ភ្នំពេញះ ព្រឹកថ្ងៃសុក្រ៨កើត ខែផល្គុន ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង៨:៣០នាទីនៅវិមានព្រឹទ្ធសភា សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតជូនលោកជំទាវ ម៉ារៀ អ៊ែមើលីតា ស៊ី. អាគីណូ ( Maria Amelita C.Aquino ) ឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីនប្រចាំនៅព្រះរាជាណាចក្រកម្ពុជាចូលជួបសវនាការសម្តែងការគួរសម។
នៅក្នុងជំនួបនេះលោកជំទាវឯកអគ្គរដ្ឋទូតបានជំរាបជូនសម្តេចភក្តីអំពីពាក្យផ្តាំផ្ញើសួរសុខទុក្ខរបស់លោកប្រធានាធិបតីហ្វីលីពីនជូនចំពោះសម្តេចប្រធានព្រឹទ្ធសភា។
លោកជំទាវក៏បានសម្តែងនូវអំណរគុណចំពោះសម្តេចប្រធានព្រឹទ្ធសភាដែលអនុញ្ញាតឲ្យមានជំនួបសវនាកានាពេលនេះ។
លោកជំទាវបានគោរពជំរាបជូនសម្តេចប្រធានព្រឹទ្ធសភាអំពីបេសកកម្មការទូតរបស់លោកជំទាវដែលផ្តោតជាសំខាន់លើការពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច ចំណងទាក់ទងល្អប្រសើររវាងប្រជាជាតិទាំងពីរ និងប្រជាជនប្រទេសទាំងពីរ ហើយជាពិសេសក្នុងសម័យកាលរីករាលដាលនៃជម្ងឺកូវីត-១៩។លោកជំទាវមានប្រសាសន៍ទៀតថាកត្តាធនធានមនុស្សគឺជាកត្តាសំខាន់ដែលត្រូវជំរុញការបណ្តុះបណ្តាលឲ្យបានខ្លាំងក្លា ព្រោះជាកត្តាដែលរួមចំណែកដល់ការអភិវឌ្ឍន៍ប្រទេសជាតិប្រកបដោយចិរភាព។ កន្លងមកហ្វីលីពីនបានផ្តល់អាហារូបករណ៍ដល់សិស្ស និសិ្សត ទៅសិក្សានៅសកលវិទ្យាល័យនៅហ្វីលីពីន មានទាំងផ្នែកវិទ្យាសាស្ត្រផងដែរ ហើយក៏បានផ្តល់ គ្រូបង្រៀនជាច្រើនុមកកម្ពុជា ហើយបច្ចុប្បន្ននេះមានប្រជាជនហ្វីលីពីនប្រមាណជាង៧០០០នាក់កំពុងរស់នៅកម្ពុជា។លោកជំទាវក៏បានសន្យានឹងស្វែងរកអាហារូបករណ៍បន្ថែមទៀតសម្រាប់ផ្តល់ឲ្យសិស្សនិសិ្សតកម្ពុជា និងសហការរៀបចំវគ្គបណ្តុះបណ្តាលផ្សេងៗទៀតជាមួយស្ថាប័នអប់រំនៅកម្ពុជា។
ចំពោះកិច្ចប្រជុំអន្តរសភានានា ដែលកម្ពុជានឹងទទួលរៀបចំក្នុងឋានៈជាម្ចាស់ផ្ទះនាឆ្នាំខាងមុខលោកជំទាវសូមសម្តែងការគាំទ្រ និងចូលរួមជួយចំពោះគ្រប់កិច្ចប្រជុំ និងការរៀបចំព្រឹត្តិការណ៍សំខាន់នៅកម្ពុជា។ហើយចំពោះព្រឹត្តិការណ៍អបអរសាទរខួបលើកទី៦០ឆ្នាំនៃទំនាក់ទំនងការទូតរវាងហ្វីលីពីន-កម្ពុជាដែលនឹងប្រព្រឹត្តទៅក្នុងឆ្នាំខាងមុខ លោកជំទាវនឹងសហការរៀបចំជាមួយសមភាគីកម្ពុជា ដើម្បីរៀបចំឲ្យបានសមស្រប។
ជាការឆ្លើយតប៖
-សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងសេចក្តីសោមនស្សរីករាយស្វាគមន៍យ៉ាងកក់ក្តៅ និងសម្តែងការអបអរសាទរចំពោះលោកជំទាវដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញនិងពេញសមត្ថភាពនៃសាធារណរដ្ឋហ្វីលីពីនប្រចាំនៅព្រះរាជាណាចក្រកម្ពុជា។
-សម្តេចមានជំនឿជឿជាក់ថាលោកជំទាវនឹងបន្តខិតខំលើកកម្ពស់ទំនាក់ទំនងកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងកម្ពុជា-ហ្វីលីពីនឲ្យកាន់តែល្អប្រសើរឡើងថែមទៀតដើម្បីជាគុណប្រយោជន៍ដ៏ធំធេងសម្រាប់ប្រជាជនប្រទេសទាំងពីទាំងពេលបច្ចុប្បន្ន និងក្នុងពេលអនាគត។
-សម្តេចសម្តែងការពេញចិត្ត និងវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនងកិច្ចសហប្រតិបត្តិការដ៏ល្អលើគ្រប់វិស័យរវាងប្រជាជន និងប្រទេសទាំងពីរ។
-ក្នុងក្របខណ្ឌកិច្ចសហប្រតិបត្តិការអាស៊ាន និងអន្តរជាតិ ប្រទេសយើងទាំងពីរបានគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាជាច្រើន។ការគាំទ្រគ្នាទៅវិញទៅមកលើឆាកអន្តរជាតិ មិនត្រឹមតែទទួលបានផលប្រយោជន៍សម្រាប់ប្រទេសទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែបានរួមចំណែកដ៏សំខាន់និងជាវិជ្ជមានដល់ការរក្សាសន្តិភាព ស្ថិរភាព សន្តិសុខ និងការអភិវឌ្ឍន៍នៅក្នុងតំបន់ និងសកលលោកផងដែរ។
-សម្តេចក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលហ្វីលីពីន ចំពោះការផ្តល់អាហារូបករណ៍ដល់សិស្ស-និស្សិត និងមន្ត្រីកម្ពុជាឲ្យបានទៅសិក្សានៅតាមសកលវិទ្យាល័យនានានៅប្រទេសហ្វីលីពីន។
-សម្តេចបានស្នើដល់លោកជំទាវឯកអគ្គរដ្ឋទូត សូមជួយចលនា និងលើកទឹកចិត្តអ្នកវិនិយោគហ្វីលីពីនមកបណ្តាក់ទុនវិនិយោគ និងជួយជំរុញការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំងពីរបន្ថែមទៀតដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចនៃប្រទេសយើងទាំងពីរឲ្យងើបឡើងវិញបានឆាប់រហ័សនៅក្រោយពេលមានការថមថយការរីករាលដាលនៃជម្ងឺកូវីដ-១៩។
-សម្តេចថ្លែងអំណរគុណចំពោះស្ថានទូតហ្វីលីពីនប្រចាំកម្ពុជា ដែលកន្លងមកបានជួយ និងរួមចំណែកលើកកំពស់ការអភិវឌ្ឍធនធានមនុស្សនៅកម្ពុជា ជាពិសេសជួយផ្តល់គ្រូបណ្តុះបណ្តាលភាសាអង់គ្លេសដល់មន្ត្រីនៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភាកម្ពុជា។
-ចំពោះព្រឹត្តការណ៍ដែលសភាកម្ពុជា នឹងធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំភាពជាដៃគូរសភាអាស៊ី-អឺរុប(ASEP)លើកទី១១ ក្នុងឆ្នាំ២០២១នេះ និងមហាសន្និបាតអន្តរសភាអាស៊ាន(AIPA)លើកទី៤៣នៅឆ្នាំ២០២២ សម្តេច សូមស្នើសុំការគាំទ្រ និងអញ្ជើញសភាហ្វីលីពីនចូលរួម៕