ជាបន្តបន្ទាប់សហជីពតំណាងកម្មករនិយោជិតមួយទៀត បានចេញមុខព្រមានប្តឹងអង្គការសង់ត្រាល់ទៅកាន់ក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដើម្បីឱ្យស្ថាប័នមានសមត្ថកិច្ចទាំងពីរនេះជួយរកដំណោះស្រាយជុំវិញសកម្មភាពកកូរកកាយរបស់អង្គការសង់ត្រាល់ដែលធ្វើខុសនីតិវិធីច្បាប់អនុញ្ញាតិ។
ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅទីស្នាក់ការក្នុងរាជធានីភ្នំពេញលោក នួន នី អនុប្រធានសហភាពសហជីពការងារសន្តិភាពនិងជាអ្នកនាំពាក្យ បានព្រមានប្តឹងអង្គការសង្គមស៊ីវិលដែលទទួលជំនួយបរទេសមួយនេះទៅកាន់ក្រសួងមហាផ្ទៃ និងក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈដោយភ្ជាប់ជាមួយភស្តុតាងដែលអះអាងថាជាសកម្មភាពខុសច្បាប់។
លោក នួន នី៖ “សហភាពសហជីពការងារសន្តិភាពនឹងធ្វើពាក្យបណ្តឹងមួយភ្ជាប់ជាមួយភស្តុតាងទៅកាន់ក្រសួងមហាផ្ទៃ ដើម្បីស៊ើបអង្កេតលើរបាយការណ៍សកម្មភាព និងជំនួយរបស់អង្គការដែលទទួលជំនួយបរទេសរូបនេះ។ អង្គការសង់ត្រាល់សូមបញ្ឈប់ជាបន្ទាន់ចំពោះសកម្មភាពទាំងឡាយណាដែលរំលោភលើសកម្មភាពរបស់សហជីព”។