ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការ ក្រសួងមហាផ្ទៃ តំណាងដ៏ខ្ពង់ខ្ពស់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃចូលរួមប្រកាសចូលកាន់មុខតំណែងអភិបាលរង នៃគណ:អភិបាលខេត្តកណ្ដាល
ជាមួយគ្នានោះ ឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានអានរបាយការណ៍ស្វាគមន៍ ជូនអង្គប្រជុំអំពីការអភិវឌ្ឍ និងការរីកចម្រើនក្នុងខេត្ត ដែលរដ្ឋបាលខេត្តបានខិតខំប្រឹងប្រែងកសាង និងអភិវឌ្ឍសម្រេចបានលទ្ធផលនាពេលកន្លងមក និងបានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងយកចិត្តទុកដាក់ខ្ពស់ របស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានគោរពអនុវត្តតាមគោលការណ៍ដឹកនាំចង្អុលបង្ហាញ និងរាល់ការផ្តល់នូវអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងឯកឧត្តមអគ្គបណ្ឌិត សភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកណ្តាល ប្រកបដោយប្រសិទ្ធភាព និងគណនេយ្យភាព ក្នុងការបំពេញភារកិច្ចនៅរដ្ឋបាលថ្នាក់ក្រោមជាតិ។
ឯកឧត្តម គង់ សោភ័ណ្ឌ ក៏បានក្រើនរំឮកបន្ថែមដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ ត្រូវពង្រឹងការគ្រប់គ្រងបញ្ហាគ្រឿងញៀន ទាំងវិធាន ការអប់រំ វិធានការរដ្ឋបាល និងវិធានការត្រួតពិនិត្យ ត្រូវអនុវត្តឱ្យបានជាប់ជាប្រចាំ ពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ ពង្រឹងការងារគ្រប់គ្រងនៅតាមខ្សែបន្ទាត់ព្រំដែន និងជំរុញការអនុវត្តគោល នយោបាយកំណែទម្រង់ ដែលរដ្ឋាភិបាលដាក់ចេញ ជាពិសេសបង្កើនការចូលរួមទប់ស្កាត់ នូវការរីករាលដាលជំងឺកូវីដ១៩ ដោយចុះអប់រំផ្សព្វផ្សាយ អំពីវិធានាការនានា របស់រាជរដ្ឋាភិបាលនៅមូលដ្ឋាន ដើម្បីឱប្រជាពលរដ្ឋចូលរួមយកចិត្តទុកដាក់ អនុវត្តវិធានការឱ្យបានតឹងរឹង ដោយទប់ស្កាត់ការឆ្លងរីករាលដាលបន្តនៃជំងឺកូវីដ-១៩។
នាឱកាសនោះ ឯកឧត្តម ឡាំ ជា រដ្ឋលេខាធិការក្រសួងមហាផ្ទៃបានសម្ដែងការអបអរសាទរចំពោះលោក ហាក់ សុខមករា លោក ប៊ុន ផេង លោក គ្រុយ ម៉ាឡែន និងលោក ឌឹក បូរ៉ា ដែលទទួលបានការតែងតាំងមុខតំណែងជាអភិបាលរងខេត្តកណ្ដាល។
ឯកឧត្តមរដ្ឋលេខាធិការក្រសួងមហាផ្ទៃបានសង្ឃឹមយ៉ាងមុតមាំថា លោកអភិបាលរងខេត្តកណ្ដាលនេះនឹងប្រឹងប្រែងខិតខំបំពេញតួនាទីភារកិច្ចរបស់ខ្លួនតាមរយៈចំណេះដឹង សមត្ថភាព បទពិសោធន៍ដែលមានពីមុនមកដើម្បីចូលរួមការងារដឹកនាំ គ្រប់គ្រង និងអភិវឌ្ឍន៍ខេត្តកណ្តាលឲ្យកាន់តែរីកចម្រើននិងទទួលបានសមទ្ធិផលថ្មីៗបន្ថែមទៀត។
ឯកឧត្តមស្នើឲ្យក្រុមប្រឹក្សាខេត្តកណ្ដាល អភិបាលខេត្ត អភិបាលរងខេត្ត មន្ទីរអង្គភាពនានា កងកម្លាំងប្រដាប់អាវុធនានា អភិបាលក្រុង ស្រុក ឃុំនិងសង្កាត់ព្រមទាំងប្រជាពលរដ្ឋទូទាំងខេត្តកណ្ដាលផ្ដល់ការគាំទ្រដល់លោកអភិបាលរងថ្មីទាំង៤រូបដើម្បីបន្តរួមគ្នាថែរក្សាពង្រឹងសុខសន្តិភាព ស្ថេរភាពនយោបាយ ស្ថេរភាពសង្គម សន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងខិតខំរួមគ្នាអភិវឌ្ឍន៍ខេត្តកណ្ដាលឲ្យកាន់តែមានការរីកចម្រើនលើគ្រប់វស័យ៕