អភិបាលខេត្តមណ្ឌលគិរី បានព្រមានដល់អ្នកសង់សំណង់រឹងមាំតាមចិញ្ចើមផ្លូវ និងចំណីដីផ្លូវត្រូវបញ្ឈប់ជាបន្ទាន់
មណ្ឌលគិរី ៖ ពិធីបើកការដ្ឋានស្ថាបនាកំណាត់ផ្លូវជាតិលេខ៧៦ ក្នុងភូមិអូររណា និងភូមិអូរអាម ឃុំស្រែខ្ទុម ស្រុកកែវសីមា នាថ្ងៃទី១២ ឧសភា ២០២៣ លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី មានប្រសាសន៍ថា ដើម្បីឲ្យការប្រើប្រាស់ផ្លូវបានយូរអង្វែង វាមិនមែនជាបន្ទុករបស់មន្ត្រីជំនាញណាម្នាក់ទាំងស្រុងឡើយ ពោលគឺជាការចូលរួមទាំងអស់គ្នា ជាពិសេសបងប្អូនប្រជាពលរដ្ឋដែលរស់នៅអមសងខាងផ្លូវ ត្រូវចេះស្រឡាញ់ការពារ ថែរក្សាផ្លូវថ្នល់របស់យើងឲ្យបានល្អ។ មិនត្រូវលើកដីភូមិខ្ពស់ជាងផ្លូវ កុំចោលកាកសំណង់ក្នុងប្រព័ន្ឋលូ មិនត្រូវបង្ហូរទឹកកង្វក់លើផ្លូវក្រាលកៅស៊ូ ហើយដាច់ខាតកុំដឹកទំនិញលើសទម្ងន់កំណត់។ ការចូលរួមពីបងប្អូនប្រជាពលរដ្ឋ គឺជារឿងចាំបាច់បំផុតដោយមិនអាចខ្វះបាន ដូច្នេះ សូមបងប្អូនកុំមានការសាងសង់សំណង់នានាលើចិញ្ចើមផ្លូវ លើដីចំណីផ្លូវ ដោយប្តូរពីការសង់សំណង់ទាំងនោះ ទៅជាការដាំដើមឈើលម្អតាមចំនីផ្លូវ ដើម្បីបង្កើនសោភ័ណភាព ។ ការសង់សំណង់រំលោភដីចំណីផ្លូវ នៅពេលដែលរដ្ឋមានតម្រូវការពង្រីក ឬអភិវឌ្ឍន៍នៅថ្ងៃក្រោយ បងប្អូនខាតបង់ទាំងពេលវេលា និងទ្រព្យសម្បត្តិ អុីចឹងហើយ មុនសង់សំណង់អ្វីមួយ ត្រូវទាក់ទងជាមួយមន្ទីរជំនាញ អាជ្ញាធរដែនដី ដើម្បីសុំការណែនាំជាមុន ។លោក ថង សាវុន បានកោតសសើរដល់ថ្នាក់ដឹកនាំនិងមន្ត្រី នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី ដែលបានខិតខំបំពេញកិច្ចការងារថែទាំនិងស្ថាបនា ផ្លូវ បានល្អស្អាត ដែលនេះជាចំនុចមួយ អាចទាក់ទាញអ្នកទេសចរណ៏ចាប់អារម្មណ៏អញ្ជើញទៅលេងកម្សាន្តក្នុងខេត្តមណ្ឌលគិរី។លោក រស់ គីមធន មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី បានឲ្យដឹងថា ការងារស្ថាបនាកំណាត់ផ្លូវជាតិលេខ៧៦ ក្នុងស្រុកកែវសីមានេះ គឺជាគម្រោងផែនការរបស់ថ្នាក់ជាតិ ដោយប្រើប្រាស់ថវិការរបស់រដ្ឋ ចាក់ក្រាលកៅស៊ូ ប្រវែង ៤ ៥០០ម ទទឹង១០ម (DBST៧ម ចិញ្ចើមSEST ១,៥ម សងខាងនៅចន្លោះពី គ.ម៦២+៥០០ ដល់ គ.ម៦៧+០០០ ស្ថិតក្នុងស្រុកកែវសីមា ខេត្តមណ្ឌលគិរី (កំពុងអនុវត្តការងារភ្ជួរកាយបកស្រទាប់ខូចគុណភាព និងកៀរកិនបង្ហាប់បាតផ្លូវ) ។ក្រៅពីការងារស្ថាបនាឡើងវិញផ្លូវជាតិលេខ៧៦នៅស្រុកកែវសីមា ក្នុងឆ្នាំ២០២៣នេះ មន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តមណ្ឌលគិរី កំពុងស្ថាបនាស្ពានបេតុងសរសៃដែក ចំនួន ០១ កន្លែង ប្រវែង ៤៥ម ទទឹង ១០ម នៅលើផ្លូវខេត្តលេខ ៣៧៦៦ ត្រង់គ.ម៣៤+៤០០ ស្ថិតក្នុងស្រុកកោះញែក កំពុងអនុវត្តការងាររុះរើកម្រាលស្ពានដែកបេឡតិ៍ចាស់ និងកាយសម្រួលទីតាំងសាងសង់ស្ពានថ្មី ដែលអាចរួចរាល់ក្នុងពេលឆាប់ៗ ៕