រដ្ឋមន្រ្តីក្រសួងព័ត៌មានណែនាំឱ្យអាជ្ញាធរឃុំល្វេស្រុកកោះសូទិនបង្កើនការផ្តល់សេវា សាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

កំពង់ចាមរះ  ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មានបានណែនាំឱ្យអាជ្ញាធរឃុំល្វេស្រុកកោះសូទិនបង្កើនការផ្តល់សេវា សាធារណៈជូនប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ដើម្បីធានាផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋយកទៅប្រើប្រាស់តាមសេចក្តីត្រូវការទាន់ពេលវេលា។

ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ អគារទីស្នាក់ការ បក្ស និងសមិទ្ធផលថ្មីនានា ក្នុងឃុំល្វេ ស្រុកកោះសូទិន ខេត្តកំពង់ចាម ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន បានចាត់ ទុកសមិទ្ធផលថ្មីនេះ គឺជាការរួមចំណែកបំពេញបន្ថែមនូវចន្លោះខ្វះខាតមួយចំនួនដែលមានកន្លង មក ធ្វើយ៉ាងណាឱ្យរាល់កិច្ចការ ងាររបស់មន្រ្តី និងអាជ្ញាធរដែនដី គ្រប់លំដាប់ថ្នាក់កាន់តែខិតជិត ប្រជាពលរដ្ឋ ហើយអ្វីដែលសំខាន់ជាងនេះក៏ជាទីកន្លែងបំពេញកិច្ចការងារប្រចាំថ្ងៃ ដើម្បីអាចបានដឹងពីសុខទុក្ខរបស់ប្រជាពលរដ្ឋ រួមសហការសាមគ្គីគ្នា ជួយគ្នាទៅវិញទៅមក នៅពេលមានការលំបាកខ្វះខាត ។

ក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្រ្តីក្រសួងព័ត៌មាន បានសម្ដែងអារម្មណ៍សប្បាយរីករាយដោយបានឃើញ បងប្អូនប្រជាពលរដ្ឋទាំងអស់ដែលបានមកចូលរួម នៅក្នុងកម្មវិធីនេះ បានពាក់ម៉ាស់ទាំងអស់គ្នា ទោះបីនៅក្នុងប្រទេសកម្ពុជាយើងមិនមានអ្នក ស្លាប់ដោយសារជំងឺកូវីដ-១៩ ក៏ដោយ ប៉ុន្តែ ជាជំងឺមួយគ្រោះថ្នាក់ណាស់ ។ ដូច្នេះ បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តអនុវត្តន៍ តាមវិធានការអនាម័យរបស់ក្រសួងសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងសហគមន៍ ។

លោក សាយ ស្រ៊ាង មេឃុំល្វេ ស្រុកកោះសូទិន បាន ថ្លែងនូវអំណរគុណចំពោះ ឯកឧត្តម រដ្ឋមន្រ្តី ខៀវ កាញារីទ្ធ និងលោកជំទាវ និងថ្នាក់ដឹកនាំក្នុងក្រសួងព័ត៌មាន សប្បុរសជននានា ដែលបានផ្តល់ជាថវិកាផ្ទាល់ខ្លួនដើម្បី កសាងនូវរាល់សមិទ្ធផល នានានេះឡើងដើម្បីបម្រើជាផលប្រយោជន៍រួមសម្រាប់ ទាំង អស់គ្នា។

ឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម   បានសម្ដែងនូវការរីករាយដែល បានឃើញនូវសមិទ្ធផលថ្មីៗ កើតឡើងនៅក្នុងឃុំល្វេ សម្រាប់បម្រើជាផលប្រយោជន៍ រួម របស់មន្រ្តី ថ្នាក់ដឹកនាំឃុំ បំពេញកិច្ចការងារបានកាន់តែល្អប្រសើរឡើង បន្ថែមទៅមុខទៀត ក្នុងការបម្រើសេវាជូនប្រជាពលរដ្ឋកាន់តែមានប្រសិទ្ធភាព។ តាមរយៈនេះ ឯកឧត្តម អភិបាលខេត្តកំពង់ចាម បានក្រើនរំលឹកដល់អាជ្ញាធរដែនដី មន្រ្តីគ្រប់លំដាប់ថ្នាក់ ត្រូវធ្វើយ៉ាងណាពង្រឹងប្រសិទ្ធភាពការ ងារ បង្កើនស្មារតីអនុវត្តន៍ បំពេញកិច្ចការបម្រើសេវា ដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋ ការថែរក្សាបានភូមិ ឃុំ មានសុខសុវត្ថិភាព លើកកម្ពស់កម្រិតជីវភាពរស់នៅបានកាន់តែល្អប្រសើរឡើងជាលំដាប់។ ដូច្នេះរាល់សមិទ្ធផលដែលបងប្អូន ប្រជាពលរដ្ឋ អាជ្ញាធរដែនដីទទួល បាននាពេលនេះ គឺត្រូវធ្វើយ៉ាងណារួមគ្នាថែរក្សាឱ្យបានល្អ សម្រាប់ការប្រើប្រាស់បានយូរអង្វែង។ គួរបញ្ជាក់ដែរថា អគារ ស្នាក់ការបក្សថ្មីនេះចាប់ផ្តើមសាងសង់ នៅថ្ងៃទី៤ ខែកក្កដា ឆ្នាំ២០២០ ដោយចំណាយថវិកាអស់ប្រមាណ ជាង ៥ ម៉ឺន ៦ ពាន់ដុល្លា ៕

 

អត្ថបទដែលជាប់ទាក់ទង