រដ្ឋមន្ត្រីក្រសួងការងារ៖ វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ជាវិស័យទ្រទ្រង់សេដ្ឋកិច្ច និងនាំចេញសំខាន់ជាងគេរបស់កម្ពុជា
ភ្នំពេញ៖ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ឯកឧត្តមបណ្ឌិត អ៉ិត សំហេង បានចាត់ទុក វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប ជាវិស័យទ្រទ្រង់សេដ្ឋកិច្ចដ៏សំខាន់ និងនៅតែជាវិស័យនាំចេញសំខាន់ជាងគេរបស់កម្ពុជា ដោយកំណើនប្រចាំឆ្នាំជាមធ្យមក្នុងរយៈពេល១០ឆ្នាំចុងក្រោយនេះ មានអត្រាប្រហែល១០%។ ទោះបីជាមានការធ្លាក់ចុះបន្តិចបន្តួចនៅក្នុងឆ្នាំ២០២០ បានងើបឡើងវិញបានយ៉ាងល្អក្នុងឆ្នាំ២០២១ ដោយការនាំចេញក្នុងរយៈពេល១០ខែដំបូងមានកំណើនគួរឲ្យកត់សម្គាល់ ក្នុងនោះការនំាចេញសម្លៀកបំពាក់មានទឹកប្រាក់ ៦.៥៣៨លានដុល្លារ កើនឡើង៦% ធៀបនឹងឆ្នាំកន្លងទៅ ការនាំចេញផលិតស្បែកជើងមានទឹកប្រាក់ ១.១១៣លានដុល្លារ កើនឡើង២០% ការនាំចេញផលិតផលធ្វើដំណើរមានទឹកប្រាក់ ១.១៧៩លានដុល្លារ កើនឡើង៤៩%។
ការលើកឡើងបែបនេះ របស់ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ក្នុងសន្និបាតលើកទី១៥ របស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) រៀបចំធ្វើនៅសមាគម ស្ថិតក្នុងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ នាព្រឹកថ្ងៃទី១៥ ខែមករា ឆ្នាំ២០២២ ដោយឯកឧត្តមរដ្ឋមន្ត្រី លើកបន្ថែមថា តាំងពីឆ្នាំ១៩៩៦ សមាគមមួយនេះ បានដំណើរការ ២៥ឆ្នាំកន្លងមកហើយ បានដើរតួនាទីជាតំណាងសម្លេងរួមតែមួយរបស់វិនិយោគិនក្នុងវិស័យកាត់ដេរ ការពារ និងលើកកម្ពស់សិទ្ធិ និងប្រយោជន៍ស្របច្បាប់របស់វិនិយោគិនទាំងអស់ក្នុងវិស័យនេះ និងបានបង្កើតនូវវេទិកាសម្រាប់ការប្រឹក្សាយោបល់ និងកិច្ចសន្ទនាសង្គមនានា ជាមួយគ្រប់ភាគីពាក់ព័ន្ធលើបញ្ហាជាច្រើនដែលមានផលប៉ះពាល់ជាសក្តានុពលដល់បរិយាកាសវិនិយោគទូទៅ សំដៅបង្កើតនូវស្ថានភាពមួយដែលអំណោយផលដល់កំណើននៃការនាំចេញ និងការអភិវឌ្ឍប្រកបដោយចីរភាព។ យើងពិតជាមានមោទនភាពណាស់ ដែលកន្លងមកនេះ សមាគម បានចូលរួមសហការយ៉ាងជិតស្និតជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ, ក្រសួងពាណិជ្ជកម្ម, ក្រសួង ស្ថាប័នពាក់ព័ន្ធ, អង្គការអន្តរជាតិខាងការងារ, សហជីព និងដៃគូរសង្គមនានា ដើម្បីរួមចំណែកធ្វើឱ្យសេដ្ឋកិច្ច សង្គមកម្ពុជា ទទួលបានការអភិវឌ្ឍរីកចម្រើនដូចបច្ចុប្បន្ន។
ឯកឧត្តមបណ្ឌិត អ៉ិត សំហេង ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចការងារកន្លងមកដែល GMAC បានធ្វើការសហការយ៉ាងសិ្អតរមួតជាមួយក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ រួមគ្នាអនុវត្តប្រកបដោយជោគជ័យ យុទ្ធសាស្ត្រចតុកោណ គោលនយោបាយនានា ដូចជាគោលនយោបាយជាតិស្តីពីមុខរបរ និងការងារ គោលនយោបាយជាតិស្តីពីអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ គោលនយោបាយជាតិអភិវឌ្ឍវិស័យឧស្សាហកម្ម និងក្របខណ្ឌគោលនយោបាយជាតិគាំពារ សង្គម។ ទន្ទឹមនឹងនេះ ការចូលរួមអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវ នូវកាតព្វកិច្ចនានាដែលបានចែងក្នុងច្បាប់ស្តីពីការងារ ច្បាប់ស្តីពីសហជីព ច្បាប់ស្តីពីរបបសន្តិសុខសង្គម សម្រាប់ជនទាំងឡាយណាដែលស្ថិតនៅក្រោមបញ្ញាត្តិច្បាប់ស្តីពីការងារ ច្បាប់ស្តីពីប្រាក់ឈ្នួលអប្បបរមា រួមទាំងបទដ្ឋានគតិយុត្តិនានា ពាក់ព័ន្ធនឹងវិស័យការងារផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី មានប្រសាសន៍រំលឹកថា វិស័យវាយនភណ្ឌ កាត់ដេរ ផលិតស្បែកជើង និងផលិតផលិតផលធ្វើដំណើរនិងកាបូប មានរោងចក្រ សហគ្រាស និងកម្មករនិយោជិតតិចតួច នៅពេលកម្ពុជាបានចាប់ផ្តើមបើកសេដ្ឋកិច្ចរបស់ខ្លួន និងទទួលវិនិយោគចាប់ពីឆ្នាំ១៩៩៣ និងបានបន្តកើនឡើងជាបន្តបន្ទាប់រហូតមក ជាពិសេសចាប់ពីឆ្នាំដែលកម្ពុជាទទួលបានសន្តិភាពពេញលេញដោយសារនយោបាយ ឈ្នះ-ឈ្នះ របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ហើយបន្ទាប់មកគឺនៅក្រោយឆ្នាំ១៩៩៩ ពេលដែលរាជរដ្ឋាភិបាលបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក ដោយផ្សាភ្ជាប់ពាណិជ្ជកម្មជាមួយបទដ្ឋានការងារអន្តរជាតិ។ គិតត្រឹមចុងឆ្នាំ២០២១ នេះរោងចក្រ សហគ្រាសដែលបានចុះបញ្ជីផ្លូវការក្នុងវិស័យនេះបានកើនដល់ប្រមាណជាង ១២០០ រោងចក្រ ដែលផ្តល់ការងារក្នុងប្រព័ន្ធ ដល់កម្មករនិយោជិតប្រមាណជិត១លាននាក់។
ជាក់ស្តែងនៅក្នុងឆ្នាំ ២០២១ ទឹកប្រាក់នាំចេញសរុបនៃវិស័យនេះមានប្រមាណជិត ១០ ពាន់លានដុល្លារអាម៉េរិក ឬប្រមាណ ៦៣ ភាគរយ នៃទឹកប្រាក់នាំចេញសរុបរបស់កម្ពុជា។ ដោយឡែកជីវភាពកម្មករនិយោជិត ក៏បានប្រសើរឡើងជាលំដាប់ដោយការយកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល តាមរយៈការតម្លើងប្រាក់ឈ្នួលអប្បបរមាជាបន្តបន្ទាប់។ បើគិតចាប់ពីឆ្នាំ១៩៩៧ ដល់ឆ្នាំ២០២១ រាជរដ្ឋាភិបាលបានដំឡើងប្រាក់ឈ្នួលអប្បបរមាដល់កម្មករនិយោជិតបានចំនួន ១៨លើក ដោយកើនពី ៤០ដុល្លារអាម៉េរិកសម្រាប់ឆ្នាំ១៩៩៧ ដល់ ១៩៤ដុល្លារអាម៉េរិកសម្រាប់ឆ្នាំ២០២២។ សម្រាប់ឆ្នាំ២០២២នេះ ដោយបូករួមទាំងប្រាក់រង្វាន់អតីតភាពការងារ និងប្រាក់អត្ថប្រយោជន៍ផ្សេងៗ កម្មករនិយោជិតម្នាក់ៗ អាចទទួលបានប្រាក់ឈ្នួលចាប់ពី ២១១ដុល្លារអាម៉េរិក ទៅ ២២២ដុល្លារអាម៉េរិក ក្នុងមួយខែ។ ក្រៅពីកម្មករនិយោជិតប្រមាណជិត ១លាននាក់ដែលទទួលផលផ្ទាល់ មានប្រជាពលរដ្ឋប្រមាណជាង ២លាននាក់ដែលទទួលផលដោយប្រយោលពីវិស័យនេះ។
គួរបញ្ជាក់ជូនដែរថា សន្និបាតក៏មានរៀបចំពិធីបោះឆ្នោតជ្រើសរើសគណៈកម្មាធិការប្រតិបត្តិរបស់សមាគមរោងចក្រកាត់ដេរនៅកម្ពុជា សម្រាប់អាណត្តិថ្មីឆ្នាំ២០២២-២០២៣ ផងដែរ។ ក្នុងនោះ អង្គសន្និបាត ធ្វើការបោះឆ្នោតផ្តល់សេចក្តីទុកចិត្តជូនដល់លោកឧកញ៉ា គង់ សាង ប្រធានសមាគមរោងចក្រកាត់ដេរនៅកម្ពុជា(GMAC) ជំនួសលោកឧកញ៉ា វ៉ាន់ ស៊ូអៀង ដែលទើបផុតអាណត្តិ ហើយដែលត្រូវបានគណៈកម្មការប្រតិបត្តិផ្តល់ងារជាប្រធានកិត្តិយស៕