កណ្តាល៖ ឯកឧត្តម ឯកឧត្តម នៃ ចារី អភិបាលរងខេត្តកណ្ដាល តំណាងឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលកណ្ដាល នៃគណៈអភិបាលខេត្ត បានមានប្រសាសន៍ នៅក្នុងពិធី បញ្ចុះបឋមសិលាសាងសង់អគារប៉ុស្តិ៍រដ្ឋបាលឃុំព្រះពុទ្ធ ស្ថិតក្នុងភូមិប៊ុណ្ណា ឃុំព្រះពុទ្ធ ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល កាលពីព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២០នេះថា ប៉ុស្តិ៍រដ្ឋបាលឃុំ គឺមានសារៈសំខាន់ណាស់ ព្រោះជាកន្លែងឈរជើង របស់មន្ត្រីប៉ុស្តិ៍ ក្នុងការបំពេញការងារ ដើម្បីការពារសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈ និងរក្សាបាននូវសុខសុវត្ថិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានកាន់តែប្រសើរឡើង។
ឯកឧត្តម បានមានប្រសាសន៍បន្តថា ការបញ្ចុះបឋមសិលាសាងសង់ប៉ុស្តិ៍នគរបាលឃុំ នៅពេលនេះ គឺជាសមិទ្ធផលថ្មីមួយទៀត របស់រដ្ឋបាលឃុំព្រះពុទ្ធ ដូច្នេះក្រោយពីទទួលបានអគារប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំថ្មីនេះ មន្ត្រីនគរបាលត្រូវបន្តខិតខំលើកកម្ពស់ ការបំពេញការងារ តាមតួនាទីភារកិច្ចរបស់ខ្លួន ជាពិសេសត្រូវយកចិត្តទុកដាក់ពង្រឹងយន្តការគណៈបញ្ជាការឯកភាពស្រុកឲ្យកាន់តែមានប្រសិទ្ធភាព ដើម្បីធានាបានថាក្នុងមូលដ្ឋានរបស់ខ្លួន គឺមានសន្តិសុខសណ្ដាប់ធ្នាប់ល្អសម្រាប់ការរស់នៅប្រកបមុខរបររបស់ប្រជាពលរដ្ឋ ។
ឯកឧត្តម បានបន្ថែមថា កិច្ចការនេះមន្ត្រីប៉ុស្តិ៍គ្រប់ថ្នាក់ត្រូវអនុវត្តជាប្រចាំដូចភ្លៀងរលឹមក្នុងមូលដ្ឋានរបស់ខ្លួនត្រូវយកចិត្តទុកដាក់អនុវត្តឲ្យបាននៅគោលការណ៍ ទាំង៩ ចំណុច នៃគោលនយោបាយ ភូមិ ឃុំ មានសុវត្ថិភាពដើម្បីបង្ក្រាប និងទប់ស្កាត់បទល្មើសគ្រប់ប្រភេទឲ្យមានប្រសិទ្ធភាព និងទាន់ពេលវេលា។
ឆ្លៀតក្នុងឱកាសនោះដែរ ឯកឧត្តមអភិបាលរងខេត្ត បានធ្វើការអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវបន្តយកចិត្តទុកដាក់ក្នុងការការពារខ្លួនពីការឆ្លងរីករាលដាល នៃជំងឺកូវីដ១៩ ជាបន្តទៀត ត្រូវមានអនាម័យជាប្រចាំ ត្រូវលាងដៃជាមួយសាប៊ូ ជែល ឬអាកុលឲ្យបានញឹកញាប់ ត្រូវពាក់ម៉ាសនៅពេលដែលអ្នកចេញក្រៅ កាត់បន្ថយការជួបជុំ រក្សាគម្លាតពីគ្នា ជាពិសេសត្រូវចូលរួមអនុវត្តតាមវិធាននិងការណែនាំនានា របស់ក្រសួងសុខាភិបាល និងរាជរដ្ឋាភិបាលដែលបានដាក់ចេញ។
លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្ដាលស្ទឹង បានបញ្ជាក់ថាក្នុងស្រុកកណ្ដាលស្ទឹង មានប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំចំនួន ១៨ កន្លែង ក្នុងនោះប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដែលសាងសង់តាមស្តង់ដាររបស់ក្រសួងមហាផ្ទៃមានចំនួន ១៤ឃុំ និងប៉ុស្តិ៍នគរបាលដែលមិនទាន់សាងសង់ឡើងដោយក្រសួងមហាផ្ទៃមានចំនួន ៤ឃុំ ដោយឡែក សម្រាប់ប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំព្រះពុទ្ធ ដែលកំពុងបញ្ចុះបឋមសិលាសាងសង់ គឺសាងសង់ឡើងដោយមានការជួយឧបត្ថម្ភពីរដ្ឋបាលខេត្ត ដែលនឹងគ្រោងមានអាគា ១ ខ្នង ស្មើនឹង ៤ បន្ទប់៕