អភិបាលខេត្តកណ្តាល ចុះទស្សនកិច្ចអំពីការប្រកបរបរចម្លាក់ប្រាក់ស្ពាន់ របស់ប្រជាពលរដ្ឋឃុំកោះចិន ស្រុកពញាឮ
កណ្តាល៖ ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកណ ព្រមទាំងមន្ត្រីពាក់ព័ន្ធ និងអាជ្ញាធរស្រុក នៅព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៥នេះ បានចុះទស្សនកិច្ច ស្វែងយល់អំពីការប្រកបរបរចម្លាក់ប្រាក់ស្ពាន់ របស់ប្រជាពលរដ្ឋ រស់នៅក្នុងភូមិកោះចិន ឃុំកោះចិន ស្រុកពញាឮ ។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្តាល បានបញ្ចាក់ថា ការចុះមកពិនិត្យដល់ទីតាំងផលិតចម្លាក់ប្រាក់ស្ពាន់នាពេលនេះ គឺដើម្បីស្វែងយល់អំពីសុខទុក ជីវភាពរស់នៅ ការលំបាក និងបញ្ហាប្រឈមនានារបស់បងប្អូនប្រជាពលរដ្ឋដែលកំពុងប្រកបរបរផលិតចម្លាក់ប្រាក់ស្ពាន់ សំដៅជួយផ្សព្វផ្សាយក្នុងវិស័យទេសចរណ៍ ក៏ដូចជាជួយលើកស្ទួយវិស័យចម្លាក់ប្រាក់ស្ពាន់របស់ខេត្តឲ្យកាន់តែរីកចម្រើន មានទីផ្សារ រក្សាបានវប្បធម៌កេរដំណែលពីដូនតាកុំឲ្យបាត់បង់ និងដោះស្រាយទុក្ខលំបាកនានារបស់បងប្អូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលាផងដែរ។
ឯកឧត្តមរដ្ឋមន្ត្រី និងឯកឧត្តមអភិបាលខេត្ត បានគាំទ្រ និងលើកទឹកចិត្តដល់អាជ្ញាធរ និងមន្ទីរពាក់ព័ន្ធ ត្រូវយកចម្លាក់ស្ពាន់ក្នុងស្រុកពញាឮ ដើម្បីធ្វើជាវត្ថុអនុស្សាវរីយ៍ សម្រាប់ជូនដល់ភ្ញៀវកិត្តិយសជាតិ និងអន្តរជាតិដើម្បីចូលរួមចំណែកជួយលើកស្ទួយវិស័យចម្លាក់ប្រាក់ស្ពាន់ឲ្យកាន់តែទូលំទូលាយ និងមានការរីកចម្រើនឡើងថែមមួយកំរិតទៀត។
តាមការបញ្ជាក់របស់លោក ថន សុវណ្ណា អភិបាលស្រុកពញាឮ នៅក្នុងស្រុកពញាឮ មានបងប្អូនអ្នកផលិតចម្លាក់ប្រាក់ស្ពាន់ចំនួន ១៨៩គ្រួសារ ក្នុងនេះឃុំកោះចិនមានអ្នកផលិត ចម្លាក់ប្រាក់ស្ពាន់ច្រើនជាងគេសរុបចំនួន ១៥០គ្រួសារ មាន៥ភូមិ ក្នុងនោះភូមិកោះចិនចំនួន ៧៥គ្រួសារ, ភូមិព្រែកក្តាម១ ចំនួន៤៧គ្រួសារ, ភូមិព្រែក្តាម ២ចំនួន១២គ្រួសារ, ភូមិថ្នល់បត់ចំនួន ១៣គ្រួសារ និងភូមិដងគោមចំនួន ២គ្រួសារ ស្មើនិង ៣៥៥ នាក់។ ដោយឡែកឃុំកំពង់លួងនៅភូមិពោធិតូចមានអ្នក ផលិតចម្លាក់ប្រាក់ស្ពាន់ ៣៧គ្រួសារ ស្មើនិង ៩១នាក់ និងឃុំវិហារលួងនៅភូមិសាលាកាត់សក់មានអ្នកផលិតចម្លាក់ប្រាក់ស្ពាន់ ២គ្រួសារ ស្មើនិង ២នាក់។ សម្រាប់វិស័យទេសចរណ៍ មានភ្ញៀវទេសចរណ៍មកទស្សនាការផលិតចម្លាក់ប្រាក់ស្ពាន ក្នុងមួយខែប្រមាណជាង ៦០០ ទៅ៧០០នាក់ ចំពោះខែ៥ ខែ៦ ខែ៧ មិនសូវមានភ្ញៀវទេសចរណ៍មកទស្សនាទេ៕