កណ្តាល៖ ថ្លែងនៅក្នុងពិធីបិទការបកួតកីឡាបាល់ទាត់ពានរង្វាន់ “ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល ឆ្នាំ២០២២” នៅកីឡដ្ឋានក្រុងតាខ្មៅ ខេត្តកណ្តាល រសៀលថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២២នេះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈអភិបាលខេត្តកណ្តាល បានប្រកាសថា ការប្រកួតពានរង្វាន់បាល់ទាត់ “ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាល នៃគណៈ អភិបាលខេត្តកណ្តាល” នឹងត្រូវរៀបចំឡើងជារៀងរាល់ឆ្នាំ (ក្នុង១ឆ្នាំម្តង ) ឱ្យស្របទៅតាមទិសស្លោក “ប្រជាជនមួយនាក់ ត្រូវមានកីឡាមួយប្រភេទ” សំដៅពង្រឹងសុខភាព សាមគ្គីភាព និងអភិវឌ្ឍន៍ស័យកីឡានៅក្នុងខេត្តកណ្តាល ឱ្យកាន់តែរីកចម្រើនជាលំដាប់ផងដែរ។
ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍ថា បច្ចុប្បន្ននេះ រដ្ឋបាលខេត្តកណ្តាលបាននឹងកំពុងយកចិត្តទុកដាក់យ៉ាងខ្លាំង ក្នុងការពង្រឹងគុណភាព នៃការរៀបចំការប្រកួត ទៅតាមស្តង់ដារកម្រិតខ្ពស់ មិនថានៅថ្នាក់ខេត្ត ឬនៅតាមបណ្តាក្រុង-ស្រុក មន្ទីរ-អង្គភាពជុំ វិញខេត្តឡើយ ដើម្បីផ្តល់ឱកាសទៅដល់យុជនក្នុងខេត្តបានចូលរួមលេងកីឡាបាល់ទាត់ ប្រកបដោយសមត្ថភាព ត្រឹមត្រូវតាមទម្រង់ និងរូបមន្តប្រកួតលក្ខណៈខ្នាតអន្តរជាតិ។
ឯកឧត្តមបានមានប្រសាសន៍បន្តថា កីឡាគឺពិតជាមានសារៈសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប កីឡាគឺមិនត្រឹមតែបានផ្ដល់ឲ្យយើងនូវសុខភាពល្អមានសាមគ្គីភាពនិងមិត្តភាពប៉ុណ្ណោះទេ ក៏ប៉ុន្តែកីឡាក៏បានផ្តល់ឱកាសទៅដល់យុវជន បំពេញនូវក្តីប្រាថ្នា ព្រមទាំងបានបញ្ចេញនូវសមត្ថភាព និងផ្តល់នូវភាពសប្បាយរីករាយ ជាចំណីចក្ខុ ដល់អ្នកចូលរួមទស្សនា និងអ្នកគាំទ្រ ជាមួយនឹងស្នាមញញឹម សម្លេងហោរកញ្ជ្រាវ បានផ្តល់នូវទំនាក់ទំនងជាសារវន្តដែលមិនអាចខ្វះបាន នៅតាមបណ្តាក្រុង-ស្រុក-ខេត្ត ពិសេសគឺបានជំរុញឱ្យប្រជាពលរដ្ឋចេះស្រលាញ់កីឡាកាន់តែខ្លាំងឡើង និងច្រើនឡើង។
ឯកឧត្តម ធុល នាង ប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទាត់ ដណ្តើមពានរង្វាន់ ឯកឧត្តម គង់ សោភ័ណ្ឌ ឆ្នាំ២០២២ និងជាប្រធានមន្ទីរការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត បានជម្រាបថា សម្រាប់លទ្ធផលផ្ដាច់ព្រាត់បន្ទាប់ពីឆ្លងកាត់ការប្រកួតជម្រុះរយៈពេលជាង ២ខែមកនេះគឺ៖ -ចំណាត់ថ្នាក់លេខ១ បានទៅ ក្រុមកីឡាបាល់ទាត់ ធី អិន កណ្ដាល អេហ្វស៊ី ដោយទទួលបានពាន១ ទង់ចំណាត់ថ្នាក់លេខ១ ចំនួន១ មេដាយមាសចំនួន ៣០ និងថវិការចំនូន ១២លានរៀល ។
-ចំណាត់ថ្នាក់លេខ២ បានទៅ ក្រុមកីឡាបាល់ទាត់យុវជនស្រុកមុខកំពូល ទទួលបានទង់ចំណាត់ថ្នាក់លេខ២ ចំនួន១ មេដាយប្រាក់ចំនួន ៣០ និងថវិការចំនួន ៨លានរៀល។
-ចំណាត់ថ្នាក់លេខ៣ បានទៅលើ ក្រុមកីឡាបាល់ទាត់យុវជនស្រុកល្វាឯម ដោយទទួលបានទង់ចំណាត់ថ្នាក់លេខ៣ ចំនួន១ មេដាយសំរិទ្ធចំនួន ៣០ និងថវិការចំនួន ៦លានរៀល និងចំណាត់ថ្នាក់លេខ៤ (TopFour) បានទៅ ក្រុមកីឡាបាល់ទាត់ យុវជនស្រុកខ្សាច់កណ្តាល ដោយទទួលបានថវិការលើកទឹកចិត្តចំនួន ៣លានរៀល។
ឯកឧត្តមបានបន្ថែមថា ក្រៅពីចំណាត់ថ្នាក់លេខ ១ដល់លេខ៤ គណៈកម្មការរៀបចំការប្រកួតក៏បានផ្ដល់ការលើកទឹកចិត្តដល់ក្រុមមានវិន័យល្អ (Fair-Play) ដែលបានទៅលើ ក្រុមកីឡាបាល់ទាត់យុវជនស្រុកល្វាឯម ដោយទទួលបានថវិការលើកទឹកចិត្តចំនួន ៣លានរៀល។
-កីឡាករដែលទាត់បញ្ចូលទីច្រើនជាងគេទទួលបាន ពាន ១ បានទៅលើកីឡាករ ឈ្មោះ អ៊ឹម សុផានិត្យ ពាក់លេខ១០ មកពីក្រុមកីឡាបាល់ទាត់ យុវជនស្រុកខ្សាច់កណ្តាល ដោយទទួលបានថវិការលើកទឹកចិត្តចំនួន ៥០ម៉ឺនរៀល។
-អ្នកចាំទីបានល្អ បានទៅលើកីឡាករឈ្មោះ នួន វាសនា ពាក់លេខ១ មកពីក្រុមកីឡាបាល់ទាត់ ធី អិន ភណ្តាល អេហ្វស៊ី ដោយទទួលបានពាន ១ និងទទួលបានថវិការលើកទឹកចិត្តចំនួន ៥០ម៉ឺនរៀល៕