ក្រសួងធនធានទឹក៖ ពីថ្ងៃ១៩ដល់ថ្ងៃទី២៥ ខែសីហា ឆ្នំា២០២០ នៅកម្ពុជានឹងមានភ្លៀងធ្លាក់រាយប៉ាយពីខ្សោយទៅខ្លាំង, ខេត្តជាប់ព្រំដែនថៃ និងជួរភ្នំដងរែក សូមប្រុងប្រយ័ត្ន
ក្រសួងធនធានទឹក បានឲ្យដឹងថា តាមរយៈតាមដាននៃការវិវត្ត និងប្រែប្រួលជាបន្តបន្ទាប់នៃស្ថានភាពអាកាសធាតុ សង្កេតឃើញថា កម្ពុជាទទួលរងឥទ្ធិពល ពីជ្រលងនៃប្រព័ន្ធសម្ពាធទាប ដែលអូសបន្លាយពីប្រទេសថៃ ដោយឆ្លងកាត់ប្រទេសឡាវ និងវៀតណាម។
ខណៈនោះ ក៏មានវិសម្ពាធទាប មួយបានកើតនៅលើសមុទ្រចិនខាងត្បូង ដែលអាចវិវត្តទៅ ជាព្យុះទី៧។ ព្យុះនេះ នឹងរលាយពេលដើរចូលដល់លើភាគខាងត្បូងប្រទេសចិន នៅថ្ងៃទី ២០ ខែសីហា។ ស្ថានភាពបែបនេះធ្វើឱ្យ៖
១៖ បណ្ដាខេត្តនៅតំបន់វាលទំនាបកណ្ដាល៖
សីតុណ្ហភាពអប្បបរមាមានពី ២៥-២៧°C
សីតុណ្ហភាពអតិបរមាមានពី ៣០-៣២°C
បណ្ដាខេត្តនៅភាគកណ្ដាល និងភាគពាយ័ព្យ នឹងអាចមានភ្លៀងរាយប៉ាយនៅក្នុងកម្រិតបរិមាណ ពីមធ្យមទៅច្រើន ក្នុងនោះក៏មានផ្នែកខ្លះមានភ្លៀងធ្លាក់ខ្លាំង។ ដោយឡែក បណ្តាខេត្តដទៃទៀតអាចមានភ្លៀងពីខ្សោយទៅបង្គួរ។
២៖ បណ្ដាខេត្តនៅតំបន់ជួរភ្នំដងរែក និងខ្ពង់រាបឦសាន៖
សីតុណ្ហភាពអប្បបរមាមានពី ២៣-២៥°C
សីតុណ្ហភាពអតិបរមាមានពី ១៨-៣០°C
នឹងអាចមានភ្លៀងធ្លាក់ពីបង្គួរទៅច្រើន ក្នុងនោះ ផ្នែកមួយចំនួន នៃបណ្ដាខេត្តជាប់តំបន់ជួរភ្នំដងរែក នឹងអាចមានភ្លៀងធ្លាក់ខ្លាំង។
៣៖ បន្ទាខេត្តនៅតំបន់មាត់សមុទ្រ៖
សីតុណ្ហភាពអប្បបរមាមានពី ២៦-២៨°C
សីតុណ្ហភាពអតិបរមាមានពី ២៨-៣០°C
នឹងអាចមានភ្លៀងធ្លាក់រាយប៉ាយ នៅក្នុងកម្រិតពីខ្សោយទៅមធ្យម។
ជាមួយគ្នានេះ ក្រសួងធនធានទឹក ក៏អំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមប្រុងប្រយ័ត្នចំពោះបាតុភូត ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចនៅបន្តកើតមាន។ បណ្ដាខេត្តនៅភាគពាយ័ព្យជាប់ប្រទេសថៃ និងខេត្តជាប់ជួរភ្នំដងរែក សូមប្រុងប្រយ័ត្ន ចំពោះភ្លៀងធ្លាក់ច្រើនជាប់បន្តចាប់ពីថ្ងៃទី ២២-២៤ ខែសីហា៕