានា ដូចជាថ្នាក់អាស៊ីអាគ្នេយ៍ និងពិភពលោក។
ផ្អែកតាមរបាយការណ៍របស់គណៈកម្មការរៀបចំការប្រកួត ការប្រកួតកីឡាទូកប្រពៃណីខ្នាតអន្ដរជាតិ “ទូកនាគ” ទុកកានូ-កាយ៉ាក់ និងទូករ៉ូអ៊ីង ជ្រើសរើសជើងឯកថ្នាក់ជាតិ “ពាន់រង្វាន់សម្ដេចក្រឡាហោម ស ខេង” លើកទី៧ ឆ្នាំ២០២០នាពេលនេះ មានសមាគម ប្រតិភូ គ្រូបង្វិក កីឡាករ កីឡាការី ចូលរួមចំនួន១៩ ក្រុម សរុបប្រតិភូ គ្រូបង្វិក កីឡាករ កីឡាការិនីទាំងអស់មានចំនួន ៣០០រូប កីឡាការិនី ៥៧រូប ។
ការប្រកួតអស់រយៈពេល៣ថ្ងៃនេះ អនុវត្តតាមរូបមន្ដជម្រុះ ដែលមានវិញ្ញាសារប្រកួតចំនួន ៥ គឺ៖
១.វិញ្ញាសាទូកប្រពៃណីខ្នាតអន្ដរជាតិ ចម្ងាយ ៨០០ម៉ែត្រ ផ្នែកបុរស (ចំណុះ ១២ នាក់)
២.វិញ្ញាសា ទូកប្រពៃណីខ្នាតអន្ដរជាតិ ចម្ងាយ ៥០០ម៉ែត្រ ផ្នែកនារី (ចំណុះ ១២ នាក់)
៣.វិញ្ញាសា ទូកកាយ៉ាក់ K1 ចម្ងាយ ៥០០ម៉ែត្រ
៤.វិញ្ញាសា ទូកកានូ C1 ចម្ងាយ ៥០០ម៉ែត្រ
៥.វិញ្ញាសា ទូករ៉ូអ៊ីង Rowing 1X ចម្ងាយ១ ០០០ម៉ែត្រ៕