ស្រុកកៀនស្វាយបានប្រារព្វពិធីអបអរសាទរថ្ងៃ៧មករាឆ្នាំ១៩៧៩.ឆ្នាំ២០២៤

ស្រុកកៀនស្វាយ៖ នៅព្រឹកថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤នេះ រដ្ឋបាលស្រុកកៀនស្វាយ បានរៀបចំមីទ្ទិញ «អបអរសាទរខួបអនុស្សាវរីយ៍លើកទី៤៥ នៃទិវាជ័យជំនះ ៧មករា(០៧ មករា ១៩៧៩- ០៧ មករា ២០២៤)» ក្រោមអធិបតីភាពឯកឧត្ដម សែ សុឃន អគ្គនាយករង នៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា តំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្ដមបណ្ឌិត គុណ ញឹម រដ្ឋមន្ត្រីប្រតិអមនាយករដ្ឋមន្ត្រី ជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងជាអនុប្រធានទី១ ក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកៀនស្វាយ ស្ថិតនៅភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្ដាល។

៧ មករា ជាថៃ្ងបុណ្យជាតិដ៏សំខាន់ ដែលជនរួមជាតិគ្រប់រូបធ្វើការរំលឹកដល់គុណបំណាច់របស់យុទ្ធជន យុទ្ធនារី ដែលបានពលីជីវិតដើម្បីរំដោះប្រទេសជាតិ និងប្រជាជនចេញពីរបបប្រល័យពូជសាសន៍ ដែលបានកាប់សម្លាប់ជាតិសាសន៍ខ្លួនឯងយ៉ាងព្រៃផ្សៃអស់ជាង ៣លាននាក់ ដែលគ្មានទេនៅក្នុងប្រវត្តិសាស្ត្រមនុស្សជាតិលើពិភពលោក”។

កាលពី៤៥ឆ្នាំមុន ប្រជាពលរដ្ឋខ្មែរគ្រប់រូប រួមទាំងកុមារតូចៗត្រូវរស់នៅក្រោមការបង្ខិតបង្ខំឱ្យធ្វើការលើសកម្លាំង គ្មានថ្ងៃឈប់សម្រាក អាហារមិនគ្រប់គ្រាន់ គ្មានមន្ទីរពេទ្យ គ្មានសាលារៀន គ្មានវត្តអារាម ហើយសិទ្ធិសេរីភាពទាំងអស់ ។ ប៉ុន្តែក្រោយពីប្រទេសជាតិត្រូវបានរំដោះ នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ប្រជាពលរដ្ឋមានសិទ្ធិសេរីភាពពេញលេញឡើងវិញ ហើយប្រទេសជាតិទាំងមូលមានសុខសន្តិភាព និងការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ ជាពិសេសត្រូវបានចាត់ទុកថ្ងៃ៧ មករា ជាថ្ងៃកំណេីតទី២។

ស្មារតី ៧ មករា មានគុណតម្លៃជាអមតៈ ទាំងក្នុងរយៈពេល ៤៥ឆ្នាំកន្លងមក និងក្នុងការបន្តដំណើរទៅមុខទៀតសម្រាប់ជាតិ និងប្រជាជនកម្ពុជា ដែលយើងត្រូវប្តេជ្ញាបន្តរួបរួមគ្នាជុំវិញរាជរដ្ឋាភិបាល ក្រោមដំបូលរដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា និងម្លប់ដ៏ត្រជាក់នៃអង្គព្រះមហាក្សត្រ ដើម្បីបន្តសម្រេចបានសមិទ្ធផលថ្មីៗទៀត៕

អត្ថបទដែលជាប់ទាក់ទង