សម្តេចរដ្ឋសភាធិបតី ឃួន សុដារី និងលោកជំទាវ ឯកអគ្គរដ្ឋទូតគុយបាវាយតម្លៃខ្ពស់ពីការចូលរួមរបស់ស្រ្តីនៃប្រទេសទំាងពីរក្នុងបុព្វហេតុសន្តិភាពនិងការអភិវឌ្ឍ
សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី និងលោកជំទាវ លីយូកា រ៉ូឌ្រីហ្គេស បារីយ៉ូ (Liurka Rodriguez Barrios) ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋគុយបាប្រចាំនៅកម្ពុជា ដែលជាស្រ្តីដូចគ្នា បានវាយតម្លៃខ្ពស់ចំពោះពលីកម្ម ភាពអង់អាចក្លាហានរបស់ស្រ្តីកម្ពុជា ក៏ដូចជាស្រ្តីគុយបា ដែលបានលះបង់និងបំពេញការងារក្នុងបុព្វហេតុសន្តិភាពនិងការអភិវឌ្ឍ។
ក្នុងឱកាសអនុញ្ញាតឱ្យ លោកជំទាវ លីយូកា រ៉ូឌ្រីហ្គេស បារីយ៉ូ ដែលត្រូវចប់អាណត្តិបេសកកម្មការទូតនៅកម្ពុជា ចូលជួបសម្តែងការគួរសមនិងជម្រាបលា នាព្រឹកថ្ងៃទី១០ ខែមករា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី បានកោតសរសើរនិងវាយតម្លៃខ្ពស់ ចំពោះលទ្ធផលបេសកកម្មការទូតរបស់លោកជំទាវ ឯកអគ្គរដ្ឋទូត ក្នុងការចូលរួមពង្រឹងពង្រីកចំណងមិត្តភាព កិច្ចសហប្រតិបត្តិការដ៏ល្អរវាងកម្ពុជានិងគុយបា ដែលមានតំាងពីយូរលុងមកហើយនោះ ឱ្យកាន់តែរីកចម្រើនឡើងជាលំដាប់។
សម្តេចប្រធានរដ្ឋសភាបានលើកឡើងពីភាពសកម្មរបស់លោកជំទាវ ឯកអគ្គរដ្ឋទូត នៅក្នុងរយៈពេលបំពេញបេសកកម្មការទូតនៅកម្ពុជាថា បានចូលរួមគ្រប់កម្មវិធីសង្គម នយោបាយ និងការងារស្រ្តី។ សម្តេចបានលើកឡើងថា ដោយសារស្ថិតនៅក្នុងស្ថានភាពប្រហាក់ប្រហែលគ្នា ស្រ្តីកម្ពុជានិងគុយបា បានក្រោកឈរយ៉ាងរឹងមាំ រួមសហការជាមួយបុរស នៅក្នុងការបំពេញការងារគ្រប់វិស័យ ដោយភាពរឹងមាំ ក្លាហាន។ សម្តេចរដ្ឋសភាធិបតី បានសង្កត់ធ្ងន់ថា ភាពលំបាកបានធ្វើស្រ្តី រឹងមាំ។