ពិធីសំណេះសំណាលជាមួយព្រះសង្ឃ សីលវន្ត សីលវតី និងមន្ត្រីរាជការ កងកម្លាំង ប្រជាការពារ យុវជន យុវនារី ជុំវិញពុទ្ធមណ្ឌល វិបស្សនាធុរៈ ភ្នំអដ្ឋរស្ស

កណ្តាល៖ ​  ព្រឹកថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២០ រដ្ឋបាលខេត្តកណ្ដាល រៀបចំពិធីសំណេះសំណាលជាមួយព្រះសង្ឃ សីលវន្ត សីលវតី និងមន្ត្រីរាជការ កងកម្លាំង ប្រជាការពារ យុវជន យុវនារី ជុំវិញពុទ្ធមណ្ឌល វិបស្សនាធុរៈ ភ្នំអដ្ឋរស្សស្ថិតក្នុងឃុំផ្សារដែក ស្រុកពញាឭ ខេត្តកណ្តាល ក្រោមអធិបតីភាពឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល ដែលពិធីនេះមានការអញ្ជើញចូលរួមពីសម្ដេចឧត្ដមមុនី ជា សំអាង ព្រះមេគុណខេត្ត មហាឧបាសិកាពុទ្ធសាសរូបត្ថម្ភស្រីមតី អគ្គធម្មចរិយាស្រីសាសនពុទ្ធ សុខ អ៊ីម ឧត្តមទីប្រឹក្សា នៃពុទ្ធមណ្ឌល វិបស្សនាធុរៈ លោកឧកញ៉ា ស្រី ចាន់ថន លោកឧកញ៉ា លឹម ប៊ុនណា ឯកឧត្ដម លោកជំទាវ សមាជិកក្រុមប្រឹក្សា ព្រះមន្ត្រីសង្ឃ មន្ទីរអង្គភាពជុំវិញខេត្ត កងកម្លាំងទាំង៣ អាជ្ញាធរមូលដ្ឋាន និងប្រជាពលរដ្ឋជាង៦០០នាក់។

មានប្រសាសន៍នាឱកាសនោះឯកឧត្ដមបណ្ឌិត ម៉ៅ ភិរុណ ប្រធានក្រុមប្រឹក្សាខេត្ត បានសម្ដែងនូវការកោតសរសើរ ចំពោះប្រជាពលរដ្ឋក្នុងស្រុកពញាឮ ក៏ដូចជាប្រជាពលរដ្ឋទូទាំងខេត្តកណ្ដាល និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានចូលរួមអនុវត្តបានល្អប្រសើរ ជាមួយរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការបង្ការ ទប់ស្កាត់ ការរីករាលដាលនៃជំងឺកូវីដ-១៩ មិនឲ្យមានការរីករាលដាលក្នុងសហគមន៍ឡើង។
មានប្រសាសន៍សំណេះសំណាលនាឱកាសនោះដែរ ឯកឧត្ដម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្ដាល បានលើកឡើងថា ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាល ដែលមានសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានធ្វើឱ្យប្រទេសជាតិរបស់យើង មានការអភិវឌ្ឍលើគ្រប់វិស័យ ទាំងវិស័យពុទ្ធចក្រ និងអាណាចក្រ។
ឯកឧត្តមបន្តថា ភាពជោគជ័យក្នុងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ គឺដោយមានការចូលរួមពីប្រជាពលរដ្ឋ និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក្នុងការផ្សព្វផ្សាយជាប្រចាំ នូវវិធានការ បង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ជាប្រចាំនៅក្នុងមូលដ្ឋានរបស់ខ្លួន ធ្វើឲ្យខេត្តកណ្ដាល មិនមានការឆ្លងរីករាលដាល នៃជំងឺកូវីដ-១៩ ចូលក្នុងសហគមន៍ឡើយ។
ឯកឧត្តមបណ្ឌិតបន្តថា ទន្ទឹមនឹងមានការចូលរួមពីប្រជាពលរដ្ឋ ក្នុងការអនុវត្ត នូវវិធានការ បង្ការ និងទប់ស្កាត់ ជំងឺកូវីដ-១៩ បានយ៉ាងល្អប្រសើរនេះ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ក៏បានចូលរួមក្នុងការផ្សព្វផ្សាយជាប្រចាំ នៅវិធានការ បង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ជាប្រចាំនៅក្នុងមូលដ្ឋានរបស់ខ្លួនរៀងៗខ្លួនផងដែរ។ បើទោះបីជាកន្លងមក ខេត្តកណ្ដាលមានការផ្ទុះនូវជំងឺកូវីដ-១៩ក្ដី តែរដ្ឋបាលខេត្ត និងមន្ទីរសុខាភិបាលខេត្ត ព្រមទាំងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ បានមានវិធានការយ៉ាងល្អ ក្នុងការបង្ការ និងទប់ស្កាត់ មិនឲ្យមានការរីករាលដាលក្នុងសហគមន៍ឡើង។
ទន្ទឹមនឹងការបង្ការ និងទប់ស្កាត់ជំងឺកូវីដ-១៩ ឯកឧត្តមអភិបាលខេត្ត ក៏បានអំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ ត្រូវខិតខំបំរើប្រជាពលរដ្ឋ ក្នុងការផ្ដល់សេវាសាធារណៈ ប្រកបដោយប្រសិទ្ធភាព ដោយប្រែក្លាយពីអ្នកត្រួតត្រា ទៅជាអ្នកផ្ដល់សេវាប្រកបដោយតម្លាភាព ប្រសិទ្ធភាព និងគណនេយ្យភាព។ ពិសេសកងកម្លាំងមានសមត្ថកិច្ច ត្រូវអនុវត្តអោយបាននូវគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាព លុបបំបាត់អោយបានចោរលួច ចោរឆក់ ចោរប្លន់ ល្បែងស៊ីសង និងបញ្ហាគ្រឿងញៀននៅក្នុងមូលដ្ឋានរបស់ខ្លួន។
ក្នុងឱកាសនោះដែរឯកឧត្តមគណៈអធិបតី ក៏បានឧបត្ថម្ភដល់ប្រជាពលរដ្ឋ ចំនួន៦១០នាក់ ក្នុងម្នាក់ទទួលបានសារុងចំនួន១ និងថវិកា៤ ម៉ឺនរៀលផងដែរ៕
អត្ថបទដែលជាប់ទាក់ទង