អាយុមិនមែនត្រឹមជាតួលេខទេ តែបង្ហាញពីការឆ្លងកាត់បទពិសោធជាក់លាក់នៃការវិវត្តរបស់សង្គម និងចំណេះដឹងនានា

ឯកឧត្តមកិត្តិបណ្ឌិត ពេជ្រ ប៊ុនធិន គឺជាឥស្សរជនពោរពេញដោយចំណេះ ជំនាញ បទពិសោធ ប្រកបដោយឧត្តមគតិស្នេហាជាតិ។  ក្នុងជំនួបនាព្រឹកថ្ងៃទី៥ ខែតុលា នេះ លោកអ៊ំ បានផ្តល់ដំបូន្មាន និងចែករំលែកចំណេះដឹងរបស់លោកអ៊ំជាច្រើនលើវិស័យមុខងារសាធារណៈ ដោយបានពន្យល់ពីការវិវត្ត និងភាពប្រឈមរបស់រដ្ឋបាលសាធារណៈកម្ពុជាក្នុងដំណាក់កាលនីមួយៗនៃប្រវត្តិសាស្រ្ត ក្នុងនោះ (១)១៩៥៣៖ ការប្រឈមនៅក្រោយសម័យអាណានិគមនិយមបារាំង បន្ទាប់ពីការចាកចេញភ្លាមៗនៃមន្រ្តីរដ្ឋបាលបារំាង (២) ១៩៧៩៖ បញ្ហាប្រឈមក្នុងការដឹកនាំ និងគ្រប់គ្រងរដ្ឋបាលសាធារណៈនៅក្រោយសម័យខ្មែរក្រហមដែលធនធានមនុស្ស និងមន្រ្តីរាជការគ្រប់វិស័យ ត្រូវបានកាប់សម្លាប់ (៣)១៩៩៣៖ ដែលកម្ពុជាត្រូវកែសម្រួលរចនាសម្ព័ន្ធរដ្ឋ និងសមាហរណកម្មសង្គមពីគ្រប់ភាគី។

ការប្រឈមទាំងអស់នេះ និងដំណោះស្រាយជាបន្តបន្ទាប់ពិតជាទាមទារឲ្យមានភាពជាអ្នកដឹកនាំឆ្លើយតបនឹងស្ថានភាពជាក់ស្តែង ជាមួយឥរិយាបទ និងសិល្បៈក្នុងការសម្របសម្រួលប្រកបដោយភាពចាស់ទុំ រហូតទើបយើងអាចមានការវិវឌ្ឍមកដល់សព្វថ្ងៃនេះ។ ជារួមប្រព័ន្ធដឹកនាំ គ្រប់គ្រងមុខងារសាធារណៈដែលមានពេលបច្ចុប្បន្ននេះ មិនមែនកើតឡើងដោយឯកឯងនោះទេ ប៉ុន្តែដោយការលះបង់ និងកិច្ចខិតខំប្រឹងប្រែងរបស់ថ្នាក់ដឹកនាំគ្រប់ដំណាក់កាលទាំងអស់។

ចេញពីបទពិសោធដ៏ឆ្អិនឆ្អៅទាំងអស់នោះ ឯកឧត្តមកិត្តិបណ្ឌិត បានណែនាំលើការដឹកនាំ និងអភិវឌ្ឍវិស័យមុខងារសាធារណៈថាឲ្យធ្វើយ៉ាងណា ត្រូវគោរពគោលការណ៍ច្បាប់ និងចំណាយពេលវេលាពន្យល់ អប់រំ ណែនាំ  ហើយស្នើឲ្យមានការចូលរួមទាំងអស់គ្នាដើម្បីការពារផលប្រយោជន៍សាធារណៈ (ប្រទេសជាតិ) ការពារផលប្រយោជន៍ក្រសួង ស្ថាប័ន និងការពារប្រយោជន៍មន្ត្រី។

ទាំងអស់នេះ ជាពុទ្ធិ និងបទពិសោធដែលខ្វះមិនបានសម្រាប់ខ្ញុំដែលជាអ្នកដឹកនាំជំនាន់ក្រោយឲ្យឈ្វេងយល់ ហើយបន្តសិក្សា រៀនសូត្រ ពីប្រវត្តិនៃវិស័យនេះ បទពិសោធ និងទស្សនាទាននានា ដើម្បីបន្តវឌ្ឍនភាពវិស័យមុខងារសាធារណៈឆ្ពោះទៅមុខជាបន្តទៀត។

អត្ថបទដែលជាប់ទាក់ទង