ឯកឧត្តម ឃួង ស្រេង និងលោកជំទាវ ជា ស៊ីណា ឃួងស្រេង អញ្ជើញជាអធិបតីក្រុងពាលីសាងសង់ស្ពានអាកាសភ្លោះ

(ភ្នំពេញ)៖ ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណ:អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ ជា ស៊ីណា ឃួងស្រេង នារសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៤ បានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលី តាមបែបសាសនា ដើម្បីសុំម្ចាស់ទឹកម្ចាស់ដី បានសេចក្តីសុខចំរុងចំរើន មុននឹងបើកការដា្ឋន សាងសង់ស្ពានអាកាសភ្លោះ តាមបណ្ដោយមហាវិថី សម្ដេចតេជោ ហ៊ុន សែន ប្រសព្វ និងផ្លូវជាតិលេខ២ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា និងលោកជំទាវ នៅថ្ងៃចន្ទ ទី១៧ ខែមិថុនា ឆ្នាំ២០២៤ស្អែកនេះ។

ជាប្រពៃណីទំនៀមទំលាប់ខ្មែរ មុននឹងចាប់ផ្តើមសាងសង់សំណង់ផ្សេងៗ ដើម្បីឲ្យការសាងសង់នោះប្រព្រឹត្តទៅដោយរលូន និងមានសេចក្តីសុខសេចក្តីចំរើន តែងប្រារព្ធនូវពិធីនេះឡើង មិនខនខានឡើយ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ បានឲ្យដឹងថា ស្ពានអាកាសភ្លោះ តាមបណ្ដោយមហាវិថីសម្ដេចតេជោ ហ៊ុន សែន ប្រសព្វ និងផ្លូវជាតិលេខ២ ព្រំប្រទល់រវាង រាជធានីភ្នំពេញ និងខេត្តកណ្តាល ម្ចាស់គម្រោង គឺរាជរដ្ឋាភិបាល តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដោយប្រើប្រាស់ថវិកាសាងសង់ចំនួន១៦,២០០,៥០០ដុល្លាអាមេរិក សាងសង់ដោយក្រុមហ៊ុនវិនិយោគ ទុនអណិកជនកម្ពុជា (OCIC) ដោយប្រើប្រាស់រយះពេលសាងសង់ចំនួន១២ខែ។

គម្រោងសាងសង់ស្ពានអាកាសភ្លោះនេះ ស្ពានជាប្រភេទបេតុងអាមេ (ធ្នឹមរាងអក្សរ I ) ដែលមានបណ្ដោយស្ពានសរុប ប្រវែង ៦២២ម៉ែត្រ, បណ្ដោយតួស្ពាន ២៨១ម៉ែត្រ ,ផ្លូវតភ្ជាប់ក្បាលស្ពាន ទៅមកខាងមហាវិថីសម្តេចតេជោ ហ៊ុន សែនប្រវែង ១៨០ម៉ែត្រ, ផ្លូវតភ្ជាប់ក្បាលស្ពាន ទៅមកខាងព្រលានយន្តហោះ អន្តរជាតិតេជោ ១៦១ម៉ែត្រ។

* ស្ពានទី១៖ ផ្លូវឯកទិសមានទិសដៅ តាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន ឆ្លងកាត់ផ្លូវជាតិលេខ២ ឆ្ពោះទៅកាន់អាកាសយានដ្ឋានអន្តរជាតិតេជោ។
ស្ពានទី២៖ ផ្លូវឯកទិសមានទិសដៅឆ្លងកាត់ផ្លូវជាតិលេខ២ពីអាកាសយានដ្ឋានអន្តរជាតិតេជោ ឆ្ពោះទៅកាន់ មហាវិថីសម្តេចតេជោ ហ៊ុន សែន។ ទម្ងន់ផ្ទុកអនុញ្ញាត ២៥តោន កម្ពស់សុវត្ថិភាព ៥.៥០ម៉ែត្រ (ត្រង់ចំនុចប្រសព្វផ្លូវជាតិលេខ២)៕

អត្ថបទដែលជាប់ទាក់ទង