សម្តេចប្រធានព្រឹទ្ធសភា គាំទ្រសកម្មភាពរបស់អង្គការបណ្តុះបណ្តាលវប្បធម៌ឥស្លាមគូវែត និងសមាគមប្រភពល្អកម្ពុជាដែលជាការរួមចំណែកអភិវឌ្ឍន៍ធនធានមនុស្សកម្ពុជា
ភ្នំពេញ ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតឱ្យ លោក អាស្សាអាត អាល់ហ្សាវ៉ារី ប្រតិភូតំណាង អង្គការបណ្តុះបណ្តាលវប្បធម៌ឥស្លាមគូវែត ដែលជាប្រភពម្ចាស់ជំនួយរបស់សមាគមប្រភពល្អកម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា ដោយមានការអញ្ជើញចូលរួមពីលោក ឆាយ វណ្ណា លេខាធិការគណៈកម្មការទី៥ព្រឹទ្ធសភា និងលោក តហ៊ើរ អ៊ូម៉ើរ ប្រធានសមាគមប្រភពល្អកម្ពុជាផងដែរ ។
នៅក្នុងជំនួបនាថ្ងៃទី១៧ ខែមករា ឆ្នាំ២០២២នេះ លោក អាស្សាអាត អាល់ហ្សាវ៉ារី ប្រតិភូតំណាងអង្គការបណ្តុះបណ្តាលវប្បធម៌ឥស្លាមកូវ៉ែតបានសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចវិបុលសេនាភក្តីសាយ ឈុំ ដែលបានផ្តល់ឱកាសនិងអនុញ្ញាតិឲ្យរូបលោកក៏ដូចជាថ្នាក់ដឹកនាំសមាគមបានចូលជួបសម្តែងការគួរសមនិងពិសេសសម្តែងនូវអំណរគុណយ៉ាងជ្រាលជ្រៅដល់រាជរដ្ឋាភិបាលដឹកនាំសម្តេចតេជោហ៊ុនសែន ដែលបានផ្តល់សិទ្ធិសេរីភាពលើជំនឿសាសនានិងការសម្រួលការអភិវឌ្ឃដោយអនុញ្ញាតឲ្យជំនួយបរទេសផងដែរ។
សម្តេចវិបុលសេនាភក្តី សាយ ឈុំ ក៏បានមានប្រសាសន៍កោតសរសើរនិងវាយតម្លៃខ្ពស់ ពិសេសគាំទ្រចំពោះសកម្មភាពការងារនិងសមិទ្ធផលជាច្រើនរបស់ អង្គការបណ្តុះបណ្តាលវប្បធម៌ឥស្លាមគូវែត ដែលមានសមាគមប្រភពល្អកម្ពុជាជាដៃគូរនៅកម្ពុជា ហើយបានលើកទឹកចិត្តឲ្យបន្តការងារនេះទៀតដើម្បីជាការចូលរួមអភិវឌ្ឍជាតិជាមួយគ្នាតទៀត ។
សូមជម្រាបថាលោក អាស្សាអាត អាល់ហ្សាវ៉ារី ប្រតិភូតំណាង អង្គការបណ្តុះបណ្តាលវប្បធម៌ឥស្លាមគូវែតបានកំពុងបំពេញទស្សនកិច្ចការងារនៅព្រះរាជាណចក្រកម្ពុជាចំនួន១០ថ្ងៃក្នុងបំណងទស្សនកិច្ចនិងពិនិត្យវឌ្ឍនភាពគម្រោងតាមខេត្តក្រុងនានាដែលកំពុងបន្តអនុវត្តដោយសមាគមប្រភពល្អ ហើយអំឡុងពេលទស្សនកិច្ចនេះ លោកក៏បានចូលជួបសម្តែងការងារគួរសមជាមួយថ្នាក់ដឹកនាំតាមស្ថាប័នពាក់ព័ន្ធផងដែរ ។
សូមបញ្ជាក់ទៀតថា សមាគមប្រភពល្អបានបើកដំណើរការតាំងពីឆ្នាំ១៩៩៣មកម្លេះ ដែលសមាគមបានសម្រេចស្នាដៃនិងសមិទ្ធផលនានាជាច្រើនស្កេកស្កះទូទាំងប្រទេសរួមមាន ៖ វិហារសាសនា សូរ៉ាវ អណ្ដូងទឹក សាលារៀន មន្ទីរពេទ្យ មជ្ឈមណ្ឌលសម្រាប់សិស្សានុសិស្សសិក្សារៀនសូត្រស្នាក់នៅដោយឥតគិតថ្លៃ និងគម្រោងជាច្រើនផ្សេងទៀតដែលសមាគមប្រភពល្អសម្រេចបានយ៉ាងច្រើនស្កេកស្កះ និងគម្រោងនានាជាច្រើនផ្សេងទៀតដែលសមាគមនឹងបន្តកសាងនៅឆ្នាំ២០២១នេះ ក៏ព្រោះតែប្រទេសជាតិមានសន្តិភាពទើបសមិទ្ធផលទាំងនេះអាចលេចចេញជារូបរាងបាន ៕