សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ បានប្រកាសបន្ទាន់តាមរយៈសារពិសេសមួយ អំពីការរកឃើញជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាឡើងវិញ បន្ទាប់ពីអាក់ខាននូវការឆ្លង និងការស្លាប់ដោយជំងឺនេះរយៈពេល៥១ថ្ងៃ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅយប់ថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០២២ បានប្រកាសបន្ទាន់តាមរយៈសារពិសេសមួយ អំពីការរកឃើញជំងឺកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាឡើងវិញ បន្ទាប់ពីអាក់ខាននូវការឆ្លង និងការស្លាប់ដោយជំងឺនេះរយៈពេល៥១ថ្ងៃ។

ជាមួយនឹងវត្តមានមេរោគកូវីដ១៩ នៅក្នុងប្រទេសកម្ពុជាជាថ្មីនេះ សម្តេចតេជោ ហ៊ុន សែន បានអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ដោយបន្តអនុវត្តវិធានការសុខាភិបាល និងប្រញាប់ទៅទទួលវ៉ាក់សាំងដូសជំរុញ ក្នុងករណីដែលពលរដ្ឋមិនទាន់បានចាក់វ៉ាក់សាំងគ្រប់គ្រាន់។

តាមរយៈសារសំឡេងពិសេស សម្តេចតេជោ បានអះអាងថា វត្តមានមេរោគកូវីដ១៩ នៅកម្ពុជាជាថ្មីនេះ គឺក្រសួងសុខាភិបាល បានរកឃើញអ្នកឆ្លងក្នុងសហគម ន៍ តាមរយៈការធ្វើតេស្ត PCR មួយចំនួន ព្រមទាំងរកឃើញអ្នកដែលបានធ្វើតេស្ត PCR សម្រាប់ធ្វើទម្រង់បែបបទចេញទៅក្រៅប្រទេស និងមួយចំនួនទៀតគឺអ្នកដែលបានវិលត្រឡប់ពីក្រៅប្រទេសមកក្នុងប្រទេសវិញ។

«ដូច្នេះ អាចសន្មត់បានថា ជំងឺកូវីដ១៩ វាចាប់ផ្តើមឡើងវិញ ទោះបីជាក្នុងចំនួនតិច ហើយអាការៈមិនទាន់ធ្ងន់ធ្ងរក៏ដោយ ដូច្នេះខ្ញុំព្រះករុណាខ្ញុំសូមអំពាវនាវឱ្យប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន ទៅលើការការពារសុខភាពផ្ទាល់ខ្លួននៅគ្រប់ទីកន្លែងទាំងអស់ ត្រូវតែមានវិធានការម៉ត់ចត់ ដើម្បីបញ្ចៀសនូវការរីករាលដាលចូលទៅក្នុងសហគមន៍ ក្រុមគ្រួសារ ក៏ដូចជាស្ថាប័ននានាផងដែរ»

សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យក្រសួងសុខាភិបាល អាជ្ញាធរពាក់ព័ន្ធតាមដានចំពោះករណីនេះ ដើម្បីបញ្ចៀសនូវការរីករាលដាលដ៏ធ្ងន់ធ្ងរដែលអាចកើតមានជាយថាហេតុ នៅពេលខាងមុខ។ សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកថា នេះជាសារបន្ទាន់ បន្ទាប់ពីបានរកឃើញនូវករណីវិជ្ជមាននៅតាមទីកន្លែងមួយចំនួន។

សម្តេចតេជោ បានបន្តអំពាវនាវដល់ប្រជាពលរដ្ឋ ដែលមិនទាន់បានចាក់វ៉ាក់សាំងដូសជំរុញ ត្រូវប្រញាប់ប្រញាលទៅទទួលវ៉ាក់សាំងដែលរៀបចំដោយក្រសួងសុខាភិបាល។ សម្តេចបានបញ្ជាក់ថា បើមិនមានការប្រញាប់ប្រញាលទេនោះ ប្រទេសកម្ពុជាអាចនឹងធ្លាក់ទៅក្នុងស្ថានភាពដ៏អាក្រក់ជាមិនខាន៕

 

អត្ថបទដែលជាប់ទាក់ទង